ពលរដ្ឋ​ម្នាក់​ក្នុង​ខេត្ត​ព្រៃវែងត្រូវ​បាន​ឃាត់ខ្លួន​រយៈ​ពេល​ខ្លី​ករណីបើក​ស្តាប់សារឃោសនា​ក្នុង​ថ្ងៃស

ប្រជាពលរដ្ឋម្នាក់​​នៅក្នុង​ខេត្ត​ព្រៃវែង​ត្រូវ​បាន​ឃាត់ខ្លួន​រយៈ​ពេល​ខ្លីនៅព្រឹកថ្ងៃ​សៅរ៍នេះ​ដោយ​សារតែ​ការ​បើក​ស្តាប់​បទ​ចម្រៀង​និង​សារនយោបាយ​តាម​ប្រព័ន្ធ​យូធ្យូប (YouTube)។​

ដោយ​អះអាង​ថា​គាត់​គឺជា​ពលរដ្ឋ​ធម្មតា លោក លោក ចាន់ ចេន អាយុ៤១ឆ្នាំ​ រស់នៅក្នុង​ភូមិ​ព្រៃ​ដើម​​ថ្នឹង​ទី៣ ឃុំ​ព្រៃដើម​ថ្នឹង​ ស្រុក​ស៊ីធរកណ្តាល ខេត្ត​ព្រៃវែង​ប្រាប់អ្នក​យកព័ត៌មានVODតាមទូរស័ព្ទថា គាត់​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួនទៅសាក​សួរ​តាំងពី​ម៉ោង៩:២០នាទីព្រឺក​រហូតដល់ម៉ោងជាង១រសៀល។ លោក ចាន់ ចេន​មានប្រសាសន៍​ថា​គាត់​បាន​បើក​យូធ្យូប​ជាមួយនឹង​ឧបករណ៍​បំពង​សំឡេង(ធុងបាស់)របស់គាត់​​ដោយ​ស្តាប់​ចម្រៀង​ថៃ និង​ការ​ស្តាប់ការ​ឃោស​នា​​របស់គណបក្ស​នយោបាយ។

«ខ្ញុំបើក​យូធ្យូប(YouTube)​បើកស្តាប់​បទ​ចម្រៀង និង​មើល​យុវជន​ស្រែក​ក្នុង​វីដេអូ។ ប្រធានគណកម្មការរៀបចំ​ការបោះឆ្នោត​ឃុំ​បាន​បញ្ជាឲ្យ​ខ្ញុំបិទ ដោយ​ប្រាប់​ថា​ថ្ងៃនេះ​ជា​ថ្ងៃស។ ខ្ញុំក៏អត់​ដឹង​ដែរ អត់​ដឹង​ថ្ងៃអី​ដែរ។»

លោក ចាន់ ចេន បាន​ចោទ​ប្រកាន់​ថា​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ស្រុក​​ម្នាក់​បាន​វាយគាត់​មួយដៃ​ក្នុងកំឡុងពេល​ហៅគាត់ទៅ​សួរនាំនោះ។​

អធិការ​នគរបាល​ស្រុក​ស៊ីធរកណ្តាល​ លោក ឡុង ប៊ុនធឿន​បដិសេធន៍​​ដោយ​ខ្លីថា​សមត្ថកិច្ច​មិន​បានឃាត់​ខ្លួន​លោក ចាន់ ចេនទេ មុនពេល​ដែល​ផ្តាច់​ការសន្ទនាតាម​ទូរស័ព្ទ។ VODបានព្យាយាម​ទូរស័ព្ទ​ទៅលោក ឡុង ប៊ុនធឿនជាច្រើន​លើកទៀត​ ប៉ុន្តែ​លោក​មិនទទួល។​

សកម្មជនគណបក្ស​សង្គ្រោះជាតិ​នៅក្នុង​ឃុំ​ព្រៃដើម​ថ្នឹង លោក ប៊ិន ឆារ៉ាន់មានប្រសាសន៍​ថា​ឧបករណ៍​ដែលរួមមាន​ធុងបាស់​មួយ អាំភ្លី និង​ទូរស័ព្ទ​ត្រូវ​បាន​ដកហូតជា​បណ្តោះអាសន្ន។

ប្រធានគណកម្មការរៀបចំ​ការឆ្នោតឃុំ (CEC) ព្រៃដើម​ថ្នឹង លោក ជួន ម៉ៅ មានប្រសាសន៍ថា CEC បាន​ស្នើ​ឲ្យមានការ​រក្សា​ទុក​ឧបករណ៍បំពង​សំឡេងនោះ​ ហើយ​ថា​នឹង​ប្រគល់ជូនវិញ​បន្ទាប់ពីការ​បោះឆ្នោត​ហើយ។ លោកមាន​ប្រសាសន៍​ថា​ CEC បាន​ចាត់វិធានការ​នេះ​បន្ទាប់ពីមានបណ្តឹង​ពីគណបក្ស​ប្រជាជនកម្ពុជា។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) បានឲ្យដឹងថា រយៈពេល១៤ថ្ងៃ​នៃ​ការ​ឃោសនា​​បោះឆ្នោត​ឃុំសង្កាត់ គ.ជ.ប ទទួលបាន៧៨បណ្តឹង ពីគណបក្សនយោបាយ​នៅទូទំាង​រាជ​ធានី-ខេត្ត។ ពាក្យបណ្តឹងទំាងនោះរួមមាន ៥៣បណ្តឹងមកពីបក្សប្រជាជនកម្ពុជា ២០បណ្តឹងមកពីបក្សសង្គ្រោះជាតិ ១បណ្តឹង​​មកពី​បក្សហ្វ៊ុន​ស៊ិនប៉ិច ៤បណ្តឹងមកពីពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ