សង្គមស៊ីវិលស្នើរដ្ឋាភិបាលបង្ហាញទិន្នន័យប្រទេសនិងតម្លៃដែលកម្ពុជានាំខ្សាច់ទៅលក់

អង្គការសង្គមស៊ីវិលជិត៥០ ស្នើរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បំភ្លឺអំពីការនាំខ្សាច់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសនានា ចាប់ពីឆ្នាំ២០០៧ដល់ឆ្នាំ២០១៥។

នៅក្នុងលិខិតចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ក្រុមអង្គការសង្គមស៊ីវិលចំនួន៤៧ស្ថាប័ន ស្នើឲ្យ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បង្ហាញពីឈ្មោះប្រទេសដែលកម្ពុជាបាននាំខ្សាច់ចេញទៅលក់ តួលេខ រួមទាំងតម្លៃ និងបរិមាណនៃខ្សាច់ដែលនាំចេញទៅកាន់ប្រទេសនីមួយៗ។

លិខិតរបស់អង្គការសង្គស៊ីវិលបានស្រង់សម្ដីរបស់អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល លោក ឌិត ទីណា ដែលប្រាប់ប្រព័ន្ធផ្សាយកាលពីពេលថ្មីៗនេះថា ចាប់ពីឆ្នាំ២០០៧ដល់ឆ្នាំ២០១៥ បរិមាណខ្សាច់ដែលកម្ពុជានាំចេញទៅក្រៅមានចំនួន១០.៦៦៩.២១២ម៉ែត្រគូបគឺ ស្មើនឹង១៧លានតោន។ ប៉ុន្តែអង្គការសង្គមស៊ីវិលថា រដ្ឋាភិបាលពុំបានបង្ហាញឈ្មោះប្រទេសណាខ្លះ ហើយលក់តម្លៃប៉ុន្មាននោះទេ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ដែលចូលរួមចេញលិខិតនេះដែរលើកឡើងថា របាយការណ៍របស់ក្រសួងរ៉ែនិងថាមពលបង្ហាញថា ខ្សាច់ដែលនាំទៅប្រទេសសិង្ហបុរីមានជាង២ លានតោន ប៉ុន្តែបើតាមរបាយការណ៍សិង្ហបុរី មានចំនួនច្រើនជាងនេះ ដែលលោកថាខុសគ្នាពីរបាយការណ៍របស់រដ្ឋាភិបាលកម្ពុជា។ លោកបន្តថា បើមិនបង្ហាញឲ្យមានតម្លាភាពទេ នាំឲ្យមានការសង្ស័យថាអាចមានអំពើពុករលួយ។

លោកមានប្រសាសន៍ថា៖ “យើងមានការសង្ស័យថា អភិបាលកិច្ចឬក៏ការគ្រប់គ្រងធនធានខ្សាច់ អាចមានបញ្ហា ក្នុងការគ្រប់គ្រង ក្នុងការនាំចេញដែរ វាអាច បើសិនជាតួលេខវាខុសគ្នាចឹង វាអាចមានការនាំខ្សាច់ហ្នឹងទៅខុសច្បាប់ដែរ។ មួយទៀត រឿងខ្សាច់នេះ វាមិនមែនជារឿងដែលសាមញ្ញាធម្មតាទេ មានមនុស្សបានជាប់ពន្ធធនាគារ ដោយសារការពារធនធានធម្មជាតិខ្សាច់ហ្នឹង ជាពិសេសនៅខេត្តកោះកុងអី។ យើងចង់ឲ្យរដ្ឋាភិបាលបង្ហាញមើលថា តើចំណូលនៃការនាំខ្សាច់ចេញហើយនិងផលប៉ះពាល់វាមានអីខ្លះ ថាតើតុល្យភាពនៃផលចំណេញ បានមកវិញហើយនិងផលប៉ះពាល់វាមានភាពស៊ីសង្វាក់គ្នាដែរឬទេ បើសិនជាវាមានផលខានប្រយោជន៍ ហើយវាប៉ះពាល់ដល់បរិស្ថាន នោះរដ្ឋាភិបាលគួរពិចារណាដែរ“។

អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល លោក ឌិត ទីណា មានប្រសាសន៍ថា ក្រសួងនឹងបង្ហាញចំនួនទិន្នន័យទាំងអស់ជាសារធាណៈក្នុងពេលឆាប់ៗនេះ។

លោកមានប្រសាសន៍ថា៖ “ទីមួយលិខិតចំហយើងបានទទួលពីម្សិលមិញ ហើយក្រសួងនឹងឆ្លើយតបជាចំហទៅវិញដែរ នៅក្នុងខ្លឹមសារនៃសំណួរទាំង២ទំព័រកន្លះ។ អ្នកសារព័ត៌មាននឹងទទួលបាននូវខ្លឹមសារទាំងស្រុង នៅពេលឆាប់ៗនេះ ពេលដែលយើងរៀបចំឆ្លើយទាំងអស់ ពីព្រោះអីយើងប្រមូលដែរតាដាក់ឆ្លើយជូន“។

នៅក្នុងលិខិតរបស់សង្គមស៊ីវិលឲ្យដឹងទៀតថា ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម ចាប់ពីឆ្នាំ២០០៧ដល់២០១៥  កម្ពុជាបាននាំខ្សាច់ចេញក្នុងបរិមាណសរុប២.៨លានតោន ក្នុងតម្លៃ៥.៥ ដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសសិង្ហបុរី ។

ទាក់ទងករណីនេះក្នុងសន្និសីទកាលពីម្សិលមិញ តំណាងគណបក្សសង្រ្គោះជាតិថានឹងកោះហៅរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោក ស៊ុយ សែម ឲ្យបំភ្លឺនៅរដ្ឋសភានៅក្នុងខែវិច្ឆិកានេះ ជុំវិញការនាំចេញខ្សាច់ទៅក្រៅប្រទេសនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ