សមាជិកសភាអាមេរិកថា នឹងបន្តជំរុញការដាក់សម្ពាធលើកម្ពុជាក្រោយចាប់ខ្លួនលោក កឹម សុខា

សមាជិក​សភា​អាមេរិក​មួយ​រូប បាន​លើក​ឡើង​ថា លោក​នឹង​បន្ត​ជំរុញ​ទៅ​សភា​ និង​រដ្ឋាភិបាល​អាមេរិក ព្រម​ទាំង​អង្គការ​សហ​ប្រជាជាតិ ឲ្យ​ដាក់​សម្ពាធ​នយោបាយ​មក​លើ​កម្ពុជា បន្ទាប់​ពី​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​​កាល​ពី​យប់​ម៉ោង ១២ និង​៣៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​នេះ។

រដ្ឋាភិបាល​កម្ពុជា​អះ​អាង​ថា មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ដោយ​ផ្អែក​ទៅ​តាម​វីដេអូ​ផ្សព្វផ្សាយ​ដោយ​បណ្ដាញ​ព័ត៌មាន CBN។ ផ្អែក​តាម​វីដេអូ​នោះ រដ្ឋាភិបាល​បាន​ចោទ​លោក កឹម សុខា ថា បាន​ក្បត់​ជាតិ និង​ឃុប​ឃិត​ជាមួយ​បរទេស ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។

ក្រោយ​ពី​ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង សមាជិក​សភា​អាមេរិក លោក Alan Lowenthal បាន​លើក​ឡើង​ថា លោក​នឹង​បន្ត​ជំរុញ​តាម​រយៈ​ក្រសួង​ការបរទេស សេតវិមាន និង​តាម​រយៈ​អង្គការ​សហ​ប្រជាជាតិ ដើម្បី​ឲ្យ​ពួកគេ​ដាក់​សម្ពាធ​នយោបាយ​​ទៅ​លើ​កម្ពុជា ឲ្យ​ផ្លាស់​ប្ដូរ​ការ​រំលោភ​បំពាន និង​ធានា​នូវ​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​ខាង​នយោបាយ ដែល​មិន​ត្រូវ​បាន​ដក​ហូត​ពី​ប្រជាជន​កម្ពុជា​នោះ​ឡើយ។

សមាជិក​សភា​អាមេរិក​រូប​នេះ លើក​ឡើង​បន្ត​ថា ប្រជាជន​កម្ពុជា បាន​បន្ត​រស់​នៅ​ក្រោម​របប​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន អស់​រយៈ​ពេល​ជាង ៣​ទសវត្សរ៍​មក​ហើយ ហើយ​ពួកគេ​សម​តែ​ទទួល​បាន​ការ​ធានា​សិទ្ធិ​ក្នុង​ការ​សម្រេច​ពី​ជោគ​វាសនា​រដ្ឋាភិបាល​របស់​ពួកគេ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ