សភាអាស៊ានផ្នែកសិទ្ធិមនុស្សបានហៅការចាប់ខ្លួនលោក កឹម សុខា ថា បំពានរដ្ឋធម្មនុញ្ញ

ក្រុម​សមាជិក​សភាអាស៊ាន​ទទួល​បន្ទុក​ផ្នែកសិទ្ធិមនុស្ស បានហៅការចាប់ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ថា ធ្វើ​ឡើង​ដោយ​រំលោភ​បំពាន​លើ​អភ័យ​ឯកសិទ្ធិ​សភា ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ។

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​កាល​ពី​ម៉ោង ១២ និង ៣៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​នេះ នៅ​ឯ​គេ​ហដ្ឋាន​របស់​លោក។

ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​​សភាអាស៊ាន លោក Charles Santiago បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ការ​ចាប់ខ្លួនលោក កឹម សុខា បាន​បំពានលើអភ័យឯកសិទ្ធិសភាដែលការពារដោយរដ្ឋធម្មនុញ្ញ។

ក្នុងសេចក្ដីថ្លែងការណ៍​ដដែល​នោះ លោក Charles Santiago ដែល​ជា​សមាជិក​សភា​ម៉ាឡេស៊ី​ផង​នោះ ក៏បាន​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​នេះ គឺ​ជា​សកម្មភាពមួយគួរ​ឲ្យព្រួយបារម្ភ ដោយ​ថា ជា​ការ​ប៉ុន​ប៉ង​របស់​រដ្ឋាភិបាល​បក្ស​កាន់​អំណាច​ក្នុងការបំភ័យ និង​កម្ទេច​បក្សប្រឆាំង មុន​ការយុទ្ធនាការបោះឆ្នោតមកដល់។

លោក Charles Santiago បន្ថែមថា ​សកម្មភាពគំរាមកំហែងបែបនេះ ហាក់បង្ហាញថា លោកនាយករដ្ឋ​មន្រ្តី ហ៊ុន សែន ភ័យខ្លាចនឹងលទ្ធផលបោះឆ្នោត ទើបមិនចង់ឲ្យមានការប្រកួតប្រជែងទាល់តែសោះ។

ក្នុងសេចក្ដីថ្លែងការណ៍​នោះ លោក Charles Santiago បានលើកឡើងថា លោក កឹម សុខា គួរតែត្រូវបាន​ដោះ​លែង​​វិញភ្លាមៗ ដោយគ្មានលក្ខខណ្ឌ។ លោកក៏ជម្រុញទៅ​សមាជិកនៃសហគមន៍អន្តរជាតិ ​រួមទាំងម្ចាស់ជំនួយ​របស់​កម្ពុជា ឲ្យមានចំណាត់ការលើបញ្ហានេះភ្លាមៗ ពុំនោះទេ ពួកគេអាចប្រឈម​នឹងការបញ្ចប់សកម្មភាព​ក្នុង​របបផ្ដាច់​ការ​កម្ពុជានេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ