មេដឹកនាំគណបក្សប្រឆាំង និងគណបក្សកាន់អំណាច ដែលមានបញ្ហាខ្វែងគំនិតគ្នា និងជម្លោះស្លាប៉ាកាស្ទើរពេញមួយអាណត្តិទី៥នេះ បានបង្ហាញរូបភាពខុសៗគ្នា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។
បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនៅឆ្នាំនេះ ចាប់ផ្តើមពីថ្ងៃទី៣០ខែកញ្ញា ដល់ថ្ងៃ ទី២ខែតុលា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញរូបភាពជាវីឌីអូ និងរូបសន្លឹកជាច្រើន នៅលើហ្វេប៊ុករបស់លោកពីសម្មភាពនានានៃការនាំភរិយាទៅធ្វើបុណ្យនៅវត្តវាំងចាស់ ស្ថិតនៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសដែលលោកទៅធ្វើបុណ្យនេះ មានការរៀបចំហែហមពីសិស្សានុសិស្ស ការរាក់ទាក់ពីមន្ត្រី ប្រជាពលរដ្ឋ និងព្រះសង្ឃនៅមូលដ្ឋាននោះ។
ចំណែកលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានបង្ហាញរូបភាពលោក និង ភរិយាទៅធ្វើបុណ្យនៅវត្តធម្មរង្សី នៅទីក្រុងបាញ្ញើ ជាប់នឹងទីក្រុងប៉ារីស ប្រទេសបារាំង។ លោក សម រង្ស៊ី បានបង្ហាញពីទិដ្ឋភាពមានការស្វាគមន៍ពីពលរដ្ឋមួយចំនួន និងព្រះសង្ឃ ផងដែរ។
ចំណែកលោក កឹម សុខា ដែលកំពុងសំងុំខ្លួនរស់នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ បានបង្ហាញរូបភាពមួយសន្លឹកគត់ នៅក្នុងបន្ទប់មួយដែលមានប្រពន្ធលោក រួមទាំងកូនស្រីទាំងពីរនាក់។
លោក កឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុកថា ក្រោយពីប្រពន្ធនិងកូនស្រីទាំងពីរបានទៅធ្វើបុណ្យនៅវត្តហើយ ពួកគេបានស្នើឲ្យលោកធ្វើប្ហូម ដែលលោកធ្លាប់ធ្វើកាលពីលោករស់នៅវត្តជាង៤០ឆ្នាំមុន។
បើទោះបីជាអ្នកនយោបាយទាំងពីរក្រុម មានបញ្ហាខ្វែងគំនិតគ្នាស្ទើរពេញមួយអាណត្តិហើយក៏ដោយ តែមុនភ្ជុំបិណ្ឌពួកគេបានបង្ហាញឥរិយាបថទន់ភ្លន់ដាក់គ្នា គឺចាប់ផ្តើមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រកាស «បទឈប់បាញ់ផ្នែកនយោបាយ»។ ចំណែកលោកកឹម សុខា បានប្រកាសសុខចិត្តអង្វរ និងអំពាវនាវឲ្យដោះលែងមន្ត្រីបក្សរបស់ខ្លួន មន្ត្រីអង្គការសង្គមស៊ីវិល រួមទាំងសកម្មជនការពារសិទ្ធិដីធ្លី។
ជាការវិវឌ្ឍស្ថានការណ៍នយោបាយមួយទៀត ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីថ្ងៃទី១ ខែតុលា ម្សិលមិញ បានប្រកាសថាលោកនឹងទៅចុះឈ្មោះបោះឆ្នោតនៅសប្តាហ៍ក្រោយ។
ចំពោះអ្នកស្រាជ្រាវនិងវិភាគបញ្ហាសង្គមមួយចំនួន ក៏បានជម្រុញឲ្យមេដឹកនាំបក្សនយោបាយទាំងពីរដែលមានអាសនៈនៅក្នុងសភា ត្រូវរូវគ្នា ធ្វើការរួមគ្នាដោះស្រាយបញ្ហា ដែលពលរដ្ឋកំពុងជួបប្រទះ គឺកសិករមិនមានទីផ្សារលក់កសិផល ពលរដ្ឋមិនមានការងារ ធ្វើគ្រប់គ្រាន់ ភាពអយុត្តិធម៌នៅក្នុងសង្គម ជម្លោះដីធ្លី និងការបំផ្លាញធនធានធម្មជាតិជាដើម៕