វិភាគ៖ ការប្រើយុទ្ធសាស្ត្ររំលាយគូប្រកួតមុនការបោះឆ្នោត

ក្រុមអ្នកវិភាគបានមើលឃើញថា យុទ្ធសាស្ត្ររំលាយដៃគូប្រកួតនៅពេលការ​បោះ​ឆ្នោតជិតមកដល់ ​ត្រូវបាន​បង្ហាញច្បាស់ៗតាមរយៈសាររបស់មេដឹកនាំគណបក្សកាន់អំណាចនៅសប្តាហ៍នេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាឲ្យក្រុមអ្នកច្បាប់របស់លោក​ព្រាង​វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដោយលោកចង់ឲ្យចែងថា ក្រសួងមហាផ្ទៃអាចរំលាយគណបក្សនយោបាយណាមួយចោល បើរកឃើញថាមានកំហុស។ លោក ហ៊ុន សែន និយាយថា លោកចង់ធ្វើដូចនេះគឺយក​លំនាំតាមប្រទេសថៃ ខណៈដែល​ថៃ​បច្ចុប្បន្ន​ដឹក​នាំ​ដោយ​ពួកយោធា។

អ្នកវិភាគយល់ថា ការ​ចង់កែប្រែច្បាប់បែបនេះគឺជាយុទ្ធសាស្ត្រ​ចុង​ក្រោយ​របស់ ​លោក ហ៊ុន សែន ទៅរំលាយគណបក្សសង្រ្គោះជាតិដែលជាដៃគូប្រកួត​ធំជាងមួយ​នៅពេល​បោះឆ្នោត​ខាង​​​មុខ។

លោកបណ្ឌិត ចាន់ វិបុល អ្នកជំនាញអភិបាលកិច្ចនិងប្រជាធិបតេយ្យវិភាគថា ការកែ​ប្រែ​ច្បាប់​នេះគឺជាចេតនានយោបាយមិនល្អមួយដើម្បីកម្ចាត់ដៃគូប្រកួត។ លោកមានប្រសាសន៍ថា៖ «ខ្ញុំឃើញថាការធើ្វនេះវាជាគំរូអាក្រក់បំផុតហើយទាក់ទងនឹងការប្រើប្រាស់យន្តការរដ្ឋសភាដើម្បីកម្ចាត់តួអង្គឬដៃគូណាម្នាក់ដែលកំពុងមានអំណាចប្រហាក់ប្រហែលគ្នាគឺសំដៅទៅលើគណបក្សសង្ក្រាះជាតិនេះ ពីព្រោះខ្ញុំយល់ថាគណបក្ស[CPP]នេះធើ្វវិសោធនកម្មពីព្រោះថាទូទៅគួរបង្កើតហើយមុននឹងចាប់ផ្ដើមមានបញ្ហាហឹ្នង។ ប្រសិនបើមានបញ្ហាហឹ្នងទៅ គេចាប់ផ្ដើមបង្កើតច្បាប់រឿងទោសទណ្ឌទាំងអស់នេះកើតឡើងដោយសារប្រឡាក់ប្រលោកនយោបាយ»។

នៅប្រទេសថៃ ច្បាប់​រំលាយគណបក្សណាមួយ បើ​មាន​សមាជិកបក្សនោះ​ប្រព្រឹត្តកំហុស គឺ​ត្រូវបាន​បង្កើត​ឡើងតាំងពីមុន​របប​សឹក​ឡើង​កាន់​អំណាចទៅទៀត។

ទោះជាយ៉ាងណា អ្នកវិភាគលើកឡើងថា ការចង់ឲ្យមានច្បាប់បែបនេះនៅកម្ពុជាមិនមែនជាឧបសគ្គដល់​គណបក្ស​ណាមួយនោះទេ ប៉ុន្តែបញ្ហានៅត្រង់​ការ​កំណត់ថា អ្នកនយោបាយណាម្នាក់មានទោសឬ​មិនមាន​ទោស​គឺអាស្រ័យតែអារម្មណ៏របស់អ្នកមានអំណាច តាមរយៈ​ប្រព័ន្ធតុលាការ។

លោក ចាន់ វិបុល វិភាគទៀតថា ការកែប្រែច្បាប់​នេះទំនងជាគណបក្សកាន់អំណាចខ្លាច​ចាញ់​​គណបក្ស​ប្រឆាំងនៅពេល​បោះឆ្នោតខាងមុខ។ លោកមានប្រសាសន៍ថា៖ «តាមការពិតទៅសម្រាប់រយៈពេលវែងមិនមែនជារឿងអាក្រក់ទេ។ ខ្ញុំថាវាជារឿងល្អ ព្រោះវាមានច្បាប់ការពារកុំឲ្យមានទណ្ឌិតអីចឹង ប៉ុន្តែសម្រាប់ទិដ្ឋភាពនេះបញ្ជាក់ថាគឺគោលបំណងនៃការតាក់តែងច្បាប់គ្រាន់តែបំផ្លាញគណបក្សមួយដែលនឹងអាចធ្វើឲ្យគណបក្សប្រជាជនមានការភ័យខ្លាចថាគណបក្សនេះអាចទទួលបានអំណាចនៅឆាំ្ន២០១៧ឆាំ្ន២០១៨»។

អ្នកវិភាគលើកឡើងដូចនេះ ដោយ​មើល​ឃើញថាយុទ្ធសាស្ត្រ​បំបែកមេដឹកនាំគណបក្ស​ប្រឆាំង លោក សម រង្ស៊ី ឲ្យចេញពីលោក កឹម សុខា ច្រើ​ន​ក្បាច់​កន្លង​មក​មិនបានជោគជ័យ។ លោក ហ៊ុន សែន ក៏បានប្រកាសជាសាធារណៈថា លោកចាញ់បោកលោក កឹម សុខា ផងដែរ​។ ក្នុង​ន័យនេះអ្នកវិភាគយល់ថា មកពីលោក កឹម សុខា មិនព្រម​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោល​ទោស លោក សម រង្ស៊ី តាមអ្វីដែលលោក ហ៊ុន សែន ចង់បាននៅពេលមានជំនួបបិទ​ទ្វារ​នៅ​រដ្ឋ​សភា កាលពីពេលដែលរដ្ឋសភាអនុម័តដក​តំណែងប្រធានក្រុម​មតិ​ភាគតិចពី លោក សម រង្ស៊ី ប្រ​គល់​​ឲ្យ លោក កឹម សុខា នោះ។​

លោកបណ្ឌិត ឡៅ ម៉ុងហៃ វិភាគថា ការកែប្រែច្បាប់ក្នុងកាលៈទេសនេះ​គឺធ្វើឡើង​ដោយ​មិនមាន​សីលធម៌ ក្នុងន័យផ្ចាញ់អ្នកនយោបាយណាមួយ។ លោកយល់ថា៖ «ហឹ្នងគេអត់មានគេហៅថានីត្យានុកូលភាពទេ។ជាសញ្ញាមួយដែលបង្ហាញថាអំណាចឥឡូវនេះផ្ដាច់ការទៅៗ។…គឺអាចស្របតាមនីតិវិធីច្បាប់ស្របច្បាប់ស្របនិងរដ្ឋធម្មនុញ្ញប៉ុន្តែគេហៅថាតម្លៃសីលធម៌ខ្លឹមសារសីលធម៌ហឹ្នងដោយសារច្បាប់នេះធើ្វក្នុងកាលៈទេសៈមួយតម្រង់ទៅគណបក្សណាមួយឬបុគ្គលណាម្នាក់»។

លោក ឡៅ ម៉ុងហៃ ប្រៀបធៀបការ​កែច្បាប់ដើម្បីរំលាយគណបក្ស​ណាមួយនៅពេលនេះ​ទៅ​នឹង​​ការលែង​​បាល់ទាត់។ លោកប្រៀបធៀបថា៖ «ខ្ញុំនិយាយប្រៀបធៀបចុះ។ ដូចយើងអ្នកលេង ក្រុមទាត់បាល់ពីរហើយក្រុមមួយដែលជាអាជ្ញាកណ្ដាលផងដែរហើយចេះតែទាត់មិនចូល។ ម្លោះហើយរើហ្គោនពីកន្លែងមួយទៅកន្លែងមួយឬពង្រីកដើម្បីឲ្យទាត់បាល់ចូល។ អាហឹ្នងគឺអត់ត្រឹមត្រូវទេ»។

ទោះជាយ៉ាងណា លោក ឡៅ ម៉ុងហៃ បញ្ជាក់ថា ច្បាប់នេះអាចកែប្រែទៅបាននៅពេល​វេលា​សម​ស្រប​ណាមួយដែលអ្នកនយោបាយស្រុះស្រួលគ្នា ហើយថាការកែប្រែនៅពេលនេះ​មិន​អាច​​អនុវត្តលើ​គណបក្សនយោបាយ​ដែល​បាន​និង​កំពុងដំណើរ​ការ​ស្រាប់នោះទេ ​ដែល​តាម​ន័យ​ច្បាប់​គឺមិនអាចធាក់ថយក្រោយឬអប្រតិសកម្មបានឡើយ។​

សូមបញ្ជាក់ថា មុននឹងបញ្ជាឲ្យកែប្រែច្បាប់​ដើម្បី​ឈាន​ទៅ​រំលាយ​គណបក្សណា​មួយ​ចោល​នោះ​​លោកនាយករដ្ឋ​មន្រ្តី ហ៊ុន សែន ក៏បានបញ្ជាឲ្យកែច្បាប់​មួយទៀតដើម្បី​ហាមឃាត់​មិនឲ្យ​អ្នកន​យោ​បាយ​​​មានទោស​ធ្វើ​ជាប្រធានគណបក្សបានឡើយ ខណៈលោក សម រង្ស៊ី ត្រូវបាន​តុលាការ​កាត់​ទោសនោះ។

ជាការកត់សំគាល់ ​ការ​អនុម័ត​ច្បាប់មួយចំនួនកន្លង​ដែលធ្វើ​ឡើងដោយ​គណបក្សប្រជាជន​កម្ពុជា​តែ​ឯង​​គឺ​មិន​​​សូវ​​មាន​វិសាលភាពអនុវត្ត​ជាទូទៅនោះទេ។ច្បាប់ទាំងនោះរួមមាន ច្បាប់​ឯកព័ន្ធភាព ដែល​​ធ្វើ​ឡើង​សំដៅ​ទៅ​បញ្ចប់​ជីវិតនយោបាយ​សម្តេចក្រុមព្រះ និងច្បាប់​ប្រឆាំងនឹងអ្នក​មិន​ទទួល​​ស្គាល់​របបខ្មែរ​ក្រហម ដែល​សំដៅទៅលើ លោក កឹម សុខា បន្ទាប់ពីលោក​ថ្លែងទាក់ទង​នឹង​​គុក​ទួល​ស្លែង​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ