ជើងទីមួយ៖ ក្រុមភ្ញៀវកម្ពុជា ២-២ ម្ចាស់ផ្ទះចិនតៃប៉ិ

ក្រុមជម្រើសជាតិកម្ពុជានិងក្រុមជម្រើសជាតិចិនតៃប៉ិ (រូបភាពពី CamSport)

ក្រោយការប្រកួតជម្រុះយ៉ាងស្វិតស្វាញរយៈពេល៩០នាទីដើម្បីដណ្តើមកៅអីជើងទី១នៃក្របខណ្ឌសហព័ន្ធបាល់ទាត់អាស៊ីឆ្នាំ២០១៩ ឬ 2019 AFC Asian Cup រវាងក្រុមជម្រើសជាតិកម្ពុជានិងក្រុមជម្រើសជាតិចិនតៃប៉ិដែលជាម្ចាស់ផ្ទះ បានបញ្ចប់ទៅជាមួយលទ្ធផល២-២នៅឯពហុកីទ្បាដ្ឋានជាតិតៃប៉ិក្នុងទីក្រុង កៅស៊ូង។

ក្នុងតង់ទី១មានការស៊ុតបញ្ចូលទីជាច្រើនគ្រាប់រវាងក្រុមទាំង២ ដោយក្រុមជម្រើសជាតិចិនតៃប៉ិរកគ្រាប់បាល់បាន១គ្រាប់នាំមុខមុនដោយកីទ្បាករ Chih-Hao Wen នៅនាទីទី៦ ហើយកីទ្បាករ កែវ សុខផេង បានជួយឲ្យក្រុមជម្រើសជាតិកម្ពុជាតាមស្មើវិញនៅនាទីទី៨។ ការប្រកួតបានបន្តមកដល់នាទីទី២២ដោយក្រុមជម្រើសជាតិចិនតៃប៉ិរកគ្រាប់បាល់បាន១គ្រាប់បន្ថែមទៀតដោយកីទ្បាករ Po-liang Chen ប៉ុន្តែកីទ្បាករ ឈិន ឈឿន បានបន្ថែម១គ្រាប់ទៀតសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ដែលធ្វើឲ្យការប្រកួតតង់ទី១បញ្ចប់ ដោយលទ្ធផលបណ្តោះអាសន្ន២-២។

ចំណែកឯក្នុងតង់ទី២វិញ គេសង្កេតឃើញមានការប៉ុនប៉ងស៊ុតបញ្ចូលទីគ្នាជាច្រើនគ្រាប់តែមិនបានសម្រេច រួមទាំងបាល់ពិន័យ១១ម៉ែត្រពីកីទ្បាករកម្ពុជា ចាន់ វឌ្ឍនាកា នៅក្នុងនាទីទី៥៥ តែត្រូវបានអ្នកចាំទីរបស់ក្រុមជម្រើសជាតិចិនតៃប៉ិជួយសង្រោះបាន។ ភ្លាមៗនោះក៏មានការពិន័យកាតក្រហមទៅលើសមាជិកប្រធានក្រុមជម្រើសជាតិកម្ពុជា ធារី ចន្ថាប៊ីន នៅនាទីទី៥៦។

ក្រុមជម្រើសជាតិកម្ពុជាបានប្តូរទម្រង់លេងជាលក្ខណៈការពារដោយសារតែសល់សមាជិកចំនួន១០នាក់ទល់ជាមួយនឹងជាមួយសមាជិក១១នាក់នៃក្រុមជម្រើសជាតិចិនតៃប៉ិដែលលេងសម្រុកប៉ុនប៉ងស៊ុតបញ្ចូលទីជាច្រើនលើក តែគ្នានសំណាង។

ការប្រកួតបានប្រព្រឹត្តទៅយ៉ាងក្តៅគគុក ដោយមានការប្រទាញប្រទាក់គ្នារវាងក្រុមទាំង២ ជាចុងក្រោយការប្រកួតបានបញ្ចប់ទៅក្នុងលទ្ធផល២-២ដដែល ដោយមានការពិន័យកាតក្រហមមួយទៀតទៅលើកីទ្បាករ Chih-Hao Wen ក្នុងនាទីទី៧២។

ការប្រកួតជើងទី២រវាងក្រុមជម្រើសជាតិកម្ពុជានិងក្រុមជម្រើសជាតិចិនតៃប៉ិនឹងធ្វើទ្បើងនៅថ្ងៃទី៧ ខែមិថុនា នេះនៅឯពហុកីទ្បាដ្ឋានជាតិអូទ្បាំពិចក្នុងទីក្រុងភ្នំពេញដើម្បីធ្វើការកំណត់ថាក្រុមមួយណានឹងមានសំណាងបានឈានទៅប្រកួតក្នុងក្របខណ្ឌ 2019 AFC Asian Cup នៅសហព័ន្ធអារ៉ាប់រួម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ