ពលរដ្ឋខេត្តកោះកុងដែលថាមិនទាន់បានសំណងជំរុញក្រសួងពន្លឿនការដោះស្រាយ

ពលរដ្ឋមកមានវិវាទដីធ្លី មកពីស្រុកស្រែអំបិល ខេត្តកោះកុង កាលពីថ្ងៃទី ១៧ ឧសភា

ប្រជាពលរដ្ឋជាង៣០០គ្រួសារមកពីខេត្តកោះកុង ដែលអះអាងថា មិនទាន់ទទួលបានសំណង នៅថ្ងៃនេះ បាននាំគ្នាមកតវ៉ានៅមុខក្រសួងដែនដីជាថ្មីទៀត ដើម្បីឲ្យស្ថាប័នមួយនេះ ពន្លឿន​ការ​ដោះស្រាយសំណងជូនពួកគេឲ្យបានឆាប់​។

នៅថ្ងៃនេះ ប្រជាពលរដ្ឋរស់នៅឃុំចំនួន៤ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ដែលអះអាងថា មានបញ្ហាវិវាទដីធ្លីជាមួយក្រុមហ៊ុន Koh kong Plantation Co.,Ltd និង Koh Kong Sugar Industry Co., Ltd. បាននាំគ្នាទៅប្រមូលផ្តុំនៅមុខក្រសួងដែនដី ដើម្បីជំរុញឲ្យស្ថាប័ននេះ ពន្លឿន​​ការបញ្ហាដីធ្លីរបស់ពួកគាត់ ដូចពលរដ្ឋជាង៣០០គ្រួសារទៀត ដែលទើប​ទទួល​បាន​ដំណោះ​ស្រាយ។

ពលរដ្ឋម្នាក់ អ្នកស្រី  ធឹម ស្រីផាត រស់នៅឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង លើក​ឡើង​ថា ពួកគាត់ជម្លោះដីធ្លីជាមួយក្រុម​ហ៊ុនស្ករអំពៅចាប់តាំងពីឆ្នាំ២០០៦មកម្លេះ។ អ្នកស្រី​បន្ត​ថា កន្លងមក ពួកគាត់មិនបាននាំ គ្នាធ្វើការតវ៉ា ដោយសារអាជ្ញាធរខេត្តអះអាង ថានឹង​ដោះ​ស្រាយ​ឲ្យពួកគាត់ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ អាជ្ញាធរមិនបានដោះស្រាយនោះទេ។

អ្នកស្រី ពួកគាត់ឡើងមកក្រសួងដែនដីនៅថ្ងៃនេះ ដើម្បីក្រសួងពន្លឿនការដោះស្រាយបញ្ហា​ដីធ្លីឲ្យពួកគាត់ ខណៈជម្លោះដីនេះបានអូសបន្លាយជាង១០មកហើយនោះ។

ក្រោយពីមានការតវ៉ានេះ ក្រសួងបានចាត់ឲ្យពលរដ្ឋ១០រូប ចូលជួបជា​មួយប្រធាន​គណៈកម្មការដោះស្រាយ​ដីធ្លីនៃក្រសួងរៀបចំដែនដី លោក ទេព ធន។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីលោក ទេព ធន និងអ្នកនាំពាក្យ​ក្រសួងដែន​ដីបាននៅ​ឡើយទេរហូតដល់ម៉ោងផ្សាយនេះ។

ប៉ុន្តែ តំណាងពលរដ្ឋម្នាក់អ្នកស្រី គុច សុគន្ធ ដែលបានចូលជួបជាមួយ​ប្រធានគណៈកម្មការ​ដោះស្រាយដីធ្លីនៃក្រសួងរៀបចំដែនដី លើកឡើងថា អ្នកស្រីមិនមានសង្ឃឹមថាក្រសួងនឹង ធ្វើការដោះស្រាយឲ្យពួកគាត់នោះទេ។

អ្នកស្រី ព្រមានថា បើសិនក្រសួងដែនដី មិនពន្លឿន​ការដោះ​ស្រាយ ពួកគាត់ទាំងអស់គ្នា​នឹងបោះ​តង់​ដេក​នៅមុខ​ក្រសួងនេះ រហូត​មានដំណោះស្រាយ​។

ការផ្ទុះការតវ៉ារបស់ពលរដ្ឋទាំងនោះ ធ្វើឡើងក្រោយពីក្រសួងរៀប​ចំដែន​ដី ​បាន​សម្រេចកាត់​ដី​​ទំហំ​​ប្រមាណ៨២៥ហិចតា ចេញពីក្រុមហ៊ុនស្ករអំពៅក្នុងខេត្តកោះកុង យកទៅ​ឲ្យ​ប្រជាពលរដ្ឋ​មួយក្រុមផ្សេងទៀត ចំនួន៣៧៥គ្រួសារ និងសម្រចឲ្យ​ក្រុមហ៊ុនផ្តល់​សំណង​ជា​ទឹក​ប្រាក់ ២៥០០ដុល្លារក្នុងមួយគ្រួសារ ដល់ពលរដ្ឋចំនួន១៧៥គ្រួសារ ដើម្បីបញ្ចប់រឿងកាល​ពីថ្ងៃទី២២​ខែមីនាឆ្នាំ២០១៨។

ក្នុង​គេហទំព័រ​ «ពហិកាស្ករ​ឈាម» (boyscottbloodsugar.net) បាន​ឲ្យ​ដឹងថា នៅ​ខែ​សី​ហា​ឆ្នាំ​២០០៦ ក្រសួង​​កសិកម្មបាន​សម្រេច​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​ឲ្យ​​ក្រុម​ហ៊ុនកោះ​កុង​ផ្លេន​ថេសិន និង​កោះ​កុង​ស៊ូហ្គ័រ​ ធ្វើ​ឧស្សាហកម្ម​ស្ករ​អំពៅ​នៅ​លើ​ដី​ជិត២ម៉ឺន​ហិកតា ក្នុង​ស្រុក​បុទុម​សាគរ និង​ស្រុក​ស្រែ​អំបិល​ក្នុង​ខេត្ត​កោះ​កុង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ