អាជ្ញាធរនឹងចាត់វិធានការលើបក្សប្រឆាំងដោយចោទថាបើនៅកៀរគអ្នកគាំទ្រពីខេត្តមកហែក្បួន

ក្បួនដង្ហែគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧

សាលារាជធានីភ្នំពេញឲ្យដឹងថា ខ្លួន​នឹងចាត់វិធានការលើគណបក្សសង្គ្រោះជាតិ ប្រសិនបើនៅតែកៀរគអ្នកគាំទ្រពីបណ្ដាលខេត្តឲ្យឡើងមករាជធានីភ្នំពេញ ដើម្បីមកចូលរួមដង្ហែក្បួនឃោសនាថ្ងៃនេះ។

ក្នុងសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ​ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ ឲ្យដឹងថា ការប្រកាសរបស់បក្សប្រឆាំងដែលឲ្យកៀរគអ្នកគាំទ្រមកពីបណ្ដាលខេត្ត ឲ្យឡើងមកចូលរួមឃោសនានៅក្នុងរាជធានីភ្នំពេញនៅថ្ងៃនេះថា មិនស្របតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ជាពិសេសបានធ្វើឲ្យប៉ះពាល់សន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ។ សេចក្ដីជូនដំណឹងឲ្យដឹង​បន្តថា សាលារាជធានីភ្នំពេញនឹងចាត់វិធានការទៅលើគណបក្សសង្គ្រោះជាតិ ប្រសិនបើនៅតែមិនបញ្ឈប់ការកៀរគរកអ្នកគាំទ្រពីបណ្ដាលខេត្តមកហែក្បួន បិទយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី២ខែមិថុនា។

នៅថ្ងៃទី១ខែមិថុនាម្សិញនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានចេញសេចក្ដីជូនដំណឹងមួយ ដោយឲ្យគណបក្សសង្គោះជាតិគោរពទៅតាមការជូនដំណឹងរបស់សាលារាជភ្នំពេញផងដែរ។

ពាក់ព័ន្ធរឿងនេះ VOD មិនអាចទាក់ទងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបាននៅឡើយទេ ដោយទូរសព្ទចូលមិនមានអ្នកទទួល។

អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍសង្គម​ លោកបណ្ឌិត មាស នី មានប្រសានស៍ថា ការជូនដំណឹងរបស់សាលារាជធានីភ្នំពេញថា មិនមានអ្វីភ្ញាក់ផ្អើលនោះទេ ដោយសារ កន្លងមក សាលារាជធានីភ្នំពេញតែងតែមានវិធានការទៅលើគណបក្សប្រឆាំង ប៉ុន្តែសម្រាប់គណបក្សប្រជាជនកម្ពុជាវិញ មិនដែលចាត់វិធានការអ្វីឡើយ។

លោកថា «ខ្ញុំមើលទៅប្រសិនសង្គ្រោះជាតិមានទំនុចិត្តខ្លួនឯង​ មិនបាច់ខ្វល់ទៅប្រមូលមនុស្សពីតាមជនបទ ពីតាមខេត្តមកទេ។ យើងក៏ដឹងហើយថា វិធានការទាំងឡាយដែលបានចាត់មកដល់ពេលនេះ វាតែងមានការលំអៀង ឃើញលំអៀងជាញឹកញាប់ ដូចជាពេលខ្លះ គណបក្សមួយធ្វើបាន ប៉ុន្តែគណបក្សមួយទៀតធ្វើមិនបាន។ ចឹងអាហ្នឹងក៏មិនមានអីភ្ញាល់ផ្អើលដែរ ហើយខ្ញុំក៏គាំទ្រដែលពីរឿងសាលាក្រុងភ្នំពេញ ដែលតែងតែយករឿងចរាចរណ៍ មកដាក់ជាបញ្ហាធំ ប៉ុន្តែបើយើងមើលការស្ទះចរាចរណ៍ទោះបីជាមិនមានហែគណបក្ស ក៏ការស្ទះចរាចរណ៍វានៅតែមានជារាំរៃតាំងពីយូរមកហើយ»

យ៉ាងណាក៏ដោយ នៅថ្ងៃទី២ខែមិថុនានេះ គណបក្សធំៗចំនួនពីរមាន គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ជាគណបក្សដែលមានអាសនៈនៅក្នុងសភាទាំងពីរនេះ កំពុងរៀបចំការហែក្បួនធំនៅរាជធានីភ្នំពេញ សម្រាប់ការឃោសនារកការគាំទ្រ នៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ។

លោក ហ៊ុន សែន ដឹកនាំអ្នកគាំទ្រជួបជុំគ្នាពេលព្រឹក​នៅផ្លូវ៦០ម៉ែត្រ បឹងទំពុន បន្ទាប់ពីថ្លែងសារនយោបាយហើយហែទៅកាន់តំបន់ផ្សេងៗក្នុងរាជធានីភ្នំពេញ ដើម្បីជួបអ្នកគាំទ្រ ក៏ដូចជាផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់សម្រាប់ការបោះឆ្នោតចុងសប្តាហ៍នេះ។​

ចំណែក​លោក កឹម សុខា ជួបជុំអ្នកគាំទ្រនៅត្រើយម្ខាងនៃទន្លេ នៅពេលរសៀល ដោយមានថ្លែងសារនយោបាយ ហើយអ្នកគាំទ្រមានការប្រគំតន្ត្រី បន្ទាប់មកនឹងផ្តើមហែបក្សទៅតំបន់ផ្សេងៗ ក្នុងរាជធានីភ្នំពេញ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ