បក្សប្រឆំាងចង់ឲ្យរដ្ឋាភិបាលរៀបចំចំណតរថយន្តនិងឃ្លាំងធំៗទៅជាយក្រុង

សមាជិកព្រឹទ្ធសភាមកពីគណបក្ស​ប្រឆំាងស្នើទៅរដ្ឋាភិបាលឲ្យ​រៀប​ចំចំណតរថយន្តនិងឃ្លាំងធំៗដាក់ទៅ​ជាយ​ក្រុង ដោយថាដើម្បីកាត់បន្ថយគ្រោះថ្នាក់និងការកកស្ទះចរាចរណ៍ ខណៈគ្រោះថ្នាក់នៅតែបន្តកើត​មាន​ជារៀង​រាល់ថ្ងៃ​។

ការស្នើសុំនេះធ្វើឡើងក្នុង​អង្គប្រជុំវិសាមញ្ញព្រឹទ្ធសភា នាព្រឹកថ្ងៃទី៤ ខែមក​រា ឆ្នាំ២០១៧ ដើម្បីឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក។

សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី គឺលោក ចេប គឹមអ៊ាង​ បានថ្លែងថា នៅក្នុង​រាជធានីភ្នំពេញមានគ្រោះថ្នាក់និង​កកស្ទះចរាចរណ៍ជារៀង​រាល់ថ្ងៃ ដោយសារមានឃ្លាំទំនិញធំៗនិង​ម្ចាស់​រថ​យន្ត​តាក់​ស៊ី រថយន្តក្រុង បានយកទីតំាងសាធារណៈមួយចំនួនធ្វើជាចំណតបង្កឲ្យមានគ្រោះថ្នាក់និងកកស្ទះចរាចរណ៍។ ករណីនេះ​ លោកស្នើទៅរដ្ឋាភិបាល​រៀប​ចំចំណតរថយន្តនិងឃ្លាំងធំៗទំាងនោះ ដាក់ទៅ​ជាយ​ក្រុងវិញ​ ដោយថាដើម្បីកាត់បន្ថយគ្រោះថ្នាក់និងការកកស្ទះចរាចរណ៍៖ «សំណូមពរឲ្យឃ្លំាងធំអស់នេះទៅធ្វើនៅជាយក្រុងទៅ ហើយឲ្យ​ចល័តរថយន្តតូចៗរបស់គាត់ដឹកទំនិញចូលក្នុងក្រុង​វិញ ហើយចំណតរថយន្តគួរតែនៅក្រៅក្រុង ហើយយើងសួរថា យើងធ្វើបានអត់? សំខាន់យើងមានសុឆន្ទៈធ្វើដែរឬទេ? ខ្ញុំជឿថាមិនខ្វះទេអ្នកវិនិយោគដែលចង់ធ្វើចំណតរថយន្តនេះនៅជាយក្រុង ប៉ុន្តែយើងគួរតែមានលក្ខខណ្ឌបិទចំណតនៅក្នុងទីក្រុងជាស្ថាពរ នោះទើបការអនុវត្តបាន បើសិនជាយើងមានចំណតនៅក្នុងក្រុងផង រថយន្តគេអត់ចតនៅខាងក្រៅទេ គេត្រូវតែមកក្រុងពីព្រោះគេចំណេញអ្វីគ្រប់សព្វបែបយ៉ាង គេត្រូវ​ចូលមកក្នុងក្រុង​»។

ឆ្លើយតបនឹង​សមាជិកព្រឹទ្ធសភាបក្សប្រឆំាង នៅ​ក្នុងកិច្ចប្រជុំនោះ អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បានឡើងថ្លែងការពារ​ចំណាត់​ការរបស់រដ្ឋាភិបាល​ថា សាលាក្រុង​មានផែនការរៀប​ចំចំណតរថ​យន្ត​នៅជាយក្រុងផងដែរ ប៉ុន្តែលោកថាដោយសាររដ្ឋមិនទាន់​មានទីតំាងនិង​​ថវិកា​គ្រប់​គ្រាន់​ដើម្បីរៀប​ចំ​គម្រោង​នេះនៅ​ឡើយ៖ «ខ្ញុំដឹងថាទីក្រុងភ្នំពេញនិងរៀប​ចំមាន Master Plan បែងចែកតំបន់ដើម្បី​ឲ្យ​យើងរៀប​ចំទំាងចំណតរថយន្តក្រុង រថយន្តផ្សេងៗ ទំាងទីតំាងសម្រាប់ឃ្លំាងជាសិប្បកម្មនិង​រោងចក្រ​ខ្នាតតូចផងដែរ ប៉ុន្តែដោយសារកន្លង​មក​យើង​មានបញ្ហា​ថវិកា ទីពីរបញ្ហា​ទីតំាង»។

អ្នកនាំពាក្យ​សាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានឲ្យដឹងថា សាលាក្រុងមានគម្រោង​រៀប​ចំឲ្យមានចំណតរថយន្តនៅជាយក្រុងដែរ ប៉ុន្តែរង់ចំាអ្នក​វិនិយោគ​សហការ​ជាមួយសាលាក្រុង​។

នៅពេលសួរថា បើមិនមានក្រុមហ៊ុនវិនិយោគ តើចំណ​តរថយន្តតាក់ស៊ីនិងរថយន្តក្រុង នៅតែបន្តនៅក្នុង​រាជធានីភ្នំពេញដដែលឬយ៉ាងណា? ប៉ុន្តែលោក មាន ចាន់យ៉ាដា បានបដិសេធមិនឆ្លើយសំនួរនេះទេ។

ចំណែកករណីឃ្លំាងទំនិញធំៗដែលសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី លើកឡើងថានៅតែមាននៅក្នុង​រាជធានីភ្នំពេញបង្កឲ្យមានការកកស្ទះចរាចរណ៍នោះ លោក មាន ចាន់យ៉ាដា ថាបក្សប្រឆំាង​គ្រាន់​​តែ​ធ្វើដោយ​ប្រជាភិ​ថុត​តែប៉ុណ្ណោះ ខណៈសាលាក្រុងបានធ្វើកិច្ច​ការនេះប្រមាណ​៤ឆ្នាំ​មក​ហើយ​៖​ «ការលើកឡើងរបស់គណបក្ស សម រង្ស៊ី នៅក្នុង​ព្រឹទ្ធសភាព្រឹកមិញ​ គ្រាន់តែជាការសម្តែងប្រជា​ភិថុតប៉ុណ្ណោះ ដោយឡែក​បញ្ហាយកឃ្លាំទំនិញក៏ដូចជាសំណង់ទៅជាយក្រុង​ គឺ​យើង​បាន​ធ្វើ​តំាង​ពី៣ទៅ៤​ឆ្នាំមុន​ម្លេះ តាមរយៈយើងកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ ចាក់ប៊េតុង រហូត​ទៅដល់​កំរាស់​ជាងពីរទឹក​ ប្រវែង​ជាង៤០០គីឡូ នៅក្នុង​ជាយក្រុង​ ក្នុង​រាជធានីភ្នំពេញ​»។

ជារៀង​រាល់ថ្ងៃគេសង្កេតឃើញថា ចរាចរណ៍នៅភ្នំពេញមានការកកស្ទះចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៨.៣០ព្រឹក ម៉ោង១២ថ្ងៃត្រង់ និងម៉ោង៤.៣០ដល់ម៉ោង៧ល្ងាច។ តំបន់ដែលកកស្ទះនៅម្តុំចំណត​រថ​យន្ត​តាក់​ស៊ីនិង​រថយន្តក្រុង រួមមាន ក្បែរ​ផ្សារដើមគរ ផ្សារនាគមាស ផ្សារអូឬស្សី ផ្សារសូរិយា ផ្សារកណ្តាល ផ្សារអូឡំាពិក ក្បែផ្សាររាត្រី និងក្បែរទីលានប្រជាធិបតេយ្យជាដើម។

ចំណែកក្នុងរបាយការណ៍ស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនៅកម្ពុជាបានបង្ហាញថា ជារៀងរាល់ថ្ងៃយ៉ាង​ហោចណាស់មានមនុស្សចំនួន៦នាក់បានស្លាប់និង១៧នាក់បានរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍​នៅទូទំាងប្រទេសកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ