អង្គការ ILO រកឃើញថា រោងចក្រ​កាត់ដេរ​កម្ពុជា​បន្ត​រំលោភ​ច្បាប់​ការងារ ១០​ចំណុច​ធំៗ​

កម្មករ-កម្មការិនីរោងចក្រ (ដោយ ណាត សុភាព)

អង្គការពលកម្មអន្តរជាតិ (ILO) កាលពីថ្ងៃម្សិលមិញ បាននិយាយថា រោងចក្រកាត់ដេរនៅកម្ពុជា នៅតែបន្តរំលោភលើច្បាប់ការងាររបស់ប្រទេសកម្ពុជា បើទោះបីជាលក្ខខណ្ឌការងារនៅក្នុងរោងចក្រកាត់ដេរ មានភាពប្រសើរឡើងក៏ដោយ។

ក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលត្រូវបានគេសង្ខេបចេញពីរបាយការណ៍សំយោគទី ៣៣របស់ខ្លួន អង្គការអន្តរជាតិ បានរកឃើញថា រោងចក្រកាត់ដេរនៅកម្ពុជា បានអនុវត្តទៅតាមចំណុចជាច្រើននៃច្បាប់ការងាររបស់ប្រទេសកម្ពុជា ក្នុងនោះមានទាំងការទូទាត់ប្រាក់ឈ្នួលអប្បបរមា និងការផ្ដល់ថ្ងៃឈប់សម្រាកលំហែមាតុភាពចំនួន ៩០ថ្ងៃផងដែរ។

អង្គការ ILO ក៏បានរកឃើញថា ពលកម្មកុមារនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ បានធ្លាក់ចុះជាបន្តបន្ទាប់ នៅក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ពោលគឺបានធ្លាក់ចុះពី ៦៥ នៅក្នុងឆ្នាំ២០១៣ មកនៅត្រឹម ២៨ នៅក្នុងឆ្នាំ២០១៤ និងបន្តនៅត្រឹម ១៦នៅឆ្នាំ២០១៥កន្លងមក។

ផ្អែកតាមរបាយការណ៍នោះ អង្គការ ILO បានរកឃើញថា រោងចក្រកាត់ដេរ ៤៧ភាគរយ នៅក្នុងប្រទេសកម្ពុជា បានអនុលោមទៅនឹងបញ្ហាចម្បងៗទាំង ២១ចំណុច ពោលគឺបានកើនឡើង ២៨ភាគរយ នៅក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។

ទោះជាយ៉ាងណា អង្គការនេះ បានព្រមានថា រោងចក្រកាត់ដេរកម្ពុជា នៅតែបន្តមិនអនុវត្តតាមច្បាប់ការងារលើបញ្ហា ១០ចំណុចធំៗដដែល បើទោះបីជាកម្រិតអនុលោមតាមច្បាប់មួយចំនួន បង្ហាញសញ្ញាវិជ្ជមានក៏ដោយ។

លោកស្រី Esther German ប្រធានគ្រប់គ្រងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការ ILO បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា៖ «ខណៈពេលដែលការឡើងនៃកម្រិតអនុលោមតាមច្បាប់មួយចំនួន គឺជាសញ្ញាវិជ្ជមានសម្រាប់វិស័យឧស្សាហកម្មកាត់ដេរ និងកម្មករនិយោជិតរបស់ពួកគេ វាចាំបាច់ទាមទារឲ្យមានការកែលម្អបន្ថែមទៀត នៅក្នុងផ្នែកមិនអនុលោមទៅតាមច្បាប់មួយចំនួន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ