វិភាគ៖ តើនយោបាយនៅកម្ពុជា នឹងប្រែប្រួលដូចម្តេច ស្របពេល​ការ​បោះ​ឆ្នោតជិតមក​ដល់?

មុនមួយថ្ងៃនៃការចុះឈ្មោះបោះឆ្នោតមកដល់ ឧទ្ធម្ភាគចក្រយោធាជិត១០គ្រឿង នាវាយោធា និងកម្លាំងកងអង្គរក្សពាក់ស្រោមមុខប្រដាប់ដោយអាវុធ ជិះរថយន្តប្រហែល១០គ្រឿង បានបើកក្រវែល និងហោះហើរនៅជិតទីស្នាក់ការគណបក្សសង្រ្គោះជាតិ នៅសង្កាត់ចាក់អង្រែលើ។

ស្ថានការណ៍នយោបាយនៅកម្ពុជាពេលនេះ អ្នកវិភាគមើលឃើញថា កាន់តែតានតឹងឡើងៗ ខណៈដែលកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលបានបញ្ចេញសាច់ដុំនៅជិតស្នាក់ការគណបក្សប្រឆាំង។

គណបក្សប្រឆាំងចាត់ទុកទង្វើរបស់កម្លាំងប្រដាប់អាវុធនេះថាជាការគំរាមកំហែងដល់មេដឹកនាំគណបក្សសង្រ្គោះជាតិដែលកំពុងស្នាក់នៅក្នុងស្នាក់ការបក្សប្រហែល៣ខែមកហើយ ខណៈដែលតុលាការកោះហៅលោក កឹម សុខា ឲ្យចូលសវនាការនៅថ្ងៃទី៩ខែកញ្ញានេះ។

សាស្ត្រាចារ្យផ្នែកនយោបាយ លោក សូ ចន្ថា ក៏មើលឃើញថា សកម្មភាពកម្លាំងប្រដាប់អាវុធនេះ ជាការគំរាមកំហែងគណបក្សប្រឆាំងដែរ។លោកមានប្រសាសន៍ថា៖ “បើយើងពិនិត្យមើលទិដ្ឋភាពច្បាប់កងទ័ពត្រូវរក្សាជំហរឯករាជ្យ ធ្វើយ៉ាងណាឲ្យដំណើការនយោបាយនៅកម្ពុជាមានភាពល្អប្រសើរ មិនត្រូវលូកលាន់ជាមួយគណបក្សនយោបាយទេ។ប៉ុន្តែការអនុវត្តផ្ទុយពីច្បាប់។…ការចល័តទ័ពបែបនេះឆ្លុះបញ្ចាំងពីការគំរាមកំហែងលើបក្សសង្រ្គោះជាតិ ពិសេស លោក កឹម សុខា …”

បើទោះជាមន្រ្តីរដ្ឋាភិបាលបកស្រាយថា ការដាក់ពង្រាយកម្លាំងប្រដាប់អាវុធនៅជុំវិញទីស្នាក់ការបក្សប្រឆាំងនោះថាជាការហ្វឹកហាត់ ក្រោមហេតុផលរក្សាសន្តិសុខក៏ដោយ តែសំណួរនៅតែត្រូវបានមជ្ឈដ្ឋានជាច្រើនចោទសួរវិញថា តើមានប្រទេសដែលធ្វើលំហាត់យោធានៅលើផ្ទះប្រជាពលរដ្ឋ និងនៅកណ្តាលក្រុងបែបនេះ? នេះជាការកត់សំគាល់របស់ លោកបណ្ឌិត មាស នី។

លោកកត់សំគាល់ថា៖ “បើនៅស្រុកគេកាលណាធ្វើត្រូវផ្សព្វផ្សាយមុនឲ្យពលរដ្ឋដឹងកុំឲ្យមានការភ្ញាក់ផ្អើល។រដ្ឋាភិបាលមានតួនាទីរក្សាស្ថេរភាពសង្គម។ ការហោះហើរ ការប្រើទ័ព ពិសេសការបិទមុខ ដែលខ្មែរយើងថាដូច ISIS។ ទាំងអស់នេះធ្វើឲ្យយើងគិតផ្សេងមិនគិតដូចរដ្ឋាភិបាលទេ…”

អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមរូបនេះ មិនយល់ស្របនឹងការបកស្រាយរបស់រដ្ឋាភិបាលដែលថា កម្លាំងទ័ពទាំងនោះ ធ្វើសមយុទ្ធការពារទឹកជំនន់នោះទេ។ លោកលើកឡើងថា៖ “ឆ្គងត្រង់ថា កាលណានិយាយថា ការពារគ្រោះទឹកជំនន់ នៅចិនក៏ធ្វើដែរ ទាហានចិនរាប់ពាន់នាក់។កាលណាទឹកជំនន់គ្មានណាគេប្រើកាំភ្លើងទេ…”

អ្នកវិភាគមើលឃើញថា សកម្មភាពកម្លាំងប្រដាប់អាវុធដែលឆ្វែលចុះឡើងទៅក្បែរស្នាក់ការបក្សប្រឆាំងគឺធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេទ័ពម្នាក់គំរាមថា នឹងចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង បើមានការស្នើពីតុលាការ។

លោក សូ ចន្ថា យល់ថា សកម្មភាពកងទ័ពនេះ អាចជាព្រឹត្តិការណ៍ដែលគេបង្កើតឡើងថ្មីទៀត ដើម្បីឲ្យពលរដ្ឋភ្លេចករណី ឃាតកម្មលើ លោក បណ្ឌិត កែម ឡី។

លោកមានប្រសាសន៍ថា៖ “ពីព្រោះយើងឃើញហើយអំឡុងពេលបាញ់សម្លាប់លោក កែម ឡី ព្រឹត្តិការណ៍នេះ ហាក់មិនមានចំណេញដល់គណបក្សកាន់អំណាចទេ។ ចឹងការបង្កើតព្រឹត្តិការណ៍នេះដើម្បីលុបបំបាត់ព្រឹត្តិការណ៍មួយចំនួនធ្វើឲ្យបក្សកាន់អំណាចខាតបង់”

កាលពីថ្ងៃទី២៦ខែឧសភា កម្លាំងប្រដាប់អាវុធ ក៏បានស្ទះចាប់រថយន្តលោក កឹម សុខា ម្តងហើយតែពេលនោះមិនមានវត្តមានមេដឹកនាំគណបក្សប្រឆាំងរូបនេះ ក្នុងរថយន្តនោះទេ ហើយកម្លាំងប្រដាប់អាវុធក៏បានបន្តឡោមទ័ព្ធស្នាក់ការគណបក្សសង្រ្គោះជាតិទៀតផង។ ប៉ុន្តែនៅ ពេលមន្រ្តីគណបក្សប្រឆាំងសួរនាំពីមូលហេតុនៃការឆ្មក់ចូលស្នាក់ការបក្សដោយគ្មានដីកាពីតុលាការនោះ កម្លាំងប្រដាប់អាវុធក៏ដកចេញទៅវិញ។

ក្រោយពីបរាជ័យម្តងលើការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា នោះ លោក ហ៊ុន សែន បានថ្លែងថាបើចង់ចាប់ខ្លួនមេបក្សប្រឆាំងគឺមិនពិបាកនោះទេ ដោយលោកថាគ្រាន់តែមិនទាន់ដល់ពេល។

ចាប់តាំងពីពេលនោះមក លោក កឹម សុខា បន្តស្នាក់នៅក្នុងស្នាក់ការរហូតមក ហើយមន្រ្តីការទូតនៃប្រទេសប្រជាធិបតេយ្យបានទៅជួបប្រធានស្តីទីគណបក្សប្រឆាំងរូបនេះជាបន្តបន្ទាប់។

លោកបណ្ឌិត មាស នី យល់ថា សហគមន៍អន្តរជាតិចង់ឃើញកម្ពុជា មានលទ្ធិប្រជាធិបតេយ្យពិតប្រាកដទើបពួកគេមកជួបមដឹកនាំគណបក្សប្រឆាំង។ លោកមានប្រសាសន៍ថា “លទ្ធិប្រជាធិតេយ្យនៅស្រុកយើងនេះ មានពហុបក្សមែន ប៉ុន្តែតុលាការកំពុងតែបំពេញតួនាទីរបស់ខ្លួនដាក់ខ្នោះអ្នកនយោបាយម្ខាងនោះ ប៉ុន្តែផ្តល់លទ្ធភាពឲ្យគណបក្សម្ខាងទៀតមានអំណាចគ្រប់គ្រាន់ក្នុងការប្រណាំងជាមួយអ្នកម្ខាងទៀតដែលកំពុងជាប់ខ្នេះ…”

លោក សូ ចន្ថា វិភាគថា បើទោះជារដ្ឋាភិបាលប្រើកម្លាំងទ័ពដែលមើលទៅដូចជាគំរាមបក្សប្រឆាំងប៉ុន្តែលោកថាពលរដ្ឋមិនខ្លាចនោះទេ។ លោកលើកឡើងដូចនេះដោយសំអាងលើសន្ទុះនៃការទៅចុះឈ្មោះបោះឆ្នោតរបស់ពលរដ្ឋមានចំនួនរាប់ម៉ឺននាក់នៅថ្ងៃដំបូងនៃការចាប់ផ្តើមចុះឈ្មោះ បើទោះជាមុននេះមួយថ្ងៃ មានការបញ្ចេញកងទ័ពទៅក្បែរៗស្នាក់ការបក្សប្រឆាំងក៏ដោយ។

ក្រោយការបោះឆ្នោតឆ្នាំ២០១៣ ដែលគណបក្សប្រឆាំងប្រកាសថាខ្លួនឈ្នះនោះ រដ្ឋាភិបាលបានបញ្ចេញកម្លាំងទ័ពនិងរថក្រោះចូលមករាជធានីភ្នំពេញ។

ទោះជាយ៉ាងណា គណបក្សសង្រ្គោះជាតិ នៅតែដឹកនាំបាតុកម្មមិនទទួលស្គាល់លទ្ធផលបោះឆ្នោត។ ទីបំផុតរដ្ឋាភិបាលបានប្រើកម្លាំងប្រដាប់អាវុធបង្រ្កាបការតវ៉ា និងចាប់ខ្លួនតំណាងរាស្ត្របក្សសង្រ្គោះជាតិ៧រូប មុននឹងពួកគេព្រមចូលសភា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ