លិខិត​មិត្ត​អ្នកអាន៖ តើ​យុទ្ធសាស្រ្ត​ជាតិ​និយម ២.០ ទទួល​ជោ​គជ័យ​ឬទេ?

ប្រវត្តិសាស្រ្តមនុស្សជាតិបានបង្ហាញថា ក្នុងកាលៈទេសៈណាមួយ ការជ្រើសរើសយុទ្ធសាស្រ្តជាតិនិយមរបស់អ្នកនយោបាយបានទទួលជោគជ័យក្នុងការបោះឆ្នោតយ៉ាងត្រចះត្រចង់ ជាពិសេសក្នុងកាលៈទេសៈដែលប្រទេសស្ថិតក្នុងភាពវិបត្តិ។ ឧទាហរណ៍ជាក់ស្តែង គណបក្សណាហ្ស៊ី (Nazi) របស់អាល្លឺម៉ង់ដែលដឹកនាំដោយ អាដុលហ្វ៍ ហ៊ីទ្លែរ (Adolf Hitler) បានប្រកាសនយោបាយកម្ទេចជនជាតិជ្វីហ្វពីអាលឺម៉ង់ (ឆ្នាំ១៩៣៣)។ លោកណាស័រ (Nasser) ប្រធានាធិបតីប្រទេសអេហ្ស៊ីបដែលប្រកាសធ្វើជាតូបនិយកម្មលើព្រែកជីកស៊ុយអេ (ឆ្នាំ១៩៦៦)។ លោក អ៊ូហ្គោ ឆាវេហ្ស៍ (Hugo Chavez) ប្រធានាធិបតីប្រទេសវេណេហ្ស៊ូអេឡាដែលប្រកាសធ្វើជាតូបនីយកម្មមុខរបរប្រេងរបស់ប្រទេសនេះ (ឆ្នាំ២០០៦)។

ដោយឡែកនៅកម្ពុជាយុទ្ធសាស្រ្តជាតិនិយមនេះ កើតមានជាយូរយារណាស់មកហើយ ជាពិសេសចាប់តាំងពីមានចលនារើបម្រះពីរបបអាណានិគមនិយមបារាំងមកម្ល៉េះ។ ក្នុងសម័យ លន់ នល់ ចលនាជាតិនិយមប្រឆាំងប្រទេសជិតខាង (ជាពិសេសវៀតណាម) បានឈានដល់ដំណាក់កាលសន្ធោរសន្ធៅ រហូតមានផែនការកាប់សម្លាប់ និងបណ្តេញនិគមជន និងជនជាតិវៀតណាមឲ្យអស់ពីកម្ពុជា ហើយផែនការបានបន្តរហូតដល់របប ប៉ុល ពត ទៀត។

ក្នុងរដូវកាលបោះឆ្នោតម្តងៗ គណបក្សនានាតែងប៉ុនប៉ងប្រើប្រាស់យុទ្ធសាស្រ្តជាតិនិយមនេះ ដើម្បីទាក់ទាញប្រជាប្រិយភាព។ គណបក្សខ្លះមានគោលនយោបាយថា បើបក្សខ្លួនឈ្នះឆ្នោតនឹងអនុវត្តច្បាប់អន្តោប្រវេសន្ត៍ឲ្យបានតឹងរ៉ឹង ឬធ្វើជាតូបនិយកម្មលើវិស័យសេដ្ឋកិច្ចមួយចំនួន ដើម្បីកុំឲ្យបរទេសមានប្រៀប ឬប្រើឥទ្ធិពលលើជោគវាសនាខ្មែរ។ តែបក្សទាំងនោះពុំទាន់មានឱកាសគ្រប់គ្រងប្រទេស និងពុំទាន់អាចយកគោលនយោបាយទាំងនោះមកអនុវត្តនៅឡើយដែរ។

មនុស្សភាគច្រើននៅចងចាំបានពីព្រឹត្តិការណ៍សំខាន់មួយ ពេលដែលតារាភាពយន្តថៃម្នាក់បានធ្វើអធិប្បាយមិនសមរម្យពាក់ព័ន្ធនឹងប្រាសាទអង្គរវត្តរបស់កម្ពុជានៅលើកញ្ចក់ទូរទស្សន៍ថៃ។ មួយរយៈខ្លីក្រោយមក នាយករដ្ឋមន្រ្តីខ្មែរនាពេលនោះបានថ្លែងសារបរិហារតារាភាពយន្តរូបនោះ។ មួយរយៈពេលក្រោយមកទៀត មានចលនាធ្វើបាតុកម្មប្រឆាំងជនជាតិថៃ និងផលប្រយោជន៍ថៃនៅកម្ពុជា រហូតមានការដុតស្ថាតទូតថៃនៅភ្នំពេញ និងទីតាំងក្រុមហ៊ុនថៃមួយចំនួនទៀតផង។ ព្រឹត្តិការណ៍ទាំងនោះបានកម្រើកឡើងនៅតែប៉ុន្មានខែ មុនបោះឆ្នោតជាតិឆ្នាំ២០០៨ នៅស្រុកខ្មែរ។ ហើយនៅដើមខែកក្កដា មានការបញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបណ្ដាលឲ្យមានភាពតានតឹងនៅតាមព្រំដែនរវាងកម្ពុជា-ថៃ រហូតដល់មានការដាក់ពង្រាយកងទ័ពរវាងប្រទេសទាំងពីរ ហើយជាអន្លើៗ ក៏មានការបាញ់ផ្លោងដាក់គ្នាទៅវិញទៅមកផងដែរ។ យុទ្ធសាស្រ្តជាតិនិយម ឬនយោបាយជាតិនិយមទីមួយនេះ របស់រដ្ឋាភិបាល ខ្ញុំឲ្យឈ្មោះថា “យុទ្ធសាស្រ្តជាតិនិយម ១.០”។

រដ្ឋាភិបាលបានទទួលជោគជ័យយ៉ាងភ្លូកទឹកភ្លូកដីពីយុទ្ធសាស្រ្តជាតិនិយម ១.០ នេះ ដោយក្នុងបោះឆ្នោតជាតិនៅចុងខែកក្កដា ឆ្នាំ២០០៨ គណបក្សកាន់អំណាចទទួលបាន ៩០/១២៣ អាសនៈក្នុងរដ្ឋសភា ដែលជាជោគជ័យមិនធ្លាប់មានតាំងពីឆ្នាំ១៩៩៣ មកទេ។

ផ្ទុយទៅវិញ ៥ឆ្នាំក្រោយមក ស្ថានភាពប្រទេសជាតិមានការប្រែប្រួលជាខ្លាំង។ យុទ្ធសាស្រ្តជាតិនិយម ១.០ លែងទទួលបានការចាប់អារម្មណ៍ដូចមុនទៀត ព្រោះម្ចាស់ឆ្នោតងាកមកគិតគូរបញ្ហាក្នុងស្រុកម្តង ដូចជា អំពើពុករលួយ ការរឹបអូសដីធ្លីផ្ទះសម្បែង ការបណ្តេញប្រជាជនចេញពីកន្លែងដែលគេធ្លាប់រស់នៅ ការបំផ្លិចបំផ្លាញធនធានធម្មជាតិ គម្លាតរវាងអ្នកមាននិងអ្នកក្រ អំពើអយុត្តិធម៌សង្គម ការដណ្តើមការងារពីសំណាក់ជនអន្តោប្រវេសន៍ខុសច្បាប់ពីប្រទេសជិតខាង ពិសេសវៀតណាម ក្លាយជាប្រធានបទសំខាន់សម្រាប់ការបោះឆ្នោតឆ្នាំ២០១៣។ ដោយសាររដ្ឋាភិបាលពុំមានគោលនយោបាយច្បាស់លាស់លើបញ្ហាទាំងនេះ ម្ចាស់ឆ្នោតមានកំហឹង ហើយទីបំផុតបក្សកាន់អំណាចបាត់បង់ការគាំទ្រជិតមួយភាគបួន (២២កៅអី)។

ទោះជាយ៉ាងណាក្តី មកទល់នឹងពេលនេះ បញ្ហាទាំងអម្បាលម៉ាណខាងលើនៅមិនទាន់បានដោះស្រាយជាដុំកំភួនទេ។ បើស្ថានភាពបែបនេះនៅតែមិនប្រែប្រួល រដ្ឋាភិបាលពិបាកនឹងទាក់ទាញប្រជាប្រិយភាពបានមកវិញណាស់ ហើយការបោះឆ្នោតឆ្នាំ២០១៨ អាចនឹងមិនមានអំណោយផលដល់រដ្ឋាភិបាលទៀតទេ។

ប្រជាពលរដ្ឋជាទូទៅមើលឃើញថា ដើម្បីការពារអំណាចរបស់ខ្លួន រដ្ឋាភិបាលព្យាយាមប្រើប្រាស់គ្រប់មធ្យោបាយ ដែលយើងអាចបង្រួមមកត្រឹម ៣ ចំណុចធំៗគឺ ទី១ បំបែកគណបក្សប្រឆាំងតាមគ្រប់រូបភាព ដូចជាតាមការលួងលោមទិញផង គំរាមដោយប្រើប្រព័ន្ធតុលាការផង និង ប្រើប្រាស់អាយ៉ងតូចៗ របស់ខ្លួឲ្យដើរសំអុយឈ្មោះមេដឹកនាំបក្សប្រឆាំងផង ទី២ តាមរយៈការចលនាឲ្យបង្កើតបក្សថ្មីៗឲ្យបានច្រើន ដែលបច្ចុប្បន្នមានជាង ៦០ ហើយៗ ទំរាំដល់ពេលបោះឆ្នោតអាចមានដល់ទៅជាង១០០ក៏ថាបាន។ តែបើល្បិចទាំងពីរនេះមិនសូវជោគជ័យ រដ្ឋាភិបាលអាចនឹងប្រើយុទ្ធសាស្រ្តជាតិនិយមម្តងទៀត តែម្តងនេះគឺសំដៅទៅភាគខាងកើតវិញ ដែលខ្ញុំឲ្យឈ្មោះថា ជាការប្រើ “យុទ្ធសាស្រ្តជាតិនិយម ២.០”។

យើងឃើញមានការប៉ុនប៉ងប្រើយុទ្ធសាស្រ្តជាតិនិយម ២.០ ជាងពីរឆ្នាំមកហើយ តាមរយៈ -ការចាប់បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ទៅស្រុកវិញ (ដែលក្នុងនោះជនជាតិវៀតណាមច្រើនជាងគេ) -ការដកហូតដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនវៀតណាមមួយចំនួន -ការដកសិទ្ធិវិនិយោគលើប្រាក់ចំណូលក្នុងវិស័យទេសចរណន៍ពីប្រាសាទអង្គរវត្ត ។ល។ -ព្យាយាមដោះដៃពីវៀតណាម ដោយឱបជើងចិន ក្នុងផ្នែកកិច្ចការបរទេស ជាពិសេសបន្ទាប់ពីមានសេចក្តីសម្រេចរបស់តុលាការអន្តរជាតិស្តីពីបញ្ហាសមុទ្រខាងត្រូង កម្ពុជាបែរជាប្រកាសមិនចូលរួមប្រកាសសេចក្តីសម្រេចរួមរបស់អាស៊ាន ហើយភ្លាមនោះក៏បានជំនួយ ៦០០ លានដុល្លារពីចិនទៀត។ ហើយនាពេលថ្មីៗនេះទៀតសោត បន្ទាប់ពីលោក កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅកណ្តាលក្រុងកាលពីថ្ងៃទី១០ ខែកក្កដា មក រដ្ឋាភិបាលព្យាយាមឆ្លើយដាក់ប្រទេសជិតខាងថានៅពីក្រោយរឿងនេះ ដើម្បីឲ្យខ្មែរឈ្លោះគ្នា។ ចុងក្រោយ គឺមានការចល័តទ័ពពីតាមព្រំដែនភាគខាងលិចមកភ្នំពេញ ដែលធ្វើឲ្យប្រជារាស្រ្តមួយចំនួនយល់ថា នឹងចល័តទៅតាមព្រំដែនវៀតណាម ដើម្បីអនុវត្តយុទ្ធសាស្រ្តជាតិនិយម ២.០ ឲ្យបានជោគជ័យ ជាពិសេសពេលរដូវបោះឆ្នោតចូលមកដល់នាពេលខាងមុខ។

តើការប្រើយុទ្ធសាស្រ្តជាតិនិយម ២.០ នេះនឹងទទួលបានជោគជ័យឬទេ?

បើងាកទៅនិយាយយុទ្ធសាស្រ្តជាតិនិយម ១.០ វិញ រដ្ឋាភិបាលអាចទទួលជោគជ័យដោយងាយ ព្រោះថា ពុំមានប្រជាជនថៃរស់នៅលើប្រទេសកម្ពុជារាប់ម៉ឺនរាប់សែននាក់ រហូតដល់បង្កើតឲ្យមានសមាគមអ្វីទេ។ ទីពីរ ពុំមានជនជាតិថៃច្រើនទេ ដែលកាន់ការក្នុងតំណែងធំដុំក្នុងរាជការ ក៏ដូចជានៅតាមស្ថាប័នក្រសួងមន្ទីរ នៅតាមខេត្តស្រុកខណ្ឌអ្វីដែរ។ ទីបី រដ្ឋាភិបាលបច្ចុប្បន្នមិនបានជំពាក់គុណថៃក្នុងការជួយមករំដោះប្រទេសចេញពីខ្មែរក្រហម និងជួយលើកបន្តុបឲ្យកាន់តំណែងទេ រហូតដល់រដ្ឋាភិបាលត្រូវមានកាតព្វកិច្ចចិញ្ចឹមអតីតកងទ័ព ឬទទួលឲ្យជនជាតិថៃមករស់នៅលើទឹកដីខ្មែរដែរ។ អ្វីដែលប្រទាំងប្រទើសគ្នាកន្លងមករវាងថៃ-ខ្មែរ គឺផលប្រយោជន៍សេដ្ឋកិច្ចទៅលើប្រាសាទព្រះវិហារតែប៉ុណ្ណោះ។

ផ្ទុយទៅវិញ យុទ្ធសាស្រ្តជាតិនិយម ២.០ អាចនឹងទទួលជោគជ័យបានលុះត្រាតែរដ្ឋាភិបាលត្រូវធ្វើការលះបង់យ៉ាងធំធេងដូចជា បណ្តេញជនជាតិវៀតណាមចេញពីកម្ពុជា ប្រកាសរំលាយសមាគមវៀតណាម ដកតំណែង និងឋានន្តរសក្តិមន្រ្តីធំៗទាំងក្នុងផ្នែកទាហាន ប៉ូលីស អាវុធហត្ថ មន្រ្តីរាជការស៊ីវិល ធ្វើជាតូបនីយកម្មលើមុខជំនួញសំខាន់របស់វៀតណាមលើទឹកដីខ្មែរដូចជា ចម្ការកៅស៊ូ ធនធានធម្មជាតិ ភ្នំបូកគោ។ល។និង។ល។

តែការអនុវត្តយុទ្ធសាស្រ្តជាតិនិយម ២.០ នេះប្រហែលមិនបានជោគជ័យដូចការគិតទេ ពីព្រោះអ្វីៗក៏ត្រូវបានការចំណាយធំធេងជាងការគិតដែរ។ បើគ្រាន់តែឆ្លងឆ្លើយតាមហ្វេសប៊ុកថា ខ្ញុំស្រឡាញ់ជាតិ មិនចំណុះបរទេស មិនរណបបរទេស ប្រទេសខ្ញុំជារដ្ឋឯករាជ្យ មានអធិបតេយភាព ប៉ុណ្ណេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ ទោះបីវាគ្រាន់តែផ្កាភ្លើងតូចមួយមុននឹងភ្នក់មួយនឹងត្រូវឆេះឡើងនាពេលខាងមុខក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ