GMAC ​អំពាវ​នាវ​ទៅ​អ្នក​បញ្ជា​ទិញ​ឲ្យ​បន្ត​គាំ​ទ្រ​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឈរថត​រូប​ជាមួយ​ក្រុម​កម្មការិនី​នៅ​តាម​រោងចក្រ​ស្ថិត​ក្នុង​ខណ្ឌ​សែនសុខ រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ រូបថត៖ ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានអំពាវនាវទៅអ្នកបញ្ជាទិញអន្តរជាតិទាំងអស់ ឲ្យ​បន្តគាំទ្រ​ដល់កម្ពុជា និង រោងចក្រជា​សមាជិក ដោយ​ថា ដើម្បីសម្រេចគោលដៅសេដ្ឋកិច្ចកម្ពុជា ខណៈ​ដែល​សហគមន៍​អន្តរជាតិ បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​ប្រទេស​កម្ពុជា បន្ទាប់​ពី​ការ​រំលាយ​បក្ស​ប្រឆាំង​ដ៏ធំ។

គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​ប្រហែល ៣​លាន​សំឡេង នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣​នោះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេចរំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ទៅ​តាម​បណ្ដឹង​របស់​​ក្រសួង​មហាផ្ទៃ ហើយ​ថ្នាក់​ដឹកនាំ ១១៨​របស់​បក្ស​នេះ ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ។

ក្រោយ​ពី​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​រំលាយ ហើយ​អាសនៈ​សភា ៥៥​របស់​បក្ស​នេះ​ក៏​ត្រូវ​បាន​ដក​ហូត និង​បែង​ចែក​នោះ សហគមន៍​អន្តរជាតិ នាំ​មុខ​ដោយ​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេស បាន​ព្រមាន​សើរើ​ភាព​អនុគ្រោះ​ពន្ធ​សម្រាប់​ទំនិញ​នាំ​ចូល​ពី​ប្រទេស​កម្ពុជា ដែលនេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រតិកម្ម​ទៅ​នឹង​វិធានការ​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ។

ស្ថិត​ក្នុង​ស្ថានភាព​​នយោបាយ​មិន​ច្បាស់​លាស់​បែប​នេះ GMAC អំពាវនាវទៅ​អ្នកបញ្ជាទិញអន្តរជាតិ​ទាំងអស់ ឲ្យ​បន្តគាំទ្រ​​ដល់កម្ពុជា និង រោងចក្រជា​សមាជិក ដោយ​ថា ដើម្បីសម្រេចគោលដៅសេដ្ឋកិច្ច និង​នាំមកនូវសុខុមាល​ភាពប្រសើរ​ឡើង​របស់​​ពលរដ្ឋ។ តំណាង​រោងចក្រ​កាត់​ដេរ​មួយ​នេះ បាន​អំពាវ​នាវ​បែប​នេះនៅ​ក្នុង​​សេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃម្សិលមិញ​នេះ។

GMAC ក៏​បាន​ស្នើ​ទៅ​អ្នក​បញ្ជា​ទិញ​អន្តរជាតិ កុំ​ឲ្យ​បក​ស្រាយ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន ទៅ​ជា​សកម្មភាព​ណា​​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ជា​អវិជ្ជមាន​ដល់​ផលិតកម្ម និង​សង្វាក់​ផ្គត់​ផ្គង់​នៃ​ឧស្សាហកម្ម​កាត់​ដេរ។

ក្នុង​សេចក្ដីថ្លែងការណ៍ដដែល​នោះ GMAC លើកឡើងបន្តថា សមាគមចង់រក្សាឲ្យមានប្រតិបត្តិការរលូនសម្រាប់រោងចក្រ​ជា​សមាជិកចំនួន ៦០០ ដែលទ្រទ្រង់សេដ្ឋកិច្ចដល់ក​ម្មករជាង ៧០​ម៉ឺននាក់ ដែលភាគច្រើនជាស្រ្តីទ្រទ្រង់សមាជិក​គ្រួសារពួកគេ ដែលជាពលរដ្ឋប្រមាណ ២លាននាក់ទៀត។

សេចក្ដីថ្លែងការណ៍ដដែលបន្តថា និយោជក កម្មករទាំងអស់ ព្រមទាំងសហជីព កំពុងធ្វើការងារដូចធម្មតា និង ដោយ​សន្តិភាព ដើម្បី​ផ្គត់​ផ្គង់​សេដ្ឋកិច្ច​ផ្ទាល់ខ្លួនរបស់ពួកគេ និងសេដ្ឋកិច្ចកម្ពុជា ហើយការអភិវឌ្ឍនៃ​ឧស្សាហ​កម្ម​របស់​កម្ពុជា​រហូត​មក​ដល់​ពេល​នេះ បាន​យក​ប្រជា​ពលរដ្ឋ​រាប់​លាននាកចេញពីភាពក្រីក្រ។

GMAC អះ​អាង​ថា រដ្ឋាភិបាល​កម្ពុជា និង​និយោជក នៅតែប្ដេជ្ញាភ្ជាប់ឧស្សាហ៍កម្មកម្ពុជាទៅនឹងលក្ខខណ្ឌការងារ​ប្រសើរឡើងតាម​រយៈ​ការ​គោរពច្បាប់ជាតិ និង​ស្ដង់ដារការងារអន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ