លោក ហ៊ុន សែន​ បន្ដលើកពី «សង្គ្រាម» នៅថ្ងៃឃោសនាចុងក្រោយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកដៃស្វាគមន៍អ្នកគាំទ្រ នៅក្នុងយុទ្ធនាការបោះឆ្នោតក្នុងឆ្នាំ២០១៧

លោកនាយករដ្ឋមន្ដ្រីប្រាប់អ្នកគាំទ្ររបស់លោកថា កាលពីសម័យសង្គ្រាម គឺគេមិនអាចយក «សង្គ្រាមដើម្បីបញ្ចប់សង្គ្រាមបានទេ» ប៉ុន្ដែលោកបែរជាព្រមានថា ពលរដ្ឋត្រូវបន្ដបោះឆ្នោតឲ្យគណបក្សប្រជាជន បើមិនចង់ភ្លក់រស់ជាតិសង្គ្រាមបន្ដទៀត។

នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតចុងក្រោយ នាថ្ងៃទី២មិថុនាឆ្នាំ២០១៧នេះ នៅរាជធានីភ្នំពេញ​ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន រំលឹកប្រាប់អ្នកគាំទ្ររបស់លោកពីស្នាដៃនានា ដែលគណបក្សកាន់អំណាចបានកសាង ចាប់តាំងពីការដួលរំលំរបបខ្មែរក្រហម រហូតដល់ទទួលបានសន្ដិភាពនៅឆ្នាំ១៩៩៨ ដោយលោកថា នៅសម័យសង្គ្រាមនោះគឺ «មិនអាចយកសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមបាននោះទេ»។

លោកថា៖ «ក្រោយពីការដួលរលំនៃរបប ប៉ុល ពត យើងក៏បានប្រឹងប្រែង ដើម្បីស្វែងដំណោះស្រាយ បញ្ហានយោបាយកម្ពុជា​ ខ្ញុំគ្មានជំនឿទាល់តែសោះថា មិនអាចយកសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមបាននោះទេ កិច្ចខិតខំប្រឹងប្រែងរបស់យើង ត្រូវបានជួបប្រទះជាមួយនឹងបំណងប្រាថ្នារបស់សម្ដេចព្រះនរោត្តមសីហនុ បានបង្កើតឲ្យមានជំនួប២ធ្នូ១៩៨៧ […]នេះ ជាកិច្ចខិតខំរបស់យើង នៅក្នុងដំណើរផ្លូវដ៏វែងឆ្ងាយ ដើម្បីស្វែងរកសន្ដិភាពសម្រាប់កម្ពុជា»។

បន្ទាប់ពីរំលឹកនូវកត្តាប្រវត្តិសាស្ដ្រ ដែលថា នាំឲ្យគណបក្សប្រជាជនអាចនាំយកសន្ដិភាពនិងការអភិវឌ្ឍជូនជាតិមាតុភូមិនេះ លោកនាយករដ្ឋមន្ដ្រីបែរជាលើកឡើងថា បើសិនពលរដ្ឋមិនចង់ភ្លក់រស់ជាតិសង្គ្រាម និងការវិលត្រឡប់នៃរបបខ្មែរក្រហមទេនោះ លោកថា ត្រូវបោះឆ្នោតជូនគណបក្សលោកបន្ដទៀត។

លោកនាយករដ្ឋមន្ដ្រីធ្លាប់បានថ្លែងដដែលៗថា លោកនឹងធ្វើសង្គ្រាម ដើម្បីរក្សាសន្ដិភាព ទោះក្នុងតម្លៃណាក៏ដោយ ដោយថា កម្ពុជាមានសង្គ្រាម បើសិនគណបក្សប្រជាជនចាញ់ឆ្នោត។

នៅថ្ងៃឃោសនាបោះឆ្នោតចុងក្រោយនេះដែរ លោក ហ៊ុន សែន ក៏ថ្លែងព្រមានបក្សប្រឆាំងថា កុំចង់ដណ្ដើមអំណាចពីលោក ដោយថា បើផ្ទេរអំណាច ​គឺមានតែផ្ទេរឲ្យកូនចៅគណបក្សប្រជាជន មិនមែនគណបក្សប្រឆាំងទេ។

សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយលោក សូរ ចន្ថា យល់ថា សារគំរាមសង្គ្រាមនេះ ជាយុទ្ធសាស្ដ្រដដែលៗ ដែលលោកថា គណបក្សកាន់អំណាចចាត់ទុកជាយុទ្ធសាស្ដ្រល្អបំផុតតែមួយគត់ ដើម្បីបំបាក់ទឹកចិត្តពលរដ្ឋ និងស្វែងរកការគាំទ្រ មុនការបោះឆ្នោត។

លោក សូរ ចន្ថា ក៏ទទូចឲ្យគណបក្សនយោបាយទាំងអស់ ពិសេសបក្សកាន់អំណាចគួរគោរពតួនាទីកាតព្វកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនក្នុងអំឡុងពេលបោះឆ្នោត និងត្រូវប្រកួតប្រជែងដោយស្មើភាព តាមរយៈគោលនយោបាយ ជាជាងលើកតែពីសង្គ្រាម ដែលនាំឲ្យវិនាសហិនហោចដល់ប្រទេសជាតិ។​

ក្នុងព្រះរាជសារមួយ ដែលព្រះមហាក្សត្រចុះហត្ថលេខាកាលពីខែកុម្ភៈឆ្នាំ២០១៧ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់​អាណត្តិ​ទី​៤ ដោយគ្មានការភិតភ័យ ឬទទួលគំនាបពីគណបក្សណាមួយឡើយ។

កាលពីខែឧសភាឆ្នាំ២០១៧កន្លងទៅ សមាជិកសភាសហរដ្ឋអាមេរិកចំនួន៣រូប ដែលធ្វើការលើបញ្ហាកម្ពុជា និងសមាជិកសភាអាស៊ាន បានបង្ហាញក្ដីព្រួយបារម្ភរបស់ពួកគេ បន្ទាប់ពីលោក ហ៊ុន សែន ព្រមានច្រើនដងពីរឿងសង្គ្រាមនៅកម្ពុជា ខណៈការបោះឆ្នោតឃុំសង្កាត់នឹងមកដល់នៅថ្ងៃទី៤មិថុនាខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ