ក្រុម​និស្សិត​ពេទ្យ​​រក​អន្តរាគមន៍​ពី​នាយករដ្ឋ​មន្ត្រី ចំ​ពេលមាន​ការ​ស្នើ​​ឲ្យ​ត្រួត​ពិនិត្យ​សមត្ថភាព​ពេទ្យ​ឯកជន

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

និស្សិតពេទ្យចំនួន៥០នាក់មកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រចំនួន២នៅក្នុងរាជធានីភ្នំពេញបានអំពាវនាវស្វែងរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរាត្រីថ្ងៃចន្ទនេះ។

ការស្វែងរកអន្តរាគមន៍នេះបានកើតឡើងតែមួយថ្ងៃក្រោយពីស្ថាបនិកនិងជាប្រធានមន្ទីរពេទ្យគន្ធបុប្ផាលោក បេអាត រិចឆ្នឺរ បានស្នើឲ្យក្រសួងសុខាភិបាលរៀបចំការប្រឡងឡើងវិញ ដើម្បីត្រួតពិនិត្យសមត្ថភាពក្រុមគ្រូពេទ្យដែលប្រកបវិជ្ជាជីវៈនៅតាមគ្លីនិកឯកជន បន្ទាប់ពីកុមារ៤៤៧នាក់ត្រូវបានរកឃើញថាមានជំងឺធ្ងន់ធ្ងរ ក្រោយពីកុមារទាំងនោះពុំទទួលបានការព្យាបាលបានត្រឹមត្រូវនៅតាមគ្លីនិកឯកជន។

នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបង្ហោះសារនៅម៉ោងប្រហែល១០និង៣០នាទីយប់ថ្ងៃទី១ ខែសីហា សេចក្ដីអំពាវនាវមួយនិងបញ្ជីឈ្មោះនិស្សិតពេទ្យចំនួន៥០រូបដែលត្រូវបញ្ជាក់ថាជានិស្សិតមកពីសាកលវិទ្យាល័យវិជ្ជាសាស្ត្រសុខាភិបាលនិងសាកលវិទ្យាល័យអន្តរជាតិនោះ ត្រូវបានគេបញ្ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ដែលមានគណនីឈ្មោះ Toho Hediyoshi សរសេរថានិស្សិតពេទ្យចំនួន៥០នាក់ បានស្នើសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យពួកគេប្រឡងជាប់ដោយគ្មានការប្រឡងឡើងវិញ បន្ទាប់ពីពួកគេប្រឡងធ្លាក់ជំនាញគ្លីនិកកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ។

អ្នកប្រើប្រាស់ហ្វេសប៊ុក Toho Hediyoshi បានសរសេរថា៖ «ស្នើសុំសម្ដេចជួយអន្តរាគមន៍ក្នុងលទ្ធផលប្រឡងចេញថ្នាក់ជាតិវេជ្ជបណ្ឌិតរបស់យើងខ្ញុំឲ្យបានជោគជ័យជាប់ជាស្ថាពរ ដោយពុំចាំបាច់មានការប្រឡងសារជាថ្មីម្ដងទៀត»។

សេចក្ដីអំពាវនាវតែមួយនេះក៏ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Leang Kimhor អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Sambath Chhun និងអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀតឈ្មោះ Kimheng Taing បានបញ្ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ខណៈអ្នកដែលអ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ NeedDa A Mab បានបញ្ជូនទៅកាន់ប្រមុខរដ្ឋាភិបាលនូវបញ្ជីឈ្មោះនិស្សិតចំនួន៥០នាក់ ព្រមទាំងស្នាមមេដៃផងដែរ។

កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថាលោកអនុញ្ញាតឲ្យនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសជិត១០០នាក់ដែលជាប់ក្នុងវិញ្ញាសាទ្រឹស្តីតែធ្លាក់វិញ្ញាសាផ្ទាល់មាត់បានចូលរៀននៅសាកលវិទ្យាល័យសុខាភិបាល។

នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ យល់ថាការប្រលងយកសញ្ញាបត្រវេជ្ជសាស្រ្តជារឿងបច្ចេកទេសមិនគួរយកទៅលាយឡំជាមួយនឹងការអន្តរាគមន៍ពីអ្នកនយោបាយទេ។ លោកស្នើសុំឲ្យមានការពង្រឹងនិងត្រួតពិនិត្យមើលប្រព័ន្ធនៃការប្រឡងរបស់ក្រសួងសុខាភិបាលវិញជាការប្រសើរជាង។

លោកនិយាយថា៖បើកាលណាមានឥទ្ធិពលនយោបាយទៅលើលាយឡំជាមួយនឹងបញ្ហាបច្ចេកទេស ពេលនោះហើយ គុណភាពនៃការផ្តល់សេវាសុខភាពនៅកម្ពុជាគឺកាន់តែធ្ងន់ធ្ងរទៅៗ វាមិនអាចជារឿងមួយដែលត្រូវដល់ការអន្តរាគមន៍របស់លោកនាយករដ្ឋមន្រ្តីទេ ព្រោះអីបើសិនជាពួកគេមានសមត្ថភាពពួកគេអាចប្រឡងជាប់

ចំពោះការសុំអន្តរាគមន៍របស់និស្សិតពេទ្យចំនួន៥០នាក់នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនទាន់បានឆ្លើយតបទៅនៅឡើយ បើទោះបីជាអ្នកប្រើប្រាស់ហ្វេសប៊ុកទាំង៥នាក់បានព្យាយាមបញ្ជូនសេចក្ដីអំពាវនាវរបស់ពួកគេលើសពីមួយដង ចូលទៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី នៅក្នុងរាត្រីថ្ងៃដដែលនោះក៏ដោយ។

ទោះជាយ៉ាងណាសេចក្ដីអំពាវនាវរបស់ពួកគេត្រូវបានធ្វើឡើងមួយថ្ងៃក្រោយពីលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ស្ថាបនិកនិងជាប្រធានមន្ទីរពេទ្យគន្ធបុប្ផាបានស្នើឲ្យក្រសួងសុខាភិបាលត្រួតពិនិត្យឡើងពីសមត្ថភាពរបស់ក្រុមគ្រូពេទ្យ ដែលប្រកបវិជ្ជាជីវៈនៅតាមគ្លីនិកឯកជន ក្រោយពីកុមារចំនួន៤៤៧នាក់បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរក្នុងនោះកុមារ១៤៦នាក់ ប្រឈមនឹជំងឺធ្ងន់ធ្ងរបំផុតដូចជាជំងឺគ្រុនឈាមនិងជំងឺរលាកខួរក្បាល។

លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ បាននិយាយនៅក្នុងលិខិតចំហមួយកាលពីថ្ងៃអាទិត្យកន្លងមកថា កុមារទាំងនោះបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនិងបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់លោក បន្ទាប់ពីពួកគេពុំទទួលបានការព្យាបាលត្រឹមត្រូវនៅតាមគ្លីនិកឯកជន។

អ្នកនាំពាក្យក្រសួងសុខាភិបាលលោក លី សូវ៉ាន់ កាលពីថ្ងៃចន្ទបានប្រាប់វីអូឌីតាមទូរស័ព្ទថា ក្រុមគ្រូពេទ្យទាំងនោះសុទ្ធតែឆ្លងកាត់ការប្រឡងយកសញ្ញាបត្រត្រឹមត្រូវរួចទៅហើយ ហើយអ្វីដែលក្រសួងអាចធ្វើបានគឺបន្តត្រួតពិនិត្យនិងចាត់វិធានការ។

នៅព្រឹកថ្ងៃអង្គារនេះលោក បេអាត រិចឆ្នឺរ បានចេញលិខិតចំហមួយទៀតដែលបង្ហាញពីតួលេខនៃកុមារដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាពីថ្ងៃច័ន្ទដល់ថ្ងៃអង្គារថា ក្នុងចំណោមកុមារ១១១នាក់ដែលត្រូវបាននាំមកព្យាបាល ករណីធ្ងន់ធ្ងរបំផុតចំនួន៦២នាក់ ត្រូវបានឪពុកម្តាយយកមកពីគ្លីនិកឯកជនមួយចំនួន។

វិស័យសុខាភិបាលកម្ពុជាបានរងការរិះគន់យ៉ាងខ្លាំងពីមហាជន ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ បានច្រានចោលការរិះគន់នេះ ដោយលោកថាគ្រូពេទ្យកម្ពុជាមិនអាក្រក់ដល់ទៅ៩០ឬ៩៩ភាគរយនោះឡើយ៕

ដោយលោក សូរ្យ ជ៏យឧត្តម និងកញ្ញា សន ឆវីវតី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ