ក្រសួង​ព័ត៌មានគ្រោងស្នើបន្ថយការផ្សាយថា «​មីក្រូហិរញវត្ថុ​ជា​របស់​ឯកជន មិនមែន​របស់​រដ្ឋ​ទេ​​»

បណ្តុំឡូហ្គោគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលកំពុងប្រកបអាជីវកម្មនៅកម្ពុជា (រូបភាពហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

​មន្ត្រីជាន់ខ្ពស់នៃក្រ​សួង​ព័ត៌មាន ​គ្រោង​ស្នើ​ទៅលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បីសុំ​កាត់បន្ថយ​ការ​ផ្សព្វ​ផ្សាយ​​​ពាក្យឃ្លា «​មីក្រូហិរញវត្ថុ​ជា​របស់​ឯកជន មិនមែន​របស់​រដ្ឋ​ទេ​» ដោយថា ​​កុំ​ឲ្យ​ពលរដ្ឋ​ធុញទ្រាន់​នឹង​សំឡេង​​នេះ​។

គម្រោងស្នើសុំនេះ ធ្វើឡើងបន្ទាប់ពី​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជា​ឲ្យក្រុមហ៊ុន​ទូរ​សព្ទ​និង​បណ្តាញប្រព័ន្ធ​ផ្ស​ព្វ​​ផ្សាយ ឲ្យ​​​ជួយផ្សាយថា «មីក្រូហិរញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ» ខណៈ​លោក ហ៊ុន សែន ក៏បានបញ្ជាផ្ទាល់​បន្ថែម​​ទៀត ​ឲ្យ​ម្ចាស់​ក្រុមហ៊ុនទូរសព្ទទាំងអស់ ត្រូវចាក់សារជាសំឡេងដូចគ្នានេះ ​តាមរយៈការហៅទូរសព្ទ ដែលហៅជាភាសាអង់គ្លេសថា Call Tunes។

ក្នុង​កម្ម​វី​ធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារមួយកាលពី​​ថ្ងៃទី២​មីនាម្សិលមិញ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែង​ថា ការផ្សព្វផ្យាយពាក្យស្លោកថា ​«មីក្រូហិរ​ញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ» ជារៀងរាល់ថ្ងៃ​រហូត​ដល់ពេញមួយ​ឆ្នាំ អាចធ្វើឲ្យពលរដ្ឋខ្លះ មាន​ការ​ធុញ​ទ្រាន់​នឹង​សំឡេង​សារ​នេះ។

លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា លោកនឹងស្នើទៅ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍ទៅក្រុមហ៊ុនទូរសព្ទនិង​ប្រព័ន្ធ​​​ផ្សព្វផ្សាយ ឲ្យ​កាត់បន្ថយការ​ផ្សាយនៅត្រឹម​​មួយ​សប្ដាហ៍​ម្ដង ឬមួយ​ខែម្ដង​វិញ។

លោក​មាន​ប្រសាសន៍​​​​ថា៖ «យើង​មិនអាច​រត់តែរឿង​ហ្នឹង  [​មីក្រូហិរ​ញ្ញវត្ថុជារបស់ឯកជន មិនមែនជា​របស់​រដ្ឋទេ​ ]តែ​រហូត​មួយ​​​ឆ្នាំ វាទៅជាជ្រិញវិញហើយ។ ប្រហែលជាខ្ញុំ ពិគ្រោះ សុំយោបល់​ពីសម្តេច​នាយករដ្ឋមន្ត្រី ថាយើង​រត់១​​អាទិត្យ​​ចប់ ត ឬបន្ទាប់មក​១ខែ យើងចេញមួយដងទៅវិញ ជាការល្អ។ គឺជាបញ្ហាបច្ចេកទេ​​​»។

ទោះជាយ៉ាងណា លោក ខៀវ កាញារីទ្ធ មិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ ដែលថាគ្រោងស្នើទៅលោក ហ៊ុន សែន នោះទេ។

បើយើងក្រឡេកទៅមើលក្នុង​បណ្តាញសង្គមហ្វេសប៊ុក អ្នកប្រើប្រាស់ជាច្រើន បានបង្ហោះ និងចែករំលែកគ្នា ហើយអ្នកខ្លះទៀតក៏ បាន​ធ្វើត្រាប់តាម ការផ្សព្វផ្យាយឃ្លាថា  ​“មីក្រូហិរ​ញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋ” ដូចនេះ​ថា។ ​ខ្លឹមសារ​នោះមានន័យថា ​«គ្រឹះស្ថានរបស់មេក្រូហិរ​ញ្ញវត្ថុទំាងអស់​ជារបស់ឯកជន មិនមែន​ជា​របស់​​រដ្ឋនោះទេ សូមប្រជាពលរដ្ឋកុំយល់ច្រឡំ និយាយដដែលៗ ធុញខ្លួនឯងទេ​ [….] តែ​លេខ​នេះ ​ដូច​ជា​លេខ​វា ហើយច្បាស់ណាស់លេខហ្នឹង ម៉េចក៏តេទៅ ឮសំឡេងមនុស្សស្រីនិយាយវិញ។ មីក្រូហិរ​ញ្ញវត្ថុ​ជា​របស់​ឯកជន មិនមែនជារបស់រដ្ឋនោះទេ ខល​មក​​បង អូននឹងឮមីក្រូហិរ​ញ្ញវត្ថុក្នុង​ទូរ​សព្ទ​បងរំ​លឹក​ប្រាប់​អូន​ថាមិនមែនជារបស់រដ្ឋទេ។ មីក្រូ​ហិរញ្ញ​វត្ថុ​មិន​មែនជារបស់រដ្ឋទេអូន គឺជារបស់​ឯក​ជន អូនដឹងហើយ មិន​បាច់​នឹកអូនរាល់ថ្ងៃអញ្ចឹងទេ»។

ប្រជាពលរដ្ឋម្នាក់នៅរាជធានីភ្នំពេញ លោក ឃុត សំអូន បានឲ្យដឹងថា លោ​ក​ក៏អំពាវនាវឲ្យផ្អាក​ការផ្សព្វផ្សាយជុំវិញព័ត៌មាន​ដែលថា​​ “មីក្រូហិរ​ញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋ” នេះផង​ដែរ ដោយ​គាត់ថា នៅពេលតេទូរសព្ទ​ម្តងៗ គឺ​ធុញ​​ទ្រាន់​​​នឹង​សំឡេងនេះ​ (Call Tunes) នៅក្នុងទូរសព្ទនោះ​។

លោកនិយាយថា៖ ​«តាមពិតប្រជា​ជនទំាង​អស់​ក៏គាត់យល់ដែរ​ថា មេក្រូហិ​រញ្ញ​វត្ថុជារបស់ឯកជន​ មិនមែនជារបស់រដ្ឋទេ បើធនា​គារជាតិ​បានជា​របស់​រដ្ឋ។ ខ្ញុំចង់ឲ្យថាផ្អាកដែរ​ ព្រោះ​វា ឮ​សូរ​វារយៈពេល​តែ១អាទិត្យ ឬ១០ថ្ងៃ។ វាបានហើយ រយៈពេល១​ឆ្នាំ ​យូរ​ណាស់​​ធ្វើឲ្យយើង ហៅ​ទៅណា ​ឮ​តែ​ពាក្យហ្នឹងដដែលៗ វាធុញទ្រាន់នឹងស្តាប់​»។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ យល់ថា ការដាក់សំឡេងតាមទូរសព្ទ ឬ​​ (Call Tunes) “មីក្រូហិរ​ញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋ“ គួរតែដាក់រយៈពេលខ្លី​ ជាជាងដាក់១ឆ្នាំ តាម​ការចង់បានរបស់លោក ហ៊ុន សែន ដោយលោកថា អាចធ្វើឲ្យពលរដ្ឋមួយចំនួនមានការធុញទ្រាន់​និងរំលោភសិទ្ធិឯកជន​។

លោកបញ្ជាក់ថា មុន​ដាក់សំឡេងនេះ ក្រុមហ៊ុន​គួរតែ​សុំ​យោបល់​ពីអ្នកប្រើប្រាស់សេវាទូរសព្ទ ជាមុនសិន។

លោកមានប្រសាសន៍ថា៖ «ក្រុមហ៊ុនទូរសព្ទ គួរតែមានរបៀបធ្វើការងាររបស់​ខ្លួន​មួយ សួរមតិយោបល់របស់​អតិ​ថិជន​ ព្រោះថាទូរសព្ទនេះ ជាទូរសព្ទឯកជន​ទេ ក្រុមហ៊ុនត្រូវ​តែមានការសុំយោបល់​ពីអតិថិ​ជន​របស់ ខ្លួ​ន​ ថាតើគេ ត្រូវ​ការសំឡេងរោទិ៍របស់រដ្ឋាភិបាលប៉ុន្មាន រយៈពេល​១អាទិត្យ​ ៣ថ្ងៃ​ក្នុង​១ខែ អត់អាចដាក់​ឲ្យគេរហូត​ទេ។​ វាជាការរំលោភសិទ្ធិបុគ្គល​ដែរ នៅក្នុង​សីមទូរសព្ទ ដែលជារបស់ឯកជន​​»។

លោកមេធាវី សំ សុគង់ ពន្យល់តាមនីតិវិធីច្បាប់ថា ករណីអ្នកប្រើប្រាស់សេវារបស់ក្រុមហ៊ុនទូរសព្ទ ហើយត្រូវ​បានម្ចាស់ក្រុមហ៊ុនដាក់សំឡេងក្នុងទូរសព្ទ ដែលអ្នកប្រើមិនពេញចិត្ត លោកថា ជាការរំ​លោភ​ច្បាប់​។

ករណីនេះ លោកថា បើអ្នកប្រើប្រាស់សេវាយល់ថាសំឡេង​នោះ ​នាំឲ្យ​រំខាន​និងប៉ះ​ពាល់​អារម្មណ៍ខ្លំាង ពួកគេមានសិទ្ធិប្តឹងទៅតុលាការនិងស្ថាប័នពាក់ព័ន្ធឲ្យលុប​សំឡេងនោះ​ចេញបា​ន។

លោកពន្យល់ថា៖ «បើសិនជាប្រជាពលរដ្ឋគាត់មើលឃើញថា​ ប៉ះពាល់សិទ្ធិ​គាត់ធ្ងន់ធ្ងរ គាត់អាចប្តឹងទៅសមត្ថកិច្ច ក៏ដូចជាតុលាការ​ ដើម្បីឲ្យក្រុមហ៊ុនប្តូរចំពោះការប្រើ​ប្រាស់​សំឡេង ឬមួយក៏យើងប្តឹងទៅ​តុលាការមានសត្ថកិច្ចពិនិត្យទៅលើអំពីការខូច ឬការរំលោភទៅលើកិច្ចព្រ​ម​ព្រៀង​រវាង​អ្នកទិញសេវា និងអ្នកផ្តល់សេវា  [ក្រុមហ៊ុន​]​ទៅតុលាការ​ ឲ្យតុលាការពិនិត្យលើចំណុចអង្គហេ​តុទំា​ង​អស់​នោះ​»។

កាលពីថ្ងៃទី២២ខែកុម្ភៈ ក្រសួងពាណិជ្ជកម្ម​ បានតម្រូវឲ្យ ធនាគារពាណិជ្ជ ធនាគារឯកជន ធនាគារឯកទេស និង​គ្រឹះស្ថានមី​ក្រូហិ​រញ្ញ​វត្ថុឯ​ក​ជន ដែលបានប្រើប្រាស់ម៉ាកពាណិជ្ជកម្មរបស់ខ្លួ​ន មាន​លក្ខណៈ​ស្រដៀង​នឹង​និមិត្តសញ្ញាក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ត ឬ​ធនាគារជាតិ ត្រូវធ្វើការ​កែតម្រូវ​ម៉ាក​ពាណិជ្ជកម្មរបស់ខ្លួនឲ្យបានមុនថ្ងៃទី១០ខែមីនាឆ្នាំ២០១៧។

សេចក្តីប្រកាសរបស់ក្រសួងបែបនេះ ធ្វើឡើងភ្លាមៗក្រោយពីលោក ហ៊ុន សែន បានរិះគន់​មន្រ្តីរដ្ឋាភិ​បាល​របស់លោកថា ធ្វើការ «ស្ទក់»ក្នុងការផ្សព្វផ្សាយកុំឲ្យពលរដ្ឋយល់ច្រឡំរឿងជំពាក់បំណុលឯកជនទៅនឹងបំណុលរបស់រដ្ឋ។

លើពីនេះទៀតលោក ហ៊ុន សែន ក៏បានបញ្ជាឲ្យ​ប្រព័ន្ធ​ផ្ស​ព្វ​​ផ្សាយ និង​ក្រុមហ៊ុន​ទូរ​សព្ទទំាងអស់ ត្រូវ​​​​ជួយផ្សាយថា “មីក្រូហិរញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ” ដោយ​ប្រើសារសំឡេងដូចគ្នានេះ​នៅក្នុងទូរសព្ទ (Call Tunes) ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ