ពលរដ្ឋមួយចំនួនសម្រុកទៅស្រុកកំណើតនៅថ្ងៃបុណ្យអុំទូក

ពលរដ្ឋប្រមូលផ្តុំគ្នានៅបេឡានកាពីតូលនាព្រឹកថ្ងៃទី២វិច្ឆិកានេះ

ក្នុងពិធីបុណ្យអុំទូកនៅឆ្នាំនេះ ពលរដ្ឋមួយចំនួន ឲ្យដឹងថា ពួកគេ បានសម្រេចចិត្តចាកចេញពីទីក្រុងភ្នំពេញ ត្រឡប់ទៅស្រុកកំណើតវិញ ដោយមានហេតុផលផ្សេងៗពីគ្នា។

កំពុងរង់ចាំឡើងរថយន្ដក្រុងនៅបេឡានសូរិយា ក្បែរផ្សារធំថ្មី រាជធានីភ្នំពេញ លោក ប៊ុន ឡេង និងភរិយា ឲ្យដឹងថា ពួកគាត់ចង់ទៅលេងឪពុក នៅខេត្តសៀមរាប និងថា ដើម្បីមើលការខុសត្រូវ ក្រុមហ៊ុននៅទីនោះផងដែរ។ លោកថា ជារៀងរាល់ឆ្នាំ លោកមិនសូវបានចូលរួមពិធីបុណ្យអុំទូកនៅទីក្រុងភ្នំពេញទេ។

 

ពលរដ្ឋម្នាក់ទៀត ដែលកំពុងរងចាំ នៅបេឡានសូរិយាដែរនោះ គឺអ្នកស្រី នៅ អាយុ៤៨ឆ្នាំ និយាយថា រូបគាត់ និងសមាជិកគ្រួសារ៤នាក់ផ្សេងទៀត ត្រូវធ្វើដំណើរទៅលេងកូន នៅឯខេត្តបាត់ដំបង។ ប៉ុន្ដែ អ្នកស្រីសង្ឃឹមថា នឹងអាចត្រឡប់មកចូលរួមពិធីបុណ្យអុំទូក នៅទីក្រុងភ្នំពេញវិញ នៅថ្ងៃបន្ទាប់។

 

ងាកមកបេនឡានកាពីតូល ក្នុងសង្កាត់អូរឬស្សីវិញ បុរសម្នាក់ ដែលអះអាងថា ត្រៀមឡើងរថយន្ដទៅខេត្តពោធិ៍សាត់ គឺលោក ឌី និយាយថា លោកមិនចង់ចូលរួមបុណ្យអុំទូកនៅភ្នំពេញនោះទេ ព្រោះថា មិត្តភក្ដិឯទៀត បានត្រឡប់ទៅតាមខេត្តអស់ទៅហើយ។ មួយវិញទៀត លោកថា ក៏បារម្ភពីបញ្ហាសុវត្ថិភាព ក្រែងលោ មានគ្រោះថ្នាក់ជាន់គ្នា កាលពីប៉ុន្មានឆ្នាំមុន។

 

យុវជនម្នាក់ទៀត ដែលអះអាងជាកម្មករ នៅរោងចក្រមួយកន្លែង គឺលោក ចាន់រ៉ា អាយុ២៩ឆ្នាំ ឲ្យដឹងថា លោកនឹងត្រឡប់ទៅខេត្តបាត់ដំបង ដើម្បីឆ្លៀតពេលនេះ បានទៅចុះឈ្មោះបោះឆ្នោតនឹងគេ។ ម្យ៉ាងទៀត លោកថា នឹងបានជួបជុំគ្រួសារ និងមិត្តភក្ដិនៅទីនោះ។

 

យ៉ាងណាក៏ដោយ មន្ដ្រីសន្ដិសុខនៅបេនឡានសូរិយា លោក ចាន់ សុផល សង្កេតឃើញថា​ ពលរដ្ឋជាច្រើន បាននាំគ្នាសម្រុកទៅតាមបណ្ដាខេត្ត ដោយលោកថា វាហាក់ខុសប្លែកពីឆ្នាំមុនៗ។

 

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពិធីបុណ្យអុំទូក ត្រូវបានខកខានជាបន្ដបន្ទាប់ ក្រោយមានព្រឹត្តិការណ៍ស្លាប់ជាន់គ្នាប្រមាណជាង ៣៥០នាក់ នៅលើស្ពានចូល តំបន់កោះពេជ្រ កាលពីឆ្នាំ២០១០។

ក្រោយខកខាន៣ឆ្នាំជាប់ៗគ្នា រដ្ឋាភិបាល បានរៀបចំឲ្យមានពិធីបុណ្យអុំទូកនេះឡើងវិញនៅឆ្នាំ២០១៤។ ប៉ុន្ដែ នៅឆ្នាំ២០១៥ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសផ្អាកបុណ្យនេះម្ដងទៀត ដោយលើកហេតុផលថា ​ទឹកទន្លេមានកំពស់ទាបពេក ខណៈអ្នកតាមដានសង្គមយល់ថា អាជ្ញាធរមានការភ័យខ្លាច ក្រែងមានក្បួនបាតុកម្មប្រឆាំងរដ្ឋាភិបាលណាមួយ។

យ៉ាងណាមិញ រដ្ឋាភិបាលបានអនុញ្ញាតឲ្យមានពិធីបុណ្យជាតិនេះឡើងវិញ នៅក្នុងឆ្នាំ២០១៦។ ហើយនៅឆ្នាំ២០១៧នេះ ព្រះរាជពិធីបុណ្យអុំទូក នឹងចាប់ផ្ដើម ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៤ខែវិច្ឆិកា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ