នាយករដ្ឋមន្រ្តីថា​សារព័ត៌មានជាដៃគូដ៏សំខាន់របស់រដ្ឋាភិបាលមិនអាចខ្វះបាន

រូបភាព៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រិះគន់សមត្ថភាពមន្រី្តនៅជុំវិញខ្លួនមួយចំនួន( ហ្វេសប៊ុក )

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលស្គាល់ថាប្រព័ន្ធផ្សព្វផ្សាយជាដៃគូដ៏សំខាន់របស់រដ្ឋាភិបាលដែលមិនអាចខ្វះបាន​នៅ ក្នុងសង្គមប្រជាធិបតេយ្យ។​

ក្នុងសារលិខិតអបអរ​សាទរ «ទិវាសិទ្ធិសេរីភាពសារព័ត៌មានពិភពលោក» នាថ្ងៃទី៣ខែឧសភានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ បញ្ជាក់ថា រដ្ឋាភិបាលត្រូវការជាចាំបាច់នូវប្រព័ន្ធផ្សព្វផ្សាយប្រកប ដោយគុណភាពយុត្តិធម៌និងព័ត៌មាន​ពិត ហើយថាសារព័ត៌មានត្រូវដើរតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំងពីភាពពិតជាក់ស្ដែងក្នុងសង្គម ប្រកាន់ភាពនៅកណ្ដាល​ ហ៊ាន​និយាយ​ការ​​ពិត និងហ៊ានរិះគន់ក្នុងន័យស្ថាបនា ដើម្បីចូលរួមការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ យុត្តិធម៌សង្គម នីតិរដ្ឋ សន្តិភាព និង​ការអភិវឌ្ឍ។

លិខិតដដែលនេះ លោក ហ៊ុន សែន បញ្ជាក់ថា ដើម្បីលើកស្ទួយសេរីភាពសារព័ត៌មាននិងនីតិរដ្ឋ រាជរដ្ឋាភិបាល​កម្ពុជា​អនុវត្ត​គោល​ការណ៍​សំខាន់ពីរ គឺសេរីភាពក្នុងការផ្សាយព័ត៌មាន ដោយគ្មានការត្រួតពិនិត្យជាមុន និង​ការ​ផ្ដល់​សិទ្ធិ​អោយ​ជនបរទេស​​អាច​ធ្វើជា​ម្ចាស់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបាន។

ប៉ុន្តែ របាយការណ៍របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនដែល ផ្សាយកាលពីថ្ងៃទី២៥​ខែ​មេសាឆ្នាំ២០០១៨នេះ សេរីភាពសារព័ត៌​មាននៅកម្ពុជា ​បានធ្លាក់ចំណាត់ថ្នាក់ដល់ទៅ១០លេខ ក្នុងតារាងសន្ទស្សន៍​សេរី​ភាព​សារព័ត៌មាន​ពិភពលោក ពោលគឺនៅឆ្នាំនេះកម្ពុជា​ស្ថិតនៅលេខរៀងទី១៤២ ធៀបនឹងចំណាត់ថ្នាក់១៣២កាលពីឆ្នាំមុន។​

របាយការណ៍ដដែលបង្ហាញថា ការធ្លាក់ចុះនៃសេរីភាពសារព័ត៌មាននេះបណ្ដាលមកពីការបិទស្ថានីយ៍វិទ្យុជាង៣០ ការ​បិទការ​​សែតខេមបូឌា ដេលី  វិទ្យុអាស៊ីសេរី និងការចាប់ខ្លួនអ្នកសារព័ត៌មានជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ