ពលរដ្ឋស្នើឲ្យអ្នកដឹកនាំកម្ពុជាឲ្យ​យកគំរូតាមអតីតនាយករដ្ឋមន្រ្តី លោក ប៉ែន សុវណ្ណ

លោក ប៉ែន សុវណ្ណ កាលពីពេលលោកនៅរស់ ក្នុងជំនួបបទសម្ភាសន៍ផ្តាច់មុខជាមួយវីអូឌី កាលពីពេលកន្លងទៅ

ពលរដ្ឋមួយចំនួនស្នើទៅមេដឹកនាំជំនាន់ក្រោយនិងបច្ចុប្បន្ននេះ យកគំរូតាមការដឹកនាំរបស់អតីតនាយករដ្ឋមន្រ្តីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា លោក ប៉ែន សុវណ្ណ ដោយថា កុំឲ្យបរទេសឈ្លានពានទឹកដីកម្ពុជា។

លោក ប៉ែន សុវណ្ណ ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីទីមួយនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ចន្លោះឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨១ ហើយត្រូវបានវៀតណាមចាប់ដាក់គុកងងឹត១០ឆ្នាំ ដោយសារតែអ្វីដែលលោក ប៉ែន សុវណ្ណ បញ្ជាក់ថាមកពីលោកមិនចង់ស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងហាណូយ។

លោក គង់ សំអាន មកពីខេត្តត្បូងឃ្មុំ ដែលចូលរួមហែសពលោក ប៉ែន សុវណ្ណ ពីខេត្តតាកែវ មកភ្នំពេញនៅថ្ងៃទី២ ខែវិច្ឆិកានេះ បានប្រាប់អ្នកយកព័ត៌មានថា គាត់មានការសោកស្តាយនិងអាឡោះអាឡៃចំពោះការបាត់បង់វីរជនស្នេហាជាតិ លោក ប៉ែន សុវណ្ណ ដោយលោកចាត់ទុកថា ជាអ្នកហ៊ានប្រឆំាងនឹងបរទេសឈ្លានពានទឹកដី៖ «ខ្ញុំយល់ឃើញថា ឯកឧត្តម ប៉ែន សុវណ្ណ គឺជាវីរជនម្នាក់ យើងគួរជាទីគោរព ដែលកុលបុត្រខ្មែរត្រូវដឹង ឮទំាងអស់គ្នា ព្រោះគាត់ជាតស៊ូទាមទារនូវសិទ្ធិសេរីភាព ប្រជាធិបតេយ្យ ហើយហ៊ានតទល់ជាមួយសត្រូវមានយួនឈ្លានពាន ដែលគេធ្វើបាប គេគិតឃើញថាវាចង់គ្រប់គ្រងខ្មែរ»។

បើតាមកម្មវិធីបុណ្យ សពលោក ប៉ែន សុវណ្ណ គ្រោងបូជានៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ តែមិនទាន់កំណត់ទីតាំង ដោយសារសាលារាជធានីភ្នំពេញមិនឲ្យបូជានៅមុខវត្តបុទុមវត្តី ខណៈសពកំពុងតម្កល់នៅវត្តថាន់។

មានទីលំនៅក្នុងខេត្តកំពង់ស្ពឺ អ្នកស្រី ឆេង ដាវី ដែលធ្វើដំណើរចូលរួមដង្ហែសព លោក ប៉ែន សុវណ្ណ ដែរនោះ បានរៀបរាប់ថា លោក ប៉ែន សុវណ្ណ ជាវីរបុរសកម្ពុជា ដោយអ្នកស្រីថាកាលពីគាត់ដឹកនាំប្រទេសនៅឆ្នាំ១៩៧៩ លោកបានរើបំរាស់ពីនឹមត្រួតត្រារបស់វៀតណាម ដោយមិនព្រមបង្កើតផែនការក៥ ពោលមិនឲ្យពលរដ្ឋខ្មែរចូលកាប់ព្រៃឈើ មិនឲ្យវៀតណាមបញ្ជូនជនអន្តោប្រវេសន៍មករស់នៅក្នុងទឹកដីកម្ពុជា និងមិនព្រមកាត់ទឹកដីមួយចំនួននៅជាប់ព្រំដែនឲ្យទៅវៀតណាមជាដើម។

អ្នកស្រី ឆេង ដាវី ស្នើទៅមេដឹកនាំជំនាន់ក្រោយនិងពេលបច្ចុប្បន្ន យកគំរូនៃការដឹកនាំរបស់ លោក ប៉ែន សុវណ្ណ ដោយថា ដើម្បីកុំឲ្យបរទេសឈ្លានពានទឹកដីកម្ពុជា៖ «(មេដឹកនាំ)យកគំរូតាម លោកអ៊ុំ ប៉ែន សុវណ្ណ ទៅមិនខុសទេ គាត់ស្រលាញ់ជាតិណាស់ រាល់ថ្ងៃគាត់កើតជំងឺលើសឈាម ដោយសារគាត់គិតទឹកដីយើងទៅជាខូចសសៃឈាមខួរក្បាលគាត់ ឲ្យខ្មែរយើងមានគំនិតរើបំរាស់ឡើង មើលអ្នកណាល្អ អ្នកណាអាក្រក់ មើលទៅខ្មែរយើងម៉េច យួនចូលពេញស្រុកអស់ហើយ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា បើរដ្ឋាភិបាលយកគំរូដឹកនាំតាមលោក ប៉ែន សុវណ្ណ នឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ទំាងអស់ ដោយលោកបានពន្យល់បែបនេះថា៖ «បើសិនជាអនុវត្តនយោបាយ លោក ប៉ែន សុវណ្ណ ប្រជាជនខ្មែរគ្មានដល់ថ្ងៃនេះទេ ងាប់អស់ហើយ ខ្ញុំសំអាងលើហេតុផលពីរ ទីមួយ ប៉ែន សុវណ្ណ មានលក្ខណៈសតិអារម្មណ៍ចង្អៀតចង្អល់ជាតិនិយមខ្លំាងមែនទែន គាត់ប្រឆំាងនឹងវត្តមានកងទ័ពវៀតណាមមកជួយផ្តួលរំលំរបបប្រលៃពូជសាសន៍ ហើយប្រសិនបើគាត់ប្រឆំាងហើយ ប្រសិនបើអត់មានកំលំាងកងទ័ពវៀតណាមមកជួយកម្ពុជាទេ តើ ពុល ពត ខ្ចាត់ខ្ចាយទេ ហើយប្រជាពលរដ្ឋនៅណា ថាលោកប៉ែន សុវណ្ណទប់ទល់មិនឲ្យមានផែនការក៥ មិនឲ្យបង្កើតក៥ហ្នឹងហើយ បានសេចក្តីថាចង់ឲ្យ ប៉ុល ពត កាត់សម្លាប់(ខ្មែរ)ជាថ្មីទៀត អ្នកនិយាយក៏អត់រស់ដែរ»។

លោក សុខ ឥសាន ថាមានតែការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេដែលធ្វើឲ្យទឹកដីកម្ពុជាស្ថិតស្ថេរនិងគង់វង្ស។

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងប្រាប់អ្នកសារព័ត៌មាននិងប្រជាពលរដ្ឋ ខណៈសពលោក ប៉ែន សុវណ្ណ បានហែមកដល់មុខទីស្នាក់ការគណបក្សថា លោក ប៉ែន សុវណ្ណ បានផ្តំាឲ្យអ្នកនយោបាយខ្មែរទំាងអស់ចេះសាមគ្គីនិងរួបរួមគ្នា៖ «គាត់តែងតែដាស់តឿន ក្រៀនរំឮកដល់យើងទំាងអស់គ្នាជាខ្មែរ ឲ្យរួបរួមគ្នាដើម្បីការពារនូវអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យជាតិឲ្យបាន នេះហើយជាបណ្តំារបស់គាត់»។

លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីដំបូងក្រោយរបបខ្មែរក្រហម បានទទួលមរណភាពនាថ្ងៃទី២៩ ខែតុលា ក្នុងអាយុ៨០ឆ្នាំ ដោយរោគាពាធ។

លោកធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីទីមួយនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ចន្លោះឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨១ ដែលលើកបន្ទុបដោយរដ្ឋាភិបាលទីក្រុងហាណូយ។ ប៉ុន្តែក្រោយមកលោកត្រូវបានវៀតណាមចាប់ដាក់គុកងងឹត១០ឆ្នាំ ដោយសារតែអ្វីដែលលោក ប៉ែន សុវណ្ណ បញ្ជាក់ថាមកពីលោកមិនចង់ស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងហាណូយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ