គណបក្សថ្មីមួយថានឹងយកថ្ងៃគេបាញ់សម្លាប់លោក​ កែម ឡី ជាទិវាជាតិសេរីភាពបញ្ចេញមតិ

ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ

គណបក្សថ្មីមួយលើកឡើងថាខ្លួននឹងយកថ្ងៃដែលឃាតករបាញ់សម្លាប់លោក កែម ឡី ធ្វើជាទិវាសេរីភាពបញ្ចេញមតិ ដោយអះអាងថាអ្នកវិភាគនយោបាយដ៏ល្បីឈ្មោះរូបនោះជាអ្នកចូលរួមយ៉ាងសកម្មក្នុងការបង្កើតគោលនយោបាយគណបក្សខ្លួន។

ក្នុងពិធីរំឭកខួបមួយឆ្នាំនៃថ្ងៃបង្កើតគណបក្ស ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ បង្ហាញការសោកស្តាយដល់ការបាត់បង់ជីវិត របស់លោក កែម ឡី។ លោកថា លោក កែម ឡី ជាស្ថាបនិកដ៏សំខាន់ម្នាក់បានចូលរួមយ៉ាងសកម្មបង្កើតគោលនយោបាយគណបក្សនេះ។

បើតាមលោក យ៉េង វីរៈ ដើម្បីតបស្នងសងគុណដល់លោក កែម ឡី គណបក្សលោកនឹងស្នើឲ្យដាក់ថ្ងៃដែលគេបាញ់សម្លាប់នេះធ្វើជាទិវាបុណ្យជាតិឬហៅថាទិវាសេរីភាពបញ្ចេញមតិ។

លោកថា៖ «នៅដំណាក់កាលនេះ យើងនឹងសុំទៅរដ្ឋាភិបាល បាទ ឲ្យគាត់ពិចារណាយកថ្ងៃហ្នឹងជាទិវាជាតិ សេរីភាពបញ្ចេញមតិ។ ប្រសិនបើគាត់មិនទទួលទេ លុះបើសិនជាយើងមានសមត្ថភាព មានលទ្ធភាព នោះនិយាយឲ្យចំនៅពេលដែលយើងមានអំណាចអាជ្ញា អំណាចរដ្ឋ យើងនឹងប្រកាសយកថ្ងៃ១០កក្កដាជាទិវាជាតិ ដើម្បីសេរីភាពបញ្ចេញមតិ»

លោក កែម ឡី ត្រូវគេបាញ់សម្លាប់នៅក្នុងហាងស្តារម៉ាតមួយនៃស្ថានីយប្រេងឥន្ទនៈកាលតិចជាប់ស្តុបបូកគោ ក្នុងរាជធានីភ្នំពេញនាថ្ងៃទី១០ខែកក្កដា ក្រោយពីលោកធ្វើអត្ថាធិប្បាយបន្ថែមលើរបាយការណ៍ស៊ើបអង្កេត របស់អង្គការ Global Witness ដែល ដាក់ចំណងជើងថា «អាណាចក្រជំនួញ ត្រកូលហ៊ុន»

ប្រធានកម្មវិធីពង្រឹងសមត្ថភាពថ្នាក់ដឹកនាំមូលដ្ឋាននិងជាបណ្ឌិតផ្នែកកសិកម្ម លោក យ៉ង់ សាំងកុមារ អះអាងថាគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានតាក់តែគោលនយោបាយអភិវឌ្ឍន៍ភូមិឃុំចំនួន១៦ចំនុចសំខាន់ៗ ដែលលោកគិតថាតាមរយៈគោលនយោបាយនេះអាចជួយឲ្យកសិករឲ្យមានឱកាសពង្រីកមុខដូចអ្នកមានទ្រព្យស្តុកស្តមដែរ។

លោក យ៉ង សំាងកុមារ បានអះអាងបែបមោទនភាពថា បើគណបក្សនេះឈ្នះការបោះឆ្នោត លោកសន្យា៣ឆ្នាំក្រោយ ត្រី ព្រៃឈើ នឹងកើតឡើងវិញ រួមទាំងបង្កើនការងារក្នុងស្រុកឲ្យមានប្រាក់ចំណូលសមរម្យ តាមរយៈបង្កើតឲ្យមានសហគ្រិនធនតូចនិងមធ្យមចំនួន១លាន ដែលលោកថាសហគ្រិនមួយស្រូបយកកម្លាំងពលកម្មតែ១០នាក់ ក៏អាចបង្កើតការងារសម្រាប់មនុស្ស១០លាននាក់ដែរ សម្រាប់ទប់ស្កាត់ការចំណាកស្រុក។

លោកថា៖ «ដីស្រែលិចទឹកប្រមាណជា៣សែនហិកតា ដែលគេកាប់ព្រៃលិចទឹកធ្វើស្រែប្រាំងនឹងបំលែងយ៉ាងតិចមួយសែនហិកតា ឲ្យទៅជាព្រៃលិចទឹក ហើយនឹងស្តាឡើងវិញដើម្បីឲ្យសម្បូរត្រី។ ពីព្រោះការកាប់ព្រៃធ្វើស្រូវប្រាំងនេះ រដ្ឋាភិបាលបច្ចុប្បន្ននេះ គាត់ជំរុញរឿងស្រែប្រាំងហ្នឹងខ្លាំងណាស់ អញ្ចឹងសាច់រឿងវាប៉ះពាល់៣ ប៉ះពាល់ទីមួយដល់ព្រៃលិចទឹក ប៉ះពាល់ទី២ធ្វើឲ្យបឹងកាន់តែរាក់ ហើយប៉ះពាល់ទី៣ គឺការប្រើប្រាស់ថ្នាំគីមី  អញ្ចឹងវាធ្វើឲ្យបំពុលដល់ត្រី ដល់មច្ឆាជាតិទាំងអស់។ អញ្ចឹងយើងនឹងស្តាឡើងវិញជាជំហានៗ យ៉ាងតិចបំផុតយើងនឹងស្តាឡើងវិញឲ្យបាន១សែនហិកតា ហើយយើងនឹងធ្វើកន្លែងនោះជាតំបន់ទីជម្រៅ ជាជម្រកត្រី។ ហើយយើងនឹងសងជម្ងឺចិត្តជូនកសិករដែលប៉ះពាល់ហ្នឹងឲ្យបានសមរម្យ ព្រោះលុយដែលសងជម្ងឺចិត្តហ្នឹងវាតិចជាងផលត្រីដែលកើនមក»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន សុំមិនធ្វើអត្ថាធិប្បាយទៅលើគោលនយោបាយរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននេះទេ ដោយលោកអះអាងថាជាកិច្ចការផ្ទៃក្នុងរបស់គណបក្សមួយផ្សេងគ្នា ប៉ុន្តែលោកថា បើគិតពីធារាសាស្ត្របង្កើតបណ្តាញប្រើប្រាស់ទឹក លោក សុខ ឥសាន ថារដ្ឋាភិបាលធ្វើបានជាង៦០ភាគរយហើយនៅទូទាំងប្រទេសសម្រាប់ឆ្លើយតបនឹងតម្រូវការរបស់កសិករ។

ចំណែកមន្ត្រីនៅទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិត្យ សុធា វិញមានប្រសាសន៍ថារដ្ឋាភិបាលនឹងពិចារណាតាមផ្លវច្បាប់នៅពេលទទួលបានលិខិតដាក់ស្នើសុំជាផ្លូវការពីការចង់ដាក់ថ្ងៃស្លាប់របស់លោក កែម ឡី ជាទិវាជាតិនេះ។

លោកថា៖ «សំណើណាមួយដែលមានលក្ខណៈសមស្រប ហើយដែលគិតថាច្បាប់នឹងអនុញ្ញាតិនោះ គឺគាត់ដាក់ទៅ គាត់ដាក់តាមក្រសួងពាក់ព័ន្ធ ទៅតាមគម្រោងសំណើរបស់គាត់ទៅ គេនឹងពិនិត្យមើលពីលទ្ធភាព ថាតើសំណើនេះសមស្របឬក៏យ៉ាងណា គេនឹងឆ្លើយតបទៅវិញទៅនឹងសំណើរបស់គាត់ហ្នឹង»

យ៉ាងណាក៏ដោយគណបក្សប្រជាធិបតេយ្យមូលដ្ឋានអះអាងថាថ្វីត្បិតតែបាត់បង់លោក កែម ឡី ជាស្ថាបនិកដ៏សំខាន់ម្នាក់របស់គណបក្សនេះក៏ពិតមែន ប៉ុន្តែពួកគេថាគណបក្សនេះនឹងនៅតែដើរទៅមុខដោយក្លាហាន តាមបណ្តាំលោក កែម ឡី ជំរុញការពង្រឹងអំណាចពលរដ្ឋនៅថ្នាក់មូលដ្ឋាន ដែលពួកគេគិតថាជាគ្រឹះរឹងមាំនៃលទ្ធិប្រជាធិបតេយ្យ និងជំរុញឲ្យរដ្ឋាភិបាលចាប់ឃាតករពិតនិងអ្នកពាក់ព័ន្ធនៅពីក្រោយឃាតកម្មមកផ្តន្ទាទោស ដែលពួកគេថា ដើម្បីលប់បំបាត់នីទណ្ឌភាពនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ