នគរបាល២នាក់ត្រូវផ្អាកពីការងារក្រោយថាទារប្រាក់ពីជនបរទេស២០ដុល្លារ

Photo/Courtesy of National Police

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក២នាក់ ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ក្រោយរងការចោទថា ពួកគេ​បានទារប្រាក់​ពីជនបរទេស​ ដែលបើកបរមិនគោរពភ្លើង​សញ្ញាចរាចរណ៍ ចំនួន២០ដុល្លារ ជាថ្នូរនឹងការមិនចាប់បញ្ជូនទៅការិយាល័យ ធ្វើការផាកពិន័យ។

បើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលដកស្រង់សម្ដីរបស់នាយការិយាល័យ​នគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ លោក សែម គន្ធា នៅថ្ងៃនេះថា មន្ត្រីនគរបាលចរាចរណ៍ទាំង២នាក់ ដែលទារប្រាក់ពីជនបរទេស​បើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ ចំនួន២០ដុល្លារនោះ ត្រូវបានផ្អាកពីការងារជាបណ្តោះអាសន្ន​ ពីការិយាល័យ​នគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។

លោកបន្តថា ការផ្អាកនេះ ដោយសារ ពួកគេប្រព្រឹត្តខុសនឹងវិន័យកងកម្លាំងលេខ០០៦របស់​នគរបាលជាតិ ដោយផាកពិន័យលើសគោលការណ៍និងមិនបានចេញវិក័យបត្រ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីនគរបាលផ្សេងទៀត។

ទោះជាយ៉ាងណា ការចាត់វិធានការលើមន្ត្រីនគរបាលទាំង២នាក់ ធ្វើឡើងបន្ទាប់ពីមានការមតិរិៈគន់ពីមហាជន ក៏ដូចជាអ្នកលេងបណ្តាញសង្គម ដែល​បាន​ចែក​រំលែក​តៗគ្នានូវវីដេអូ ពាក់ព័ន្ធនឹងករណីមន្ត្រីនគរបាលចរាចរណ៍២នាក់ ដែល​បាន​ទារ​ប្រាក់​ពីជន​បរទេសកាលពីពេលថ្មីៗនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ