មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព (មជ្ឈមណ្ឌលភីឌីភី) បានដាក់លិខិតជូនទៅគណបក្សនយោបាយទាំង១២ ស្នើដាក់បញ្ចូលវិធានការឬដីកាឃុំ-សង្កាត់ នៅក្នុងគោលនយោបាយរបស់គណបក្ស ដើម្បីទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់ដែលជាប់ពាក់ព័ន្ធទៅនឹងការប្រើប្រាស់គ្រឿងស្រវឹងក្នុងឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧។
សេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧នេះ ភីឌីភី ទទូចសុំឲ្យគណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គួរមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចេញវិធានការ ឬដីកា ដើម្បីបង្ការនិងទប់ស្កាត់ផលប៉ះពាល់ដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់គ្រឿងស្រវឹងនៅក្នុងឃុំ-សង្កាត់ដែលខ្លួនជាប់ឆ្នោត។
PDP សំណូមពរឲ្យផ្តោតលើចំណុចសំខាន់បីដូចជា ដាក់កម្រិតឬហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្ម ដាក់កម្រិតភាពងាយរកបាន និងកម្រិតអាយុនៃការប្រើប្រាស់គ្រឿងស្រវឹង។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ការសំណូមពរជាគំនិតល្អហើយ តែវាមិនមានប្រសិទ្ធិភាពអីទេ ព្រោះកត្តាកំណត់នៅលើអ្នកប្រព្រឹត្ត «រារាំងបានលុះត្រាតែអាអ្នកផឹកហ្នឹងវាឈប់ផឹក រឿងតែប៉ុណ្ណឹងទេ! ចង់ផ្សាយពាណិជ្ជកម្មប៉ុន្មានកញ្ឆេក៏ដោយបើមិនផឹកវានៅតែមិនផឹកចឹង តែអាអ្នកផឹកបើវាចង់ផឹកហើយមានម៉ារៀលក៏ទុក បើអត់លុយក៏សុខចិត្តខ្ចីគេទៅទិញផឹកដែរ អាហ្នឹងយើងឃើញហើយ សភាពការពិតជាក់ស្តែងនៅកម្ពុជាយើងឃើញហើយតើ។ វាសំខាន់កត្តាកំណត់នៅលើអ្នកផឹកឬមិនផឹកទេ មិនមែននៅលើស្នើនេះស្នើនោះទេ ស្នើស្អី? ទោះដាក់ផាកពិន័យប៉ុន្មានក៏វានៅតែលួចផឹក!»។
ចំណែក លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ចំពោះគ្រឿងស្រវឹងគឺគណបក្សសង្គ្រោះជាតិជំរុញឲ្យមានការទប់ស្កាត់បានប៉ុនណាគឺគាំទ្រប៉ុណ្ណឹងព្រោះគ្រឿស្រវឹងមិនចំណេញអីដល់សង្គមជាតិទេ «ធម្មតាអាហ្នឹងគឺជាគោលការណ៍របស់ជាតិ! នៅក្នុងឃុំ-សង្កាត់របស់យើងអ្វីដែលយើងអាចធ្វើបានមានតែការអប់រំប្រជាពលរដ្ឋកុំឲ្យប្រើគ្រឿងស្រវឹងតែប៉ុណ្ណឹងឯង ក៏ប៉ុន្តែដើម្បីអនុវត្តឲមានប្រសិទ្ធិភាពមិនមែនត្រឹមតែអប់រំមិនឲ្យសេពគ្រឿងស្រវឹងទេ គឺយើងត្រូវទប់ស្កាត់តាំងពីគោលការណ៍ថ្នាក់ជាតិ ឧទាហរណ៍ដូចជាទប់ស្កាត់កុំឲ្យផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅតាមទីធ្លាសាធារណៈជាដើម»។
គ្រឿងស្រវឹងគឺជាបញ្ហាចម្បងទី៣ ដែលបានធ្វើឲ្យមនុស្សនៅលើពិភពលោកជាង ៣លាននាក់ ស្លាប់ជារៀងរាល់ឆ្នាំ និងជាបន្ទុកជម្ងឺជាង២០០មុខ។
នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៦កន្លងមកនេះ របាយការណ៍របស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានរកឃើញថា គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងចំនួនជាង ៣ ៣៣៨ករណី បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១ ៥៧៦នាក់ និងរបួសចំនួន ៥ ៩៦២នាក់ ដែលនៅក្នុងនោះ គ្រឿងស្រវឹង ត្រូវបានគេរកឃើញថាជាបញ្ហាចម្បងទីពីរបន្ទាប់ពីការបើកបរហួសល្បឿនកំណត់។
ការសេពគ្រឿងស្រវឹងជាកត្តាលីករ ជម្រុញឲ្យមានការប្រព្រឹត្តអំពើហិង្សាផងដែរ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រសួងកិច្ចការនារី ដែលបានរកឃើញថា អំពើហិង្សាក្នុងគ្រួសារកើតឡើងស្របពេលគ្នានៃការសេពគ្រឿងស្រវឹងញឹកញាប់របស់ជនបង្កហេតុ៕