របាយការណ៍៖ ស្ត្រីអ្នកសារព័ត៌មានកម្ពុជាប្រឈមនឹងការបៀតបៀនផ្លូវភេទ

របាយការណ៍ថ្មីមួយរកឃើញថា ស្ត្រីអ្នកសារព័ត៌មានកម្ពុជាប្រឈមនឹងការបៀតបៀនផ្លូវភេទខ្ពស់នៅកន្លែងធ្វើការ ប៉ុន្តែមិនហ៊ាននិយាយចេញ។

ក្នុងរបាយការណ៍សិក្សាទូទៅស្តីពី «ការឆ្ពោះទៅរកសមភាពយេនឌ័រ-ស្ត្រី​ និងវិស័យសារព័ត៌មាននៅកម្ពុជា» ដែលផ្សព្វផ្សាយចំ​ទិវា​​សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៨នេះ បានឲ្យដឹងថា ក្នុងចំណោមស្ត្រី២៣នាក់មានតែ៤នាក់​ ប៉ុណ្ណោះ​បាន​និយាយថា ខ្លួនធ្លាប់ទទួលរងការបំពានផ្លូវភេទ។

របាយការណ៍ដែលស្រាវជ្រាវដោយវិទ្យស្ថាន Fojo របស់​ប្រទេសស៊ុយអ៊ែត​ដដែលនេះបន្តថា មូលហេតុ​ដែល​ស្ត្រី​អ្នក​សារព័ត៌មាន​មិនហ៊ាននិយាយលម្អិត ដោយសារតែអ្នកបំពានគឺមិត្តរួមការងារ និងជាអ្នកគ្រប់គ្រងនៅកន្លែងធ្វើការ ឬជាបុគ្គល​សាធារណៈ​ដែល​មាន​មុខមាត់។

បើតាមរបាយការណ៍ ក្រុមពិភាក្សាជាស្ត្រី បានលើកឡើងនូវនិន្ន័យជាច្រើនទាក់ទងទៅនឹងការបៀតបៀនផ្លូវភេទជាច្រើនករណី រួមទាំងការនិយាយស្តីមិនសមរម្យ បញ្ឆិតបញ្ឆៀង ត្រូវបានថ្នាក់លើប៉ះពាល់ ឬ ស្ទាបអង្អែល ត្រូវចៅហ្វាយនាយញ៉ែតាមទូរសព្ទ និង២ករណីទៀត គឺបុគ្គលិកបុរសមើលរឿងអាសអាភាសនៅក្នុងការិយាល័យ។ នៅក្នុងរបាយការណ៍ដដែល ស្ត្រីអ្នកសារ​ព័ត៌មានវ័យក្មេង​មួយចំនួនបាននិយាយថា បុរសជាច្រើន មិនហ៊ានរំខានគាត់ទេ ដោយសារគាត់ត្រូវបានគេចាត់ទុកថា ជាស្ត្រីខ្លាំង។

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ឋាផាវី មានប្រសាសន៍ថា លោកស្រីចង់​ឲ្យមានការស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យប្រាកដចំពោះករណីបៀតបៀនផ្លូវភេទនេះ ហើយថា ក្រសួងកិច្ចការនារីកំពុងតែផ្តោតលើការអប់រំនិងចង់ឲ្យស្ត្រី​ជាអ្នកសារព័ត៌មាន​ហ៊ាននិយាយធ្វើជាគំរូ។

ច្បាប់មានហើយសូមជម្រាប! ប៉ុន្តែកិច្ចការនារីអត់ទាន់ចាប់ផ្តើមទេ កិច្ចការនារីចាប់ផ្តើមអប់រំសិន។ យើងមិនអាច​ដាក់អ្នកទាំងអស់ជាប់គុកទេ គុកឥឡូវពេញហើយ។ មួយទៀតឲ្យស្ត្រីមានភាពក្លាហានប្តឹងឡើង បើស្ត្រីអត់ប្តឹងយើងទៅ​ចាប់គេម៉េចកើត? បើយើងអ្នកកាសែតអត់ហ៊ាននិយាយផង តើឲ្យអ្នកធម្មតាទៅនិយាយយ៉ាងម៉េច?

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ឋាផាវី

នាយិកាប្រតិបត្តិអង្គការ SILAKA លោកស្រី ធីតា ឃឹះ មានសាសន៍ថា លោកស្រីជឿថា ការស្រាវជ្រាវនេះ មានភាពត្រឹមត្រូវច្រើន និងចង់ឲ្យមានយន្តការជួយដល់ស្ត្រីហ៊ានប្តឹងអំពីករណីបៀតបៀននេះ។

ត្រូវការតាមដានមើល ថាតើមានអ្នកណាដែលបានរំលោភទៅលើក្រមសីលធម៌សារព័ត៌មានហ្នឹង? ហើយត្រូវរៀបចំវិធានការផ្ទៃក្នុងរបស់ស្ថាប័នសារព័ត៌មានទាំងអស់ដើម្បីឲ្យមនុស្សហ៊ានប្តឹងដោយរក្សការសម្ងាត់ដើម្បីអាចដោះស្រាយបញ្ហា បើសិនណាជាសាម៉ីខ្លួនអត់ហ៊ាននិយាយ ដោះស្រាយអត់ចេញ

នាយិកាប្រតិបត្តិអង្គការ SILAKA លោកស្រី ធីតា ឃឹះ

របាយការណ៍នេះ ក៏បានរកឃើញផងដែរថា ចំនួនបុរសធ្វើការក្នុងវិស័យសារព័ត៌មាននៅតែមានច្រើនជាងស្ត្រី បើទោះជា​មាន​និស្សិតស្ត្រីដែលទើបបញ្ចប់ការសិក្សាផ្នែកសារព័តមានកាន់តែច្រើនឡើង ចាប់ផ្តើមចូលប្រឡូកក្នុងវិស័យនេះ​ប៉ុន្មានឆ្មាំចុង​ក្រោយនេះ​ក៏ដោយ។

របាយការណ៍ក៏រកឃើញដែរថា ស្ត្រីប្រឈមនឹងសម្ពាធការងារ ជាពិសេសក្រុមគ្រួសារដែលព្រួយបារម្ភពីសុវត្ថិភាព និង ទទួលបានឱកាសបណ្តុះបណ្តាលតិចជាងបុរស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ