សមត្ថកិច្ចថា​​នឹង​ពិនិត្យ​​ករណីមន្ត្រីក្រសួងមហាផ្ទៃ​លក់រថយន្ត​ស្លាកលេខ​នគរបាល​​​ឲ្យ​គ្រួសារ​ជនល្មើស​

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា អគ្គស្នងការនគរបាលជាតិកំពុងរៀបចំស្នើសុំទៅក្រសួងដើម្បីពិនិត្យ និងសម្រេចទោសកំហុសរបស់មន្ត្រីក្រសួងមហាផ្ទៃមួយរូបដែលបានលក់រថយន្តម៉ាក Audi ពាក់ស្លាកលេខនគរបាលទៅឲ្យប្រពន្ធរបស់បុរសម្នាក់ដែលត្រូវសមត្ថកិច្ចអះអាងថាជាមេខ្លោងជួញដូរគ្រឿងញៀន និងត្រូវបានសមត្ថកិច្ចបាញ់ស្លាប់កាលពីសប្ដាហ៍មុន។

កាលពីថ្ងៃទី២៧ ខែមេសា កងរាជអាវុធហត្តរាជធានីភ្នំពេញបានបង្ក្រាបទីតាំងជួ្ញដូរថ្នាំញៀនមួយកន្លែងនៅខណ្ឌទួលគោក ដែលក្នុងប្រត្តិបត្តការណ៍នោះសមត្ថកិច្ចបានបង្ក្រាបនឹងចាប់បានវត្ថុតាងមួយចំនួនដែលក្នុងនោះមានរថយន្ត Audi Q7 ដែលពាក់ស្លាកលេខនគរបាលផងដែរ។ យោងតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ ក្រោយពីប្រតិបត្តិការនេះបានបញ្ចប់ ស្លាកលេខនគរបាលរបស់រថយន្តនោះជាស្លាកលេខពិតប្រាកដ ជារបស់លោកឧត្តមសេនីយ៍ រស់ ឧស្សាហ៍ អគ្គធិការរងនៃអគ្គធិការដ្ឋានកិច្ចការនយោបាយ រដ្ឋបាល និងនគរបាល នៃក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថា អគ្គស្នងការនគរបាលជាតិនឹងពិនិត្យ និងស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីត្រួតពិនិត្យនិងសម្រេចទោសកំហុសរបស់មន្ត្រីក្រសួងមហាផ្ទៃរូបនេះ ដែលលោកថាបានលក់រថយន្តរបស់រដ្ឋក្នុងគោលបំណងប្រយោជន៍ឯកជន។ លោកឲ្យដឹងថា លោក រស់ ឧស្សាហ៍ បានលក់រថយន្តរបស់លោកដែលមានពាក់ស្លាកលេខនគរបាលនោះ ទៅឲ្យប្រពន្ធបុរសឈ្មោះ លឹម គឹមតេង ដែលត្រូវបានកងរាជអាវុធហត្ថបាញ់ស្លាប់កាលពីសប្ដាហ៍មុន។

[Quote]

ទោះយ៉ាងណា លោក ខៀវ សុភ័គ នៅមិនទាន់អាចបញ្ជាក់បានថា មន្ត្រីនគរបាលរូបនេះអាចទទួលទោស និងពិន័យកម្រិតណានោះទេ ដោយត្រូវរង់ចាំការពិនិត្យ និងសម្រេចរបស់ក្រសួងជាមុនសិន។

គួរបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងជួ្ញដូរថ្នាំញៀននៅខណ្ឌទួលគោកកាលពីថ្ងៃទី២៧នោះ មានហេតុការផ្ទុះអាវុធជាច្រើនរយគ្រាប់រវាងកម្លាំងកងរាជអាវុធហត្ថ និងឈ្មួញជួញដូរគ្រឿងញៀនដែលមានទីតាំងនៅផ្ទះលេខ៣៧ ផ្លូវលេខ៣៥១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ ការផ្ទុះអាវុធតបតគ្នានោះបានបណ្តាលឲ្យមេឈ្មួញជួញដូរថ្នាំញៀនឈ្មោះ លឹម គឹមតេង និងកម្លាំងកងរាជអាវុធហត្ថម្នាក់បានបាត់បង់ជិវិតក្នុងហេតុការណ៍នេះ។ ក្រោយពីបញ្ចប់ប្រតិបត្តិការ កងរាជអាវុធហត្ថបានធ្វើការឃាត់ខ្លួនមនុស្ស៥នាក់ និងវត្ថុតាងមួយចំនួនដូចជាអាវុធ៦ដើម និងរថយន្តចំនួនពីរគ្រឿង។

ទាក់ទងទៅនឹងករណីឈ្មួញជួ្ញដូរថ្នាំញៀននេះផងដែរ កាលពីម្សិលមិញ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីថ្លែងការមួយបដិសេធព័ត៌មានដែលថា អ្នកដែលត្រូវបានបាញ់ស្លាប់ក្នុងប្រតិបត្តិការណ៍គឺជាអតីតមេក្លោងជួញដូរថ្នាំញៀនដែលទើបត្រូវបានដោះលែងចេញពីពន្ធនាគារ។ ក្នុងសេចក្ដីថ្លែងការណ៍នោះ អយ្យការសាលាដំបូងបានឲ្យដឹងថា ជនជាប់ចោទឈ្មោះ លឹម គឹមតេង ដែលត្រូវបានបាញ់ស្លាប់នេះគឺជាអ្នកប្រើប្រាស់គ្រឿងញៀនដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ អនុវត្តទោសក្នុងពន្ធនាគារ១ឆ្នាំ ទោសនៅសល់ត្រូវព្យួរ និងពិន័យជាប្រាក់៤លានរៀលពីបទរក្សាទុក និងប្រើប្រាស់គ្រឿងញៀន កាលពីឆ្នាំ២០១៣។

អយ្យការសាលាដំបូងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នោះថា ការដែលតុលាការសម្រេចផ្តន្ទាទោសជនល្មើសរូបនោះដាក់ពន្ធនាគារត្រឹមតែ២ឆ្នាំនោះ ដោយយោងតាមមាត្រា៤០ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនចែងថា ការផ្តន្ទាទោសជនជាប់ចោទត្រូវគិតតាមបរិមាណសារធាតុសុទ្ធនៃគ្រឿងញៀន ដែលដកហូតពីជនជាប់ចោទ ហើយនៅពេលចាប់ខ្លួនពេលនោះឈ្មោះ លឹម គឹមតេង មានផ្ទុកថ្នាំញៀនមានបរិមាណសារធាតុចំនួន០,៧១ ក្រាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ