វិភាគ៖ ហេតុអ្វីបានជារដ្ឋាភិបាលមិនទាន់បញ្ចេញរបាយការណ៍បង្រ្កាបបទល្មើសព្រៃឈើ?

មានរយៈពេលជាង១ខែហើយតាំងពីបង្កើតក្រុមការងារពិសេសបង្រ្កាបបទល្មើសព្រៃឈើ ប៉ុន្តែលទ្ធផលនៃការបង្រ្កាប​បទ​ល្មើសព្រៃឈើរដ្ឋាភិបាលនៅតែមិនទាន់បាន​បង្ហាញជាសាធារណៈនៅឡើយ​​​​បើទោះជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានដៅឈ្មោះឧកញ៉ាយ៉ាងតិចពីរនាក់ដែលនាយករដ្ឋមន្រ្តីថាជាអ្នករកស៊ីឈើទៅលក់នៅប្រទេសវៀតណាម។

ការទន្ទឹងរង់ចាំលទ្ធផលជាងមួយខែមកនេះបានធ្វើឲ្យអង្គការសង្គមស៊ីវិល​ផ្នែក​បរិស្ថានសម្តែង​ក្តីបារម្ភ។

ក្នុង​សេចក្តី​ថ្លែង​ការណ៍រួម​ដែល​បាន​ចេញ ​នៅ​ថ្ងៃ​ពុធ​បណ្តាញ​ជ​ន​ជាតិ​ដើម​ភាគ​តិចនិង​ព្រៃ​ឈើចំនួន​​២៧បាន​សាទរ​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋា​​ភិបាលក្នុង​ការ​ទប់​ស្កាត់​នឹង​បង្ក្រាប​បទ​ល្មើ​ស​ព្រៃ​ឈើ​នាំ​ចេញ​ទៅប្រ​ទេស​វៀត​ណាម។ ប៉ុន្តែអង្គការទាំងនោះ​បានដាក់​ការ​ព្រួយបារម្ភយ៉ាងខ្លាំងចំពោះខែ្សចង្វាក់នៃការផ្គត់ផ្តង់ឈើដោយ​ថា​មិនមាន​ទិន្នន័យ​ច្បាស់​លាស់​​បញ្ជាក់​​​ពី​បរិមាណ​ឈើនាំចេញមកពីប្រភពផ្សេងៗរួមមានពីសហគមន៍ព្រៃឈើ គម្រោង​​​​អាជីវ​កម្ម​រ៉ែ ទំនប់វារីអគ្គិសនី ជាពិសេសពីសម្បទានដីសេដ្ឋកិច្ច។​

មន្រ្តីកម្មវិធីបរិស្ថាននៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ដែលជាអង្គការមួយក្នុងចំណោម​អង្គការទាំង​ជិត៣០​នោះ លោក ឯម សុភ័ក្រ្ត មានប្រសាសន៍ថាការពន្យាពេល​បង្ហាញ​លទ្ធផល​នៃការបង្រ្កាបបទល្មើសព្រៃឈើនេះអាចធ្វើឲ្យជនល្មើសរួចខ្លួនឬអាចកាឡៃឈើដែលខុសច្បាប់ទៅឈើស្របច្បាប់វិញ។​ លោកយល់ថា៖ ”ហេតុអីបានជាគណកម្មការហ្នឹងអត់បង្ហាញពីតម្លាភាពនៃការចាប់ជនល្មើស ហើយភស្តុតាងមួយចំនួនហ្នឹងទុករហូតដល់ពេលនេះប្រហែលជាអាចជនល្មើសបំផ្លាញ​ភស្តុតាងធ្វើម៉េចបង្វែរនីតិវិធីពីខុសច្បាប់ទៅជាស្របច្បាប់

​អង្គការ​ទាំងអង្គការទាំង​ជិត៣០​នោះ​ក៏បាន​បង្ហាញ​​ការ​សោក​ស្តាយ​ចំពោះ​យន្តការ​ផ្លូវ​ច្បាប់​​ដែល​មាន​ស្រាប់​ តែ​នៅ​តែ​មិន​​អាច​ទប់​ស្កាត់​ចំពោះ​បទ​ល្មើ​ស​ព្រៃ​ឈើ​នៅ​ទូ​ទាំង​ប្រទេស​។

អង្គការទាំងនោះ​​បាន​ស្នើដល់​​រដ្ឋាភិបាលត្រូវ​បង្រ្កាបបទល្មើសព្រៃឈើនៅទូទាំងប្រទេសគឺ​មិន​មែន​បង្រ្កាបតែនៅក្នុងខេត្តចំនួនដែលគណកម្មការពិសេសកំពុងធ្វើការនោះទេ។​​

សកម្មជនបរិស្ថានលោក ឈឹម សាវុធ អះអាងថាលោកបានឃើញបទល្មើសព្រៃឈើនៅខេត្តព្រះវិហារនិង​កំពង់ធំជាពិសេសតំបន់ព្រៃឡង់គឺកាន់តែច្រើនខណៈ​គណកម្ម​ការពិសេសរបស់​រដ្ឋាភិបាល​កំពុងធ្វើយុទ្ធនាការនៅខេត្តផ្សេងពីនោះ។​ លោកថា​ការ​មិន​​ទាន់​បញ្ចេញ​របាយ​ការណ៍​​បង្រ្កាបបទល្មើសព្រៃឈើនេះធ្វើឲ្យពលរដ្ឋអស់ជំនឿលើ​ប្រសិទ្ធ​ភាពការងារ​នៃក្រុម​ពិសេស​នេះដែលនឹងចំណាយថវិការដ្ឋ៥០០លានរៀល។

លោកមានប្រសាសន៍ថា៖ ”ឃើញតែព័ត៌មានមួយចំនួនតាមប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គមមានការ​ដុត​ឈើ​រាប់សិបកំណាត់គ្រប់កន្លែង ប៉ុន្តែអត់ឃើញមានការ​ផ្តន្ទាទោស[ជនល្មើស]យកច្បាប់​មក​អនុវត្ត។ បញ្ហាហ្នឹងដែលខ្ញុំគិតថា[រដ្ឋាភិបាល]អត់ឆន្ទៈពិតប្រាកដក្នុងការ​បង្រ្កាបទេវាជារឿងមួយដើម្បី​បំបិតបំបាំងរឿងផ្សេងបន្តទៀត

លោក ឈឹម សាវុធ យល់ថាការធ្វើយុទ្ធនាការនេះគឺមានរយៈពេលជិត២ខែហើយគឺគួរតែ​មានចេញរបាយការណ៍បឋមឲ្យពលរដ្ឋបានដឹងពីចំនួនឈើដែលចាប់បាននិងតើអ្នក​ណាជា​អ្នក​ប្រព្រឹត្តបទល្មើសព្រៃឈើនេះគឺមិនត្រូវបន្តលាក់បាំងនោះទេ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បាន​ដាក់ការសង្ស័យចំពោះមន្រ្តីមួយចំនួនដែលមិន​បង្រ្កាប​​បទល្មើសព្រៃឈើឲ្យមានប្រសិទ្ធិភាពដោយពួកគេបានផលប្រយោជន៍ពីបទល្មើស​នេះ​។​ លោក​មានប្រសាសន៍ថា៖​ “ប៉ុន្តែរឿងដឹកឈឺនេះអាហ្នឹង​វាដឹកហ្នឹងឡានហើយធំៗណាស់ ហើយចុះ​ភ្នែកទៅណាអស់ទាំងភ្នែកទាហាន ទាំងភ្នែកប៉ូលិស ទាំងភ្នែក​ប៉េ​​អឹម ទាំងភ្នែករដ្ឋាពិបាលព្រៃឈើ ទាំងភ្នែក​បរិស្ថាន ភ្នែកទៅណាអស់ទៅឬក៏អាហ្នឹងនឹងគេដែរវាណា​ស់តែ​អ៊ីចឹង”។​

ការថ្លែងរបស់នាយករដ្ឋមន្រ្តីបែបនេះគឺក្រោយពេលដែលលោកបានបង្កើតក្រុមការងារពិសេស​មួយដែលដឹកនាំដោយនាយកឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសអមដោយកងទ័ពឆ័ត្រយោង៩១១និង​អភិបាលខេត្តមួយចំនួនដោយប្រើ​ឧត្ថម្ភាគចក្រពីរគ្រឿងដោយ​អះអាងថាដើម្បីបង្រ្កាបបទល្មើសព្រៃឈើនៅកម្ពុជា។

នេះមិនមែនជាលើកទី១ទេដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញបទបញ្ជាឲ្យបង្រ្កាបបទល្មើសព្រៃនោះ។ លោកនាយករដ្ឋមន្រ្តីក៏បានប្រកាសកាត់ករប្រសិនបើមិនអាច​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​បាន​ទេនោះ។

លោក ឈឹម សាវុធ យល់ថាការយឺតយ៉ាវក្នុងបង្ហាញរបាយការណ៍នៃការបង្រ្កាបបទល្មើស​ព្រៃឈើគឺជាឱកាសឲ្យអ្នកកាប់ខុសច្បាប់កាឡៃទៅឈើជាស្របច្បាប់។

លោកកត់សំគាល់ថា៖ ”យើងមើលតែច្បាប់នាំឈើចេញរបស់ឧកញ៉ា ទ្រី ភាព មួយ ដំបូងគាត់បានច្បាប់ប្រមូលទិញឈើចាស់ៗពីរដ្ឋបាលព្រៃខេត្តចំនួន៨ទេដើម្បីនាំចេញទៅលក់ក្រៅប្រទេស។ ប៉ុន្តែយើងឃើញការកាប់បំផ្លាញពេញព្រៃយកឈើ​ថ្មីសុទ្ធគាត់ប្រមូលទិញគរទុកតាម​ឃ្លាំង​ហើយគាត់យកឡានដឹកចេញយក[អាជ្ញាប័ណ្ណ]រដ្ឋាភិបាលអនុញ្ញាតឲ្យស្របច្បាប់​ដឹក​ឈើហ្នឹងចេញ។ ទីបំផុតឈើស្រុកខ្មែរត្រូវអស់រលីង

របាយការណ៍​ក្នុង​ខែ​កក្កដាឆ្នាំ​២០១៥អង្គការ​ការពារ​ព្រៃឈើ​អន្តរជាតិ​ឈ្មោះ ហ្វរ៉ែស្ត ធ្រែនស៍ បានរក​ឃើញ​ថាការ​បាត់បង់​ព្រៃឈើ​ច្រើន​លើសលប់​នៅ​កម្ពុជាគឺ​កើត​ឡើង​ដោយសារ​តែ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​បាន​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​គ្រប់គ្រងលើដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ទទួល​បាន​ពី​រដ្ឋាភិបាល​ទៅ​កាប់​បំផ្លាញ​ព្រៃឈើក្នុង​នោះ​ក៏​មាន​ការ​កាប់​បំផ្លាញ​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​ផង​ដែរ។

អង្គការ ហ្វរ៉ែស្ត ធ្រែនស៍ កត់សម្គាល់​ថាការ​បាត់បង់​ព្រៃឈើ​ដ៏​មហិមា​នៅ​កម្ពុជាគឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​បរាជ័យ​ជា​ប្រព័ន្ធ​នៃ​ការ​អនុវត្ត​ច្បាប់​ការពារ​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជានិង​ពី​ការ​កើត​ឡើង​អំពើ​ពុករលួយ​នៅ​ក្នុង​វិស័យ​នេះ។

កាលពីឆ្នាំ២០១៤រដ្ឋ​មន្ត្រី​ក្រសួង​​កសិកម្មបាន​អះអាង​ថាព្រៃ​ឈើ​នៅ​ក្នុងប្រទេស​កម្ពុជានៅ​សល់​ប្រមាណ​៦០ភាគរយ​​លើ​ផ្ទៃ​ប្រទេស។ ប៉ុន្តែ​របាយ​ការណ៍ពី​រូបភាព​ផ្កាយ​រណប​ដែល​ចេញ​កាល​ពីខែ​ធ្នូឆ្នាំ​២០១៣ដោយអង្គការ Open Development Cambodia (ODC) បាន​បង្ហាញ​ថាព្រៃ​ឈើ​នៅប្រទេស​កម្ពុជាត្រូវបាន​បំផ្លាញ​យ៉ាង​ខ្លាំង​ក្នុង​រយៈ​កាល៥​ឆ្នាំចុង​ក្រោយ​នេះ។

បើតាមរបាយការណ៍នេះកាលពីឆ្នាំ​១៩៧៣ព្រៃឈើកម្ពុជាមានប្រហែល៧២,១១ភាគ​រយ។ ប៉ុន្តែរូបភាព​ថ្មីៗតាមផ្កាយរណប​បាន​បង្ហាញ​ថាគម្រប​ព្រៃ​ឈើ​បច្ចុប្បន្ន​នៅសល់តែ៤៦,៣៣ភាគ​រយ​ដោយ​រួម​បញ្ចូល​ទាំង​ចម្ការ​កៅស៊ូផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ