គ.ជ.ប ទទួលបានបណ្តឹងចំនួន៧៨ពីបក្សនយោបាយ ក្នុងការឃោសនាបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) បានឲ្យដឹងថា រយៈពេល១៤ថ្ងៃ​នៃ​ការ​ឃោសនា​​បោះឆ្នោត​ឃុំសង្កាត់ គ.ជ.ប ទទួលបាន៧៨បណ្តឹង ពីគណបក្សនយោបាយ​នៅទូទំាង​រាជ​ធានី-ខេត្ត។

ពាក្យបណ្តឹងទំាងនោះរួមមាន ៥៣បណ្តឹងមកពីបក្សប្រជាជនកម្ពុជា ២០បណ្តឹងមកពីបក្សសង្គ្រោះជាតិ ១បណ្តឹង​​មកពី​បក្សហ្វ៊ុន​ស៊ិនប៉ិច ៤បណ្តឹងមកពីពលរដ្ឋ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមូយភាគីពាក់ព័ន្ធនៅថ្ងៃទី២ខែមិថុនានេះ ប្រធានសេវាកម្មច្បាប់ វិវាទកម្មនៃ​គណកម្ម​ធិ​ការ​​ជាតិរៀបចំការបោះឆ្នោត លោក កែវ ផល្លា ថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្នុង​ចំណោម​៧៨បណ្តឹង ដែល គ.ជ.ប ទទួលបានពីបក្សនយោបាយ ​មិនមានរឿង​អ្វីកើតឡើង​ធ្ងន់ធ្ងរ​នោះទេ ដោយថា​ពាក្យ​បណ្តឹងភាគច្រើនទាក់ទង​នឹង​ការមិនគោរពផែន​ការហែក្បួន បណ្តឹង​ការជេរ​ប្រមាថ​ ​ការ​ហែ​ក្បួន​ខុស​​ពីការ​​ជូន​ដំណឹងសុំអាជ្ញាធរ​ជាដើម។

ទោះជាយ៉ាងណាលោក កែវ ផល្លា បញ្ជាក់​ថា ពាក្យបណ្តឹងទំាង៧៨នោះ ត្រូវ​បាន​គណៈកម្មការឃុំសង្កាត់​ រៀបចំការបោះឆ្នោតដោះស្រាយ​បាន៦៨ នៅសល់១០បណ្តឹងគណៈកម្មការឃុំសង្កាត់ កំពុងដោះ​ស្រាយ​នៅឡើយ ដោយថា បណ្តឹងទំាងនេះ គ.ជ.ប នឹងដោះស្រាយឲ្យចប់ត្រឹមថ្ងៃទី២៥មិថុនាខាងមុខ​នេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ខែឧសភាឆ្នាំ២០១៧ សកម្មជន​បក្ស​កាន់​អំណាច​នៅ​ស្រុក​កោះ​អណ្តែត ខេត្ត​តាកែវបាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ គ.ជ.ប. ប្ដឹងសកម្មជន​បក្ស​ប្រឆាំងលោក កែវ អ៊ាត និង​សកម្មជន​​១៥​នាក់​​ទៀត ដោយ​ចោទ​សកម្មជន​ប្រឆាំងបានរារាំងការហែក្បួនរបស់ពួកគេ។ នៅក្នុងពាក្យបណ្ដឹង​សកម្មជន​បក្ស​កាន់​អំណាច ទាម​ទារ​សំណង​ខូច​ខាត ២០​លាន​រៀល​ក្នុង​ម្នាក់ៗ ទាមទារ​ឲ្យ​ផ្ដន្ទា​ទោស​ក្រុម​សកម្មជន​បក្ស​ប្រឆាំង និង​ប្ដឹង​ឲ្យ​លុប​ឈ្មោះ​លោក កែវ អ៊ាត និង​សកម្មជន​ដទៃ​ទៀត ពី​បញ្ជី​បោះឆ្នោត។ ប៉ុន្តែសកម្មជនបក្សប្រឆាំងបានប្តឹងបកវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ