អ្នកតាមដានរំពឹងថាពលរដ្ឋនឹងទៅបោះឆ្នោតច្រើន ទោះមានសារគំរាមពីមន្ដ្រីរដ្ឋាភិបាល

ក្រុមអ្នកតាមដានការបោះឆ្នោតរំពឹងថា ពលរដ្ឋកម្ពុជាក្នុងចំនួនច្រើននឹងចេញទៅបោះឆ្នោត ទោះបីមានសារគំរាមជាញឹកញាប់ពីមន្ដ្រីរដ្ឋាភិបាល មុនការបោះឆ្នោតក៏ដោយ។

ក្នុងសន្និសិទសារព័ត៌មានមួយ ធ្វើឡើងនៅអង្គការខុមហ្វ្រែល រាជធានីភ្នំពេញ​​ នាថ្ងៃសុក្រនេះ ស្ដីពី «ការវាយតម្លៃស្ថានភាព មុនថ្ងៃបោះឆ្នោតជ្រើសរើសឃុំសង្កាត់ និតីកាលទី៥» ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋដើម្បី​អភិវឌ្ឍន៍និង​សន្តិ​ភាព លោក យង់ គិមអេង មានប្រសាសន៍ថា តាមការសង្កេតជាទូទៅ បរិយាកាសនយោបាយ និងសន្ដិសុខ មុនការបោះឆ្នោត មិនមានបញ្ហាចោទប៉ុន្មានទេ។ ប៉ុន្ដែលោកថា អង្គការសង្គមស៊ីវិលមានការព្រួយចំពោះសារនយោបាយបំភិតបំភ័យពលរដ្ឋ ពីសំណាក់មន្ដ្រីរដ្ឋាភិបាលមួយចំនួន។

លោកថា៖ «បរិយាកាសឃោសនា តាមការសង្កេតជាទូទៅ បរិយានយោបាយ និងសន្ដិសុខ មិនមានអំពើហិង្សាធ្ងន់ធរទេ។ ប៉ុន្ដែមានការប្រើប្រាស់សារនយោបាយរបស់មន្ដ្រីរដ្ឋអំណាចជាន់ខ្ពស់មួយចំនួន ដែលនាំឲ្យមានព្រួយបារម្ភ និងភ័យខ្លាចដល់ប្រជាពលរដ្ឋ»។

ក្នុងសន្និសីទនេះ នាយកប្រតិបត្ដិអង្គការខុមហ្វ្រែលលោក គល់ បញ្ញា លើកឡើងថា ការថ្លែងសារនយោបាយរបស់គណបក្ស ជាសិទ្ធិរបស់ពួកគេ ដោយលោកថា មានអ្នកនយោបាយខ្លះ ថ្លែងសារបែបគំរាមកំហែង និងធ្វើឲ្យពលរដ្ឋថប់អារម្មណ៍។ យ៉ាងនេះក្ដី លោកថា ពលរដ្ឋនឹងវាយតម្លៃលើគោលនយោបាយ និងសារនយោបាយទាំងនោះ តាមរយៈការបោះឆ្នោតជ្រើសរើសបេក្ខជនគណបក្ស ដែលពួកគេស្រឡាញ់ និងគិតថា អាចជួយដោះស្រាយបញ្ហាជូនពួកគាត់។

លោកថា៖ «ការឃោសនាបោះឆ្នោតរបស់អ្នកនយោបាយ វាអាចម្នាក់ៗ គាត់គិតខុសៗគ្នា ហើយរបៀបយុទ្ធាសាស្ដ្រឃោសនាខុសគ្នាៗ អ្នកខ្លះ ធ្វើឲ្យអ្នកបោះឆ្នោតមានការថប់អារម្មណ៍ ថប់គ្រប់ ថប់រឿងសន្ដិសុខ ថប់រឿងជីវភាពរស់នៅ ថប់អារម្មណ៍រឿងការងារ ពេលខ្លះថប់អារម្មណ៍ធ្វើឲ្យប្រជាពលរដ្ឋ ចេញទៅបោះឆ្នោតកាន់តែច្រើនវិញទេ»។

ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតសង្កេតឃើញថា ពលរដ្ឋកម្ពុជាកាន់ច្រើនឡើង កំពុងចូលរួមយ៉ាងផុសផុល ក្នុងសកម្មភាពឃោសនាបោះឆ្នោត ដោយថា មានចំនួនច្រើនប្រហាក់ប្រហែលទៅនឹងការបោះឆ្នោតជាតិ កាលពីឆ្នាំ២០១៣។ ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតសង្កេតឃើញថា បច្ចុប្បន្ន ពលរដ្ឋកម្ពុជាចាប់ផ្ដើមយល់ដឹង និងចូលរួមក្នុងកិច្ចការនយោបាយ និងការបោះឆ្នោតកាន់តែខ្លាំងឡើងៗ។

នៅថ្ងៃចុងបញ្ចប់នៃយុទ្ធានាការឃោសនានេះដែរ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ហាក់មិនបានប្ដូរសារនយោបាយរបស់លោកទេ ដោយនៅតែបន្ដលើកឡើងពីរឿង «សង្គ្រាម» បើសិនគណបក្សប្រជាជនចាញ់ឆ្នោត។ កាលពីពេលកន្លងទៅ រដ្ឋមន្ដ្រីក្រសួងការពារជាតិ លោក ទៀត បាញ់ ក៏បានព្រមាន «វាយបាក់ធ្មេញ» ចំពោះជនណាដែលហ៊ានចេញមុខតវ៉ាលទ្ធផលបោះឆ្នោត។

ក្នុងព្រះរាជសារមួយ ដែលព្រះមហាក្សត្រចុះហត្ថលេខាកាលពីខែកុម្ភៈឆ្នាំ២០១៧ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់​អាណត្តិ​ទី​៤ ដោយគ្មានការភិតភ័យ ឬទទួលគំនាបពីគណបក្សណាមួយឡើយ ខណៈការបោះឆ្នោតឃុំសង្កាត់នឹងមកដល់នៅថ្ងៃទី៤មិថុនាខាងមុខនេះហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ