លោក ហ៊ុន សែន នឹងទទួលបាន​ពាន​រង្វាន់អ្នក​កាន់​ដំណែង​យូរ​បំផុត​នៅ​អាស៊ាន

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសឡាវនៅចុងសប្តាហ៍នេះ ដើម្បីចូលរួមវេទិកាភាពជាអ្នកដឹកនាំអាស៊ានលើកទី១៣ និងទទួលពានរង្វាន់សមិទ្ធិផលអមតៈអាស៊ានដែលជាពានរង្វាន់សម្រាប់ប្រមុខរដ្ឋដែលបានបំរើការងារយូរជាងគេនៅអាស៊ាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។

ក្នុងសេចក្តីប្រកាសដដែលឲ្យដឹងថាកិច្ចប្រជុំនោះចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៧សីហានេះ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ ការអញ្ជើញទៅរបស់លោក ហ៊ុន សែន គឺតបតាមការអញ្ជើញរបស់ប្រធានវេទិកាភាពជាអ្នកដឹកនាំអាស៊ាន និងជានាយកប្រតិបត្តិនៃវិទ្យាសាស្ត្រ និងភាពជាអ្នកដឹកនាំអាស៊ីលោក តាន់ស្រ៊ី ម៉ៃឃិលយ៉ូស។

បើតាមសេចក្តីប្រកាសព័ត៌មាននេះលោកនាយករដ្ឋមន្រ្តីកម្ពុជាជាមនុស្សទី៤ហើយដែលនឹងត្រូវទទួលបានពានរង្វាន់នេះ បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីសិង្ហបុរីលោក លី ក្វាន់យូ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀ ម៉ូហាម៉េដ និងព្រះអង្គម្ចាស់ស៊ុលតង់ ណាសរិនសាហ៍ នៃរដ្ឋបារ៉ាករបស់ប្រទេសម៉ាឡេស៊ី។

គួរបញ្ជាក់ផងដែរថាលោក ហ៊ុន សែន ត្រូវបានកាសែតអាមេរិកវ៉ាស៊ិនតោនប៉ុស្តិ៍ចាត់ចំណាត់ថ្នាក់ជាមេដឹកនាំកាន់អំណាចដ៏យូរក្នុងចំណោមមេដឹកនាំ២៣រូបទៀតក្នុងពិភពលោក។ លោកបានកាន់អំណាចជានាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជាចាប់ពីខែមករាឆ្នាំ១៩៨៥មក រហូតមកដល់ពេលនេះលោកកាន់តំណែងនេះជាង៣១ឆ្នាំហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ