លោកហ៊ុន សែន ថាកម្ពុជាកំពុងខ្វះកម្លាំងពលកម្ម

រូបភាពពីហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាកម្ពុជាកំពុងខ្វះកម្លាំងពលកម្ម ដោយសារតែប្រាក់បៀវត្សមានកម្រិតទាប និងការចំណាក​ស្រុក​ទៅ​​ធ្វើការ​​នៅប្រទេសថៃ។

លោកហ៊ុន សែន លើកឡើងនៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ នេះក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីចំនួន ២១ ១៩១នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧៧ នៅតំបន់សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ។

លោក ហ៊ុន សែន បានលើកឡើងថា៖ «ឥឡូវនេះសម្រាប់កម្ពុជាចាប់ផ្ដើមខ្វះកម្លាំងពលកម្មហើយ ក្រុមហ៊ុននានា ចាប់ផ្ដើមប្រកួតប្រជែងហើយ។ ដើម្បីប្រកួតប្រជែងបានសំខាន់….មានតែពីរទេ ដែលជាចំណុចសំខាន់ដែលទាក់ទាញកម្មករទៅធ្វើការនៅកន្លែងរបស់ខ្លួន។ ទីមួយប្រាក់បៀវត្សត្រូវតែខ្ពស់ ទីពីរមានផ្ទះនៅ អាហ្នឹងគេទៅហើយ»

លោកហ៊ុន សែន បានលើកឡើងបន្ថែមថាបច្ចុប្បន្នពលករខ្មែរទៅធ្វើការនៅប្រទេសថៃ ដូចជាកាប់អំពៅ ជៀជ័រ​កៅស៊ូឲ្យគេ ដោយប្រាក់ខែនៅប្រទេសថៃខ្ពស់ ជាងប្រាក់ខែនៅប្រទេសកម្ពុជាបន្តិចបន្ទួច។ លោកហ៊ុន សែន​បន្ថែម​ដែរថា សូម្បីតែកន្លែងចំការដូងប្រេងរបស់លោក ម៉ុង ឬទ្ធីក៏ប្រឈមការខ្វះកម្មករធ្វើការដែរ ដែលត្រូវការ​កម្មករមកពីកន្លែងផ្សេងមកធ្វើការបន្ថែម។

របាយការណ៍ក្រសួងការងារថៃកាលពីឆ្នាំ២០១៦ បង្ហាញថា ពលករខ្មែរធ្វើការងារនៅថៃមាន ប្រមាណ​១​លាន​២​សែននាក់ ក្នុងនោះស្របច្បាប់៨០០ ០០០នាក់។​

ចំណែកសហជីពកម្ពុជាដែលកំពុងធ្វើការងាលើកកម្ពស់សិទ្ធិពលករកម្ពុជានៅក្រៅប្រទេស បានឲ្យដឹងថា ពលករ​ខ្មែរ​ធ្វើការនៅក្នុងប្រទេសថៃមានប្រមាន​១លាន៥សែនទៅ២លាននាក់ ទាំងស្របច្បាប់ និង ខុសច្បាប់។

ក្នុង​របាយការណ៍​បូកសរុប​លទ្ធផល​​របស់​ក្រសួង​ការ​ងារប្រចាំ​ឆ្នាំ​២០១៦ ​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​​ពល​ករ​ខ្មែរ​ចំណាក​ស្រុ​ក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​មាន​ជាង​ ១,១៥លាននាក់ ដែល​កំពុង​ធ្វើ​​ការ​​នៅ​ ថៃ​ កូរ៉េ ជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរី ក្នុង​​នោះ​ជាង​១លាន​នាក់ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ ចំនូន​នេះ​នៅ​មិន​ទាន់​រាប់​បញ្ជូល​ជន​ជាតិ​ខ្មែរ​ដែល​ទៅ​រស់​នៅ​ក្រៅប្រទេស​ដែលពុំ​មែន​ជា​ពល​ករ​ចំណាក​ស្រុក​នៅ​ឡើយ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ