ក្រោយពីផ្គើនមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈរហូតត្រូវបានមន្ត្រីជាន់ខ្ពស់របស់ក្រសួងមួយនេះចេញលិខិតស្នើអោយគ្រប់បណ្ដាទូរទស្សន៍នៅក្នុងប្រទេសកម្ពុជាទាំងអស់ចាក់ផ្សាយរាល់ការសម្ដែងរបស់ ដេនី ក្វាន់ ដោយមិនអនុញ្ញាតិអោយអញ្ចើញនាងអោយឡើងច្រៀងនិងបង្ហាញមុខផង បានធ្វើអោយតារាសម្ដែងនិងល្បីខាងសិចស៊ីរូបនេះចេញមុខប្រកាសមុននេះថាស្ដាយ។
នេះជាជំហរមិនធ្លាប់មានដែលនាងរំលេចឡើងក្នុងពេលដែលភ្លាមៗក្រោយពេលក្រសួងចេញបម្រាមនាងថាមិនខ្វល់នោះទេព្រមជាមួយនឹងការប្រកាសថានាងមិនមែនជាតារាដែលពឹងលើការងារសិល្បៈ។
អ៊ីចឹងហើយទើបពាក្យថាស្ដាយដែលនាងទើបតែបានខ្ជាក់ឡើងក្រោយពីបម្រាមទើបត្រូវបានអនុវត្តិបានប៉ុន្មានខែនេះ គឺជារឿងមួយថ្មីដែលធ្វើអោយម្នាក់ៗមានការចាប់អារម្មណ៍ចំពោះនាង។
ក្នុងបទសម្ភាសន៍មួយថ្មីកាលពីល្ងាចថ្ងៃទី២ កក្កដា កញ្ញា ដេនី ក្វាន់ ទទួលស្គាល់ថាក្រោយការប្រកាសរបស់ក្រសួងវប្បធម៌បានធ្វើអោយនាងយល់ថា ខ្លួននាងកាន់តែស្ងប់ស្ងាត់ទៅទាំងការចុះផ្សាយគគ្រឹកគគ្រេងដូចមុននៅលើបណ្ដាញសារព័ត៌មាន និងការងារសិល្បៈដែលធ្លាប់ទទួលភ្លូកទឹកភ្លូកដី។
សម្រាប់ការសម្ដែងគឺអាចនិយាយបានថាលែងមានតែម្ដង ដោយសារតែអ្នកទាក់ទងដែលធ្លាប់ចង់បានលែងហ៊ានផ្ដល់ឱកាសអោយនាងចេញថត ព្រោះតែខ្លាចស្នាដៃទាំងនោះមិនមានសិទ្ធិចរាចរនៅតាមរោងកុននិងលើកញ្ចក់ទូរទស្សន៍។ នាងថាភ្លាមៗក្រោយការព្រមានរបស់ក្រសួងវប្បធម៌ នាងមិនមានអារម្មណ៍សោកស្ដាយឬយល់ថាបម្រាមមួយនោះគឺជាសម្ពាធសម្រាប់រូបនាងនោះទេ ដោយសារតែក្នុងពេលនោះនាងក៏មិនសូវចង់ទទួលការងារសិល្បៈ ព្រោះតែមមាញឹកនឹងការងារមុខជំនួញផង។
នាងចាប់ផ្ដើមមានអារម្មណ៍ ស្ដាយក្រោយ បន្ទាប់ពីឃើញតារាសិល្បៈស្រករក្រោយច្រើនបានជំនួសតំណែងរបស់នាង ក្នុងពេលដែលការងារនោះត្រូវគេប្រាប់ថាគឺចង់បាននាងតែដោយសារតែនាងមានបញ្ហាក៏ត្រូវផ្លាស់ចោល និងបន្ទាប់ពីមានមិត្តភ័ក្រ្តនិងផលិតករច្រើននាក់បានប្រាប់នាងថា គេចង់យកនាងថតផ្សាយនិងថតខ្លាំងណាស់តែមិនអាចយកបាន។
នាងថាលទ្ធផលឆេវឆាវនិងការចង់ឈ្នះចាញ់ព្រោះតែរឿងស៊ិចស៊ីបានធ្វើអោយនាងខាតប្រយោជន៍និងយល់ថាខ្លួននាងមិនមានអ្វីចំណេញទាល់តែសោះ ក្រោយពីក្រសួងចេញលិខិតបិទអស់ទីផ្សាររបស់នាងដែលការបំបិទនោះគឺមានរយៈពេលរហូតដល់១ឆ្នាំពេញដែលសុទ្ធតែជាអ្វីដែលនាងមិនចង់បាន។
នាងបានប្រកាសជំហរផ្លាស់ប្ដូរឥរិយាបទដោយបញ្ឈប់នូវរាល់ការតុងតែងខ្លួនស៊ិចស៊ី និងបង្ហោះរូបភាពមិនសមភ្នែកនៅលើហ្វេសប៊ុកដូចមុន ដោយលើកហេតុផលថាដើម្បីលួងចិត្តអោយមន្ត្រីក្រសួងមើលឃើញពីការកែប្រែរបស់នាងហើយអាចនឹងដកបម្រាមនោះចេញ។
នាងចាត់ទុកថាគឺជាការលំបាកទម្រាំបានក្លាយជាតារាសម្ដែងមួយរូបហើយចុងក្រោយបែរជាត្រូវក្រសួងចេញច្បាប់មិនអោយបណ្ដាផលិតករទទួលយកនាងអោយសម្ដែង ដែលនាងដាច់ខាតត្រូវតែផ្លាស់ប្ដូរដោយរៀនសម្របខ្លួនអោយមានឱកាសអាចសម្ដែងបានជាថ្មី បើទោះជាអ្វីដែលបានដាក់ចេញនោះអាចនឹងមិនមានលទ្ធផលដកចោលក្រោយពីនាងយល់ព្រមសម្របតាមអ្វីដែលក្រសួងចង់បាន។
ឆ្លើយតបនឹងករណីនេះ លោក ថៃ នរសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ដែលជាអ្នកផ្ដើមអោយមានកិច្ចប្រជុំនិងចេញបម្រាមលើករណីបញ្ឈប់ការងារសិល្បៈរបស់ ដេនី ក្វាន់ កាលពីថ្ងៃទី២៥ មេសា ឆ្នាំ២០១៧ ធ្លាប់អះអាងថា ក្រោយការចេញបម្រាមមិនមែនមានន័យថាតារាសម្ដែង ដេនី ក្វាន់ ប្ដូរឈប់ស៊ិចស៊ីហើយក៏លុបបម្រាមនោះចោលបានទេ។
លោកថាបម្រាមដែលបានប្រកាសឡើងត្រូវតែអនុវត្តគ្រប់១២ខែគិតចាប់ពីថ្ងៃទី២៥ មេសា ក្នុងឆ្នាំ២០១៧តទៅតែបើនាងមានការភ្ញាក់រលឹកគឺបម្រាមជាថ្មីនឹងមិនមានណាមួយដើម្បីអោយនាងអាចមានការងារសម្ដែងដូចដើម។ លោកថាបម្រាមគឺបម្រាមមិនអាចនឹកឃើញក៏ប្រកាស ហើយនឹកឃើញលុបចោលបានទេ តែលោកព្រមានថាបើក្នុងរយៈពេលហាមឃាត់ តារាសម្ដែង នាង ដេនី ក្វាន់ តែនៅផ្គឹនដោយទម្លាប់បង្ហោះរូបស៊ិចស៊ី បង្កការរិះគន់និងបន្តទម្លាប់មិនសមជាសិល្បការិនីខ្មែរទៀតគឺបម្រាមមួយឆ្នាំទៀតនឹងកើតឡើង ហើយអាចនឹងចេញទៅច្បាប់មិនអោយចាក់ផ្សាយស្នាដៃសិល្បៈរបស់នាងជារៀងរហូតតែម្ដង ដើម្បីកុំអោយប៉ះពាល់ដល់តម្លៃសិល្បៈវប្បធម៌ខ្មែរ។
លោកថាបើ ដេនី ក្វាន់ អាចកែនូវអ្វីដែលក្រសួងរិះគន់ នោះផុត១២ខែ នឹងមានលិខិតមួយថ្មីតម្រូវអោយទទួលយកនាងធ្វើជាសម្ដែងឡើងវិញ ប៉ុន្តែបើនាងបន្តស៊ិចស៊ីក្នុងរយៈពេលហាមឃាត់ គឺលទ្ធផលចុងក្រោយគឺក្រសួងនឹងចេញលិខិតមិនទទួលស្គាល់ថានាងគឺជាតារាសិល្បៈនោះឡើយ។
ដកស្រង់សម្ដីនាពេលនោះលោកធ្លាប់បានបញ្ជាក់ថា «ដោយសារកន្លងមកគាត់ធ្វើជ្រុល ចឹងយើងផ្អាកមិនអោយផលិតករទាំងអស់មិនថាទូរទស្សន៍ ឬផលិតកម្ម មិនទទួលគាត់១២ខែ ហើយមិនមែនមានន័យថាគ្រាន់តែគាត់ផ្លាស់ប្ដូរយើងដកបម្រាមវិញទេ តែយើងនឹងឈប់ផ្អាកគាត់ពេលលិខិតរបស់យើងប្រើគ្រប់១២ខែ»។
យោងតាមអ្វីដែលលោកធ្លាប់បានប្រកាសឡើងគឺមានន័យថាជំហរផ្លាស់ប្ដូររបស់ ដេនី ក្វាន់ នៅមិនទាន់អាចជួយអោយនាងរួចផុតពីការដាក់វិន័យដែលបានប្រកាសឡើង ដោយក្រសួងវប្បធម៌ និងសមាគមទូរទស្សន៍កម្ពុជានោះទេ ប៉ុន្តែនឹងជួយអោយនាងលេចឡើងលទ្ធផលសម្រាប់ឆ្នាំក្រោយនៅពេលច្បាប់ដែលបានប្រកាសឡើងត្រូវបានបញ្ចប់។
ដេនី ក្វាន់ និយាយថាក្រោយការរិះគន់ និងបិទផ្លូវរបស់ក្រសួង នាងចាប់ផ្ដើមមើលឃើញពីផលអាក្រក់នៃភាពស៊ិចស៊ី ហើយក៏យល់ពីតម្លៃនៃការស្លៀកពាក់ស្រគត់ស្រគំ និងបែបខ្មែរនោះដែរ ទើបនាងរមែងបង្អួតសម្រស់ជាមួយនឹងសំលៀកបំពាក់បែបបុរាណដែលធ្វើអោយម្នាក់ៗមានការកោតសរសើរថានាងស្រស់ស្អាតមួយបែបផ្សេងនៅពេលតុបតែងកាយដោយសំលៀកបំពាក់សម្អាងការ។
នាងថាខ្លួននឹងប្ដូរជំហរធ្វើអោយក្រសួងមើលឃើញពីការតាំងចិត្តដើម្បីទទួលបានសិទ្ធិអាចចូលសម្ដែងជាថ្មី ដោយសារតែនាងស្រឡាញ់សិល្បៈហើយមិនចង់ស្ថិតក្នុងគំនាបនៃការបាត់បង់ទីផ្សារបែបនេះឡើយ៕