បទយកការណ៍៖ ជនរងគ្រោះនៃការបង្ក្រាបបាតុកម្មកាលពី៤ឆ្នាំមុនស្នើកុំរុញការទទួលខុសត្រូវដាក់គ្នា

ព្រឹត្តិការណ៍បង្រ្កាបកម្មករនៅផ្លូវវ៉េងស្រេងកាលឆ្នាំ២០១៤ (រូបឯកសារ)

«ខ្ញុំគិតថា វាជារឿងគួរឲ្យសោកសៅ និងក្ដុកក្ដួលជាទីបំផុត ក្នុងនាមជាប្រជាពលរដ្ឋស្លូតត្រង់ម្នាក់ បែរជារងនូវភាពអយុត្ដិធម៌ គេចាប់ប្រើអំពើហិង្សា​ គេចាប់យកទៅឃុំខ្លួន ហើយផ្ដន្ទាទោសទៀត»។

នេះជាការរៀបរាប់របស់អ្នកការពារសិទ្ធិមនុស្សមួយរូប ដែលថាជាជនរងគ្រោះនៃព្រឹត្តិការណ៍ផ្ទុះហិង្សានៅមុខរោងចក្រយ៉ាក់ជីង ក្នុងរាជធានីភ្នំពេញ កាលពី៤ឆ្នាំមុន ដោយលោកថា មានការឈឺចាប់ទាំងចិត្ត ផ្លូវកាយ និងមិនទាន់ទទួលបានយុត្ដិធម៌ពិតប្រាកដ។

ខណៈកំពុងឃ្លាំមើលក្រុមអ្នកភូមិបឹងកក់ធ្វើពិធីរំឭកខួប៦ឆ្នាំ​នៃការបណ្តេញចេញទាំងបង្ខំ សកម្មជនដីធ្លីតំបន់បឹងកក់ លោក ចាន់ ពុទ្ធិសក្ដិ បានឆ្លៀតពេលបន្ដិច ឲ្យអ្នករាយការណ៍ព័ត៌មានវីអូឌីដឹងថា លោកជាជនរងគ្រោះម្នាក់ នៃព្រឹត្តិការណ៍បាតុកម្មផ្ទុះហិង្សានៅខាងមុខរោងចក្រយ៉ាក់ជីង កាលពីឆ្នាំ២០១៤ ដោយថា កាលនោះ លោក និងមន្ដ្រីសិទ្ធិមនុស្ស ៣រូបផ្សេងទៀត ត្រូវបានកងកម្លាំងយោធាពិសេស៩១១ វាយបង្ក្រាប និងប្រើហិង្សាយ៉ាងចាស់ដៃ ដោយមានខ្លះបែកក្បាល បាក់ដៃ និងដួលសន្លប់លែងដឹងស្មារតី។

ក្រៅពីមិនបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ លោកថា កងកម្លាំងឆ័ត្រយោងពិសេស៩១១ បាននាំពួកគាត់ទៅសួរចម្លើយ ដើម្បីកសាងសំណុំរឿងទៅតុលាការ និងថា បានបញ្ជូនបន្ដទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង នៃខេត្តត្បូងឃ្មុំ ទៀតផង។

លោកថា៖ «ពេលគេបកមកវិញ គឺយើងតែម្ដង ធ្វើឲ្យយើងដូចបាក់ខ្លួនចូលគ្នា រួចមកគេយកដំបងវាយ បំពង់ទីបមកលើដងខ្លួនយើង ហើយនឹងក្បាល ហើយគេហក់ធាក់ពីក្រោយ រហូតដល់យើងដួលផ្កាប់មុខទៅនឹងដី»។

លោក ចាន់ ពុទ្ធិសក្ដិ រំឮកថា ក្នុងហេតុការណ៍នោះ កម្មករប្រមាណជាង២០០នាក់ ដោយមានទាំងព្រះសង្ឃផង បានប្រមូលផ្ដុំតវ៉ាដោយសន្ដិវិធី នៅមុខរោងចក្រយ៉ាក់ជីង និងថា បន្ដិចក្រោយ មានការផ្ទុះហិង្សា ហើយកម្លាំងអាជ្ញាធរ បានប្រើកាំភ្លើង ដំបងឆក់ ជំពាមកៅស៊ូ និងវាយដំយ៉ាងព្រៃផ្សៃ លើក្រុមកម្មករ កម្មការិនី និងអ្នកឃ្លាំមើលនៅក្បែរនោះ។

បើទោះបីជាមិនបានប្រារព្ធខួប៤ឆ្នាំ នៃព្រឹត្តិការណ៍ដ៏បង្ហូរឈាមនេះ ប៉ុន្ដែ លោកថា នៅតែចង់ឃើញយុត្ដិធម៌ សម្រាប់ក្រុមកម្មករជាច្រើន ដែលជាអ្នករងគ្រោះ។

លោកថា៖ «កម្មករប្រហែលតែជាង២ ឬ៣រយនាក់ មិនដល់ផង យើងឃើញមានការចាប់ខ្លួន១០នាក់ នៅយ៉ាក់ជីងហ្នឹង ស្ថានភាពហ្នឹង គឺអាណោចអាធម ឃោឃៅមែនទែន ដំបូងឃើញស្ដ្រីជាកម្មករ គាត់មានការភ័យតក់ស្លុតខ្លាំងមែនទែន រហូតស្រែកត្រហូរយំគ្រប់គ្នា ហើយគាត់រត់ចូលទៅតាមបន្ទប់ជួលហើយ ក៏មានកងកម្លាំងទាហានឆ័ត្រយោង៩១១ ទៅធាក់ទ្វាររបើក ចាប់គាត់អូសទាញមកសម្លុតគំរាមកំហែងគាត់»។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យនៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ៉ន់ ពៅ រៀបរាប់ថា កាលពីឆ្នាំ២០១៤ លោកជាអ្នកការពារការរំលោភសិទ្ធិមនុស្ស ហើយក៏ជាជនរងគ្រោះ នៃការវាយដំពីសំណាក់កងកម្លាំងយោធាពិសេស៩១១ ផងដែរ ខណៈលោកឃ្លាំមើលក្រុមកម្មករទាមទារដំឡើងប្រាក់ខែ​ពី ៨០ដុល្លារ ទៅ ១៦០ដុល្លារ។

លោករំឭកថា កងឆ័ត្រយោងបានទាត់ធាក់ និងវាយដំលោកនឹងបំពង់ទីប បណ្ដាលឲ្យបែកក្បាលហូរឈាមស្រោចពេញដងខ្លួន រួមជាមួយមន្ដ្រីសិទ្ធិមនុស្ស និងក្រុមកម្មករផ្សេងទៀត។ លោកថា នេះជារឿងអយុត្តិធម៌បំផុត ដែលលោកជាជនរងគ្រោះ ហើយបែរជាត្រូវអាជ្ញាធរចាប់ខ្លួនបញ្ជូនទៅតុលាការ និងចោទថា​ បានប្រព្រឹត្តបទល្មើសទៅវិញ។

លោកថា៖ «កម្មករគឺដៃទទេរ អត់មានអាវុធអីធំដុំទេ មានតែទាហានទេ ដែលមានកាំភ្លើង ដំបងឆក់ បំពង់ទីប យើងស្ទើរតែស្លាប់បាត់បង់ជីវិតហើយ មិនត្រឹមតែមិនរកយុត្ដិធម៌ឲ្យយើង ថែមឲ្យយើងជាប់ពន្ធនាគារ ហើយព្យួរទោសយើងពិន័យជាប្រាក់ រឿងហ្នឹង វាអយុត្ដិធម៌ សម្រាប់យើងខ្ញុំ ដែលជាអ្នករងគ្រោះ ដោយសារការបង្ក្រាបរបស់ទាហានឆ័ត្រយោង៩១១»។

អះអាងថា​ជាជនរងគ្រោះម្នាក់ទៀត និងជាអតីតកម្មករ ដែលបានចូលរួមតវ៉ាដំឡើងប្រាក់ខែនៅលើផ្លូវវេងស្រេង លោក ម៉ម ពិសិដ្ឋ ឲ្យអ្នករាយការណ៍ព័ត៌មានវីអូឌីដឹងថា លោកនៅតែមានការឈឺចាប់ជាខ្លាំង។ ប៉ុន្ដែ លោកមិនសង្ឃឹមថា រដ្ឋាភិបាល អាចរកយុត្ដិធម៌ជូនពួកគាត់នោះឡើយ ដោយថា ហេតុការណ៍បង្ក្រាបបាតុកម្មនោះ បានកន្លងផុតទៅ៤ឆ្នាំមកហើយ។

លោកបន្ថែមថា ក្រោយចេញពីពន្ធនាគារ លោកមានជំងឺប្រចាំកាយ និងបានខិតខំរកប្រាក់ ដើម្បីព្យាបាលជំងឺដោយខ្លួនឯង។

កាលពីថ្ងៃទី២ ទី៣មករា ឆ្នាំ២០១៤ ក្រោយការបោះឆ្នោតអាណត្តិទី៥ កងកម្លាំងចម្រុះរបស់រដ្ឋាភិបាល បានបើកការបង្ក្រាបលើបាតុកម្មធំៗចំនួន២កន្លែង គឺនៅលើផ្លូវវេងស្រេង និងមុខរោងចក្រយ៉ាក់ជីង រាជធានីភ្នំពេញ ដោយបានចាប់ខ្លួនមនុស្ស ២៣នាក់ រួមមានក្រុមកម្មករ និងអ្នកការពារសិទ្ធិមនុស្ស។ យ៉ាងហោចណាស់ មនុស្សចំនួន៥នាក់បានស្លាប់បាត់បង់ជីវិត និង២៣នាក់ផ្សេងទៀត រងរបួស។

មន្ដ្រីការពារសិទ្ធិមនុស្ស៣នាក់ រួមមានអ្នកសម្របសម្រួលសមាគមកសិករ លោក ថេង សាវឿន លោក វ៉ន់ ពៅ និងលោក ចាន់ ពុទ្ធិសក្ដិ និងកម្មករចំនួន២០នាក់ផ្សេងទៀត ត្រូវបានតុលាការចោទពីបទ «​ហិង្សា​ដោយ​ចេតនា» និងប្ដូរបទចោទទៅជា «បទ​ផ្ដើម​គំនិត​ក្នុង​អំពើ​ហិង្សាដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស» និងឲ្យ​ជាប់ពន្ធនាគារ​ ក្នុង​ម្នាក់ៗ ពី​២​ឆ្នាំ​កន្លះ ទៅដល់​៤​ឆ្នាំ​កន្លះ។

ក្រោយមានសំពាធពីអន្ដរជាតិជាបន្ដបន្ទាប់ ចាប់ពីខែមេសា ដល់ខែឧសភាឆ្នាំ២០១៤ សាលាដំបូងរាជធានីភ្នំពេញ បានចាប់ផ្ដើមសវនាការជម្រះក្ដីលើជនជាប់ចោទទាំង២៣នាក់ខាងលើ។ ហើយនៅចុងថ្ងៃទី៣០ខែឧសភា តុលាការបានប្រកាសថា អ្នកទាំង២៣នាក់ មានទោសដូចការចោទប្រកាន់ ប៉ុន្ដែ បានសម្រេចព្យួរទោសដល់ពួកគេ។

ករណីនេះ​ លោក វន់ ពៅ បានប្ដឹងជំទាស់ទៅតុលា​ការ​ជា​ន់​ខ្ព​ស់ ​ឲ្យទម្លាក់បទចោទប្រកាន់ និងទាមទា​រ​​ឲ្យស្វែ​ង​​រកជ​នល្មើសពិតប្រាដកមក​ផ្ត​ន្ទាទោស ដើម្បីស្វែងរកយុត្តិធម៌។

ប៉ុន្តែក្នុងពិធីជួបជាមួយកម្មករ កាលពីខែកញ្ញាឆ្នាំ២០១៧ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានរុញការទទួលខុសត្រូវ ទៅអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការកំពូលរំលាយចោល និងប្រធានបក្សប្រឆាំង លោក កឹម សុខា ដោយចោទថា បានចូលរួមក្នុងចលនាបដិវត្តន៍ពណ៌ប្រឆាំងរដ្ឋាភិបាល និងនៅពីក្រោយបាតុកម្មទាមទារតម្លើងប្រាក់ខែរបស់កម្មករ។

លោកថា៖ «កុំសង្ឃឹមទៅលើអ្នកដទៃ ដែលគេមិនបានធ្វើអ្វីទាំងអស់ ត្រឹមម៉ាទារធ្វើបាតុកម្ម ដូចជា​នៅតំ​បន់នេះ។ ឥឡូវរកឃើញហើយ ចាប់បានហើយ មេក្លោងដែលត្រូវផ្តន្ទាទោសពិតប្រាកដ កំពុ​ងនៅ​មន្ទីរឃុំ​ឃាំ​ង​ហើយ​ តើកម្មករទីនេះធ្វើបាតុកម្មម៉ោង២យប់ដើម្បីអីទៅ មានកម្មករទេ ពេលនោះគេទ​ម្លាយទ្វារ​ ដើម្បី​ទារ​ឲ្យកម្មករចេញមកធ្វើបាតុកម្ម»

លោក ចាន់ ពុទ្ធិសក្ដិ អះអាងថា បាតុកម្មតវ៉ារបស់កម្មករកាលពី៤ឆ្នាំមុន គឺមិនស្ថិតក្នុងរូបភាពជាចលនាបដិវត្តន៍ពណ៌ ឬទទួលបញ្ជាពីអតីតគណបក្សប្រឆាំងនោះទេ។ លោករិះគន់ថា ប្រព័ន្ធតុលាការនៅកម្ពុជា កំពុងអនុវត្តច្បាប់ស្ដង់ដារពីរ និងមិនមានឯករាជ្យភាពគ្រប់គ្រាន់ ដោយថា យុត្ដិធម៌សម្រាប់រូបលោក និងជនរងគ្រោះឯទៀត ហាក់នៅឆ្ងាយដូចជើងមេឃ។

លោក វ៉ន់ ពៅ និងលោក ចាន់ ពុទ្ធិសក្ដិ ស្នើឲ្យរដ្ឋាភិបាលគោរពច្បាប់ និងគួរមានការស៊ើបអង្កេតជាលក្ខណៈអន្ដរជាតិមួយ បើទោះជារដ្ឋាភិបាល កាលពីឆ្នាំ២០១៥ បានសម្រេចបិទបញ្ចប់ការស៊ើបអង្កេតចំពោះករណីនេះហើយក៏ដោយ។

លោកថា៖ «ក្ដីសង្ឃឹមពីយុត្តិធម៌យើងប្រហែលមិនមានទេ យើងដឹងហើយថា ស្ដង់ដារនៃច្បាប់ គឺមានលក្ខណៈស្ដង់ការពីរ។ ខ្ញុំគិតថា គួរតែមានការស៊ើបអង្កេតជាលក្ខណៈអន្ដរជាតិ ដើម្បីស្វែងរកការទទួលខុសត្រូវ ព្រោះចៀសវាងនូវការចោទប្រកាន់ណាមួយ​ដើម្បីដោះបន្ទុក គេចវេសពីការទទួលខុសត្រូវរបស់រដ្ឋ»។

មន្ត្រីកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ អ្នកស្រី ឆន សុខា  យល់ថា ការបង្ក្រាបទៅលើក្រុមកម្មករ និងមន្ដ្រីសិទ្ធិមនុស្ស កាលពី៤ឆ្នាំមុន គឺជាការរិតត្បិតធ្ងន់ធ្ងរលើសិទ្ធិប្រមូលផ្ដុំ និងសិទ្ធិបញ្ចេញមតិ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់អន្ដរជាតិនានា។ អ្នកស្រីយល់ថា រដ្ឋាភិបាលត្រូវមានទំនួលខុសត្រូវខ្ពស់ក្នុងនាមជាថ្នាក់នាំ និងត្រូវចាប់ជនបង្កហេតុមកដាក់ទោសតាមច្បាប់ ជាជាងរុញការទទួលខុសត្រូវដាក់គ្នាទៅវិញទៅមក។

អ្នកស្រីថា៖ «ការទាមទាររបស់កម្មករ ភាគច្រើនដោយអហិង្សា ហើយបើសិនជាការសង្កេតមើលរបស់ខ្ញុំ ខ្ញុំថា រដ្ឋគួរតែមានការទទួលខុសត្រូវ គួរតែមានការការពារណាមួយ កុំឲ្យមានអំពើហិង្សា រដ្ឋគួរតែចាត់វិធានការរកជនដែលបង្ក ជាជាងការចាប់អ្នកនេះ អ្នកនោះ ហើយចោទថា អញ្ចេះអញ្ចុះ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ