បទយកការណ៍៖ អ្នកលក់ដូរថាអាជ្ញាធរនៅតែទារលុយ ទោះបីជារដ្ឋាភិបាលលុប​ចោលកា​របង់​ថ្លៃភាស៊ី

បន្លែដែលដាក់លក់នៅលើទីផ្សារ

«បណ្ដើរកង់ទាន់មិនទាន់គេបណ្ដើរអារទះបុកពីក្រោយ ជូនកាលយើងកាន់កង់ជាប់មិនជាប់បែកទៅ អាសារមុនៗខ្ញុំឧស្សាហ៍ឲ្យលុយគេមិនសូវដេញយើងទេ គេប្រាប់ថាបើគេដេញចឹដើរចេញទៅ។ ដល់លូវខ្ញុំមិនដែលឲ្យលុយគេចឹងគេមិនសូវឲ្យខ្ញុំឈរលក់ទេ ព្រោះអីខ្ញុំដើរលក់មកពីគ្មានមុខរបបរកស៊ីនឹងគេ បានចេះតែដើរលក់ គេដេញយើងគេថាឲ្យយើងជ្រះឆ្អិសសព្វបែបសព្វយ៉ាង»

នេះជាការរៀបរាប់របស់ស្ត្រីលក់ដូរតាមដងផ្លូវ ដែលបានត្រូវអាជ្ញាធរដេញពីកន្លែងមួយទៅកន្លែងមួយទៀត ខណៈដែលស្ត្រីរូបនោះមិនឲ្យលុយទៅអាជ្ញាធរផ្សារ។ អ្នកស្រី ភួង ចន្ថា មានអាយុជាង៣០ឆ្នាំ ប្រកបមុខរបរលក់ពងទា ដែលលក់នៅតាមផ្សារនិងតាមមុខរោងចក្រនានាក្នុងរាជធានីភ្នំពេញ។

អ្នកស្រីរៀបរាប់ថា អ្នកស្រីត្រូវបានអាជ្ញាធរដេញជារៀងរាល់ថ្ងៃ ដោយសារគាត់មិនឲ្យលុយទៅអាជ្ញាធរនៅពេលដែលគាត់ឈប់កង់លក់ពងទារនៅតាំងផ្សារណាមួយ។ ស្ត្រីរូបឲ្យដឹងថា នៅពេលអាជ្ញាធរដេញ គាត់ក៏ទៅលក់កន្លែងផ្សេងទៀត ប៉ុន្តែកន្លែងដែលផ្សេងដែលគាត់ទៅលក់នោះត្រូវបង់លុយឲ្យអាជ្ញាធរដែរ បើពុំនោះទេគឺត្រូវអាជ្ញាធរដេញមិនឲ្យលក់ឡើយ ហើយរឹបអូសយករបស់ទាំងអស់។

អ្នកស្រីថា «ដេញតើបងដេញរាល់ថ្ងៃហ្នឹង ពេលឃើញគេមកចឹងខ្ញុំបណ្ដើរកង់ចេញប្រញាប់ប្រញាល់ខ្ញុំមិនឲ្យគេដេញខ្ញុំទាន់ទេ ជូនកាលគេចាប់អង្រឹងខ្ញុំក្រវីក្រវត្តពេញហ្នឹង តែខ្ញុំមិនដឹងធ្វើម៉េចបើយើងដើរលក់តាមផ្លូវចឹង។ ខ្ញុំមិនថាអីគេទេ ប៉ុនសំខាន់ដូចថា គេយកលុយពូមួយគាត់ថា មានឲ្យលុយគេអត់ ខ្ញុំថាខ្ញុំឲ្យលុយគេហើយ»។

អ្នកស្រី ចន្ថា បន្តថា អ្នកស្រីធ្លាប់ឮតាមវិទ្យុ និងទូរទស្សន៍ថា រដ្ឋាភិបាលបានប្រកាសឈប់ឲ្យយកភាស៊ីពីពួកគាត់ហើយ  ប៉ុន្តែមកដល់ពេលនេះអាជ្ញាធនៅតែយកលុយពីគាត់ដដែល។ អ្នកស្រីថា ពេលគាត់សួរពីរឿងទារភាស៊ីនេះ បែរអាជ្ញាធរឆ្លើយដោយមិនខ្វល់។

អ្នកស្រីថា «ខ្ញុំថាពូគេមិនឲ្យយកទេ លោក ហ៊ុន សែន ប្រកាសថាមិនឲ្យយកទេ គាត់ថាបើ លោក ហ៊ុន សែន មិនឲ្យយកទៅលក់នៅមុខផ្ទះ លោក ហ៊ុន សែន ទៅ នៅលក់ហ្នឹងគេយកលុយហើយ ខ្ញុំខ្លាចគេ ខ្ញុំចេះតែឲ្យគេទៅ»។

កំពុងអង្គុយលក់បន្លែ និងផ្លែចេក អ្នកស្រី ជិន សុខា បានរៀបរាប់ថា  អាជ្ញាធរមកទារភាស៊ីពីគាត់ក្នុងមួយកញ្ជែ្រង៥០០រៀល និងបង់ឲ្យម្ចាស់ផ្ទះដែលគាត់ដាក់លក់ពីមុខផ្ទះនោះ៥០០០រៀលបន្ថែមទៀត ហើយបើមិនបង់ទេគឺត្រូវអាជ្ញាធរនិងម្ចាស់ផ្ទះដេញមិនឲ្យលក់នៅមុខនោះឡើយ។

អ្នកស្រីថា «ពីព្រឹកមិនបានលក់ទេ បានលក់ថ្ងៃរសៀលហ្នឹងគេយក៥០០០រៀល ហើយកណ្ដាលថ្នល់សោះហ្នឹងគេយក៥០០០ ហើយបើលក់ទាល់ល្ងាច២ម៉ឺនរៀល ហើយខ្ញុំអាណារកលុយឲ្យបាន២ម៉ឺន បើមួយថ្ងៃខ្ញុំចំណេញមិនបាន១០០០០រៀលផងហ្នឹង។ ខ្ញុំត្រូវចំណាយថ្លៃផ្ទះនិងចំណាយផ្សេងៗទៀត ពិបាកណាស់ ពេលព្រឹកឡើងដេញ»។

និយាយជាមួយអ្នកសារព័ត៌មានបណ្ដើរ ឆ្លៀតហៅឲ្យអ្នកជិតនោះជួយទិញផ្លែចេក និងបន្លែផងនោះ អ្នកស្រីលើកឡើងថា បើទោះជាគាត់បានបង់លុយឲ្យអាជ្ញាធរហើយក៏ដោយ ប៉ុន្តែពេលខ្លះ គាត់នៅតែត្រូវបានដេញមិនឲ្យលក់ដដែល ដោយសារអ្នកដែលមកយកលុយផ្សេងនិងអ្នកដែលដេញផ្សេង។

អ្នកស្រីថា «ម៉េចឈ្នះគេ ចង់ថា​ឲ្យមានកន្លែលក់ស្រួលបួសមានកន្លែងសមរម្យហើយ ក៏មិនបាច់ដេញគ្នា ត្រណាត់ត្រណែងដូចថាពុងធ្ងន់ចឹងទៅ លើរត់ចឹងទៅ ហើយដេញគ្នាចាប់គ្នា ដាក់លើឡានលើអីអស់ហើយ ។ ខ្ញុំមិនចង់ឲ្យធ្វើចឹងទេ មិនដឹងខាងណាទេ គេអ្នកធ្វើការដែរហ្នឹង ប៉ូលីសប្រធានផ្សារ ក៏មិនដឹងមីងមិនសូវដឹងដែរ»។

អ្នកស្រី ហែម ចាន់ថន កំពុងលក់បន្លែនិងផ្លែស្វាយនៅជិតនោះដែររៀបរាប់ថា លុយដែលគាត់យកមកទិញបន្លែលក់នេះ គឺខ្ចីធនាគារ។​ អ្នកស្រីបន្តថា ប្រសិនបើបន្លែនិងផ្លៃឈើនោះលក់អស់ ក្នុងថ្ងៃនេះគាត់ចំណេញ ១០០០រៀល ប៉ុន្តែថ្ងៃខ្លះមិនបានចំណេញទេ ដោយសារលក់មិនដាច់ ហើយត្រូវបង់លុយឲ្យថ្លៃភាស៊ីទៀត។

បើទោះបីពួកគាត់ត្រូវបង់លុយឲ្យអាជ្ញាធរក៏ពិតមែន ប៉ុន្តែពេលពួកគាត់មានបញ្ហាអ្វី គាត់ថាគ្មានអាជ្ញាធរណាម្នាក់ចេញមកដោះស្រាយឡើយ គឺដឹងតែយកលុយប៉ុណ្ណោះ។

អ្នកស្រីថា «បង់ភាស៊ីផ្សេងដូចថាម្នាក់៥០០រៀល ៣ទៅ៤នាក់ អនាម័យ សន្តិសុខបន្តិចទៅ ដឹងថាទារ​មុខអីខ្លះបើមីងមិនដែលសួរទេ មិនដឹងគេយកធ្វើអី ចឹងមាន៤នាក់ ៣នាក់តាមម៉ូតគេ»។

កាលពី​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ២០១៦  លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បានចេញសារាចរមួយដោយ​លុប​ចោលកា​របង់​ថ្លៃ​​ភាស៊ី និងការ​បង់​ថ្លៃ​ផ្សេងៗទៀត ចំពោះ​ប្រជាពលរដ្ឋ​លក់​ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី ​នៅ​តាម​ទីផ្សារទូទាំងប្រទេស។​

សារាចរ​ដដែល​បាន​ដាក់​បញ្ជា​ឲ្យ​សាលា​រាជធានីនិងខេត្ត​ រៀប​ចំកន្លែង​លក់​ដូរ​ឲ្យ​បាន​ច្បាស់លាស់ចាប់​ពី​ថ្នាក់​ខេត្ត​ រហូតដល់ឃុំ​សង្កាត់សម្រាប់ជូន​ពលរដ្ឋ​ដែលលក់​ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី និង​អ្នកលក់​ដូរ​ក្រី​ក្រ​តូច​តាច ដោយ​មិនមានការ​បង់​ថ្លៃ​អ្វី​ទាំងអស់ចំពោះកន្លែងលក់ដូរនេះ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី មានប្រសាសន៍ថា កន្លងមកសាលារាជធានីភ្នំពេញបានជួបប្រជុំជាមួយប្រធានផ្សារនៅទូទាំងរាជធានី ដើម្បីឲ្យអនុវត្តន៍សារាចររបស់រដ្ឋាភិបាលរួចហើយ ប៉ុន្តែបើមន្ត្រីទាំងនោះមិនអនុវត្តទេ សាលារាជធានីភ្នំពេញនឹងចាត់វិធានការបន្ថែមទៀត។

លោកថា «បើសិនជាករណីនៅមានបុគ្គលណាដែលគាត់ល្មើស  មិនអនុវត្តតាមការណែនាំនេះ ហើយសិនយើងដឹង យើងនឹងចាត់វិធានការ។ បើសិនជាអាជីវករ ឬក៏អ្នកដែលបានឃើញគួរ រាយការណ៍មកភ្នំពេញ ចំពោះ បុគ្គលណាឬក៏ផ្សារណា ចឹងទៅយើងអាចដឹងព័ត៌មាននេះភ្លាមៗ ហើយយើងអាចចាត់វិធានការបានទាន់ពេល ព្រោះអីសុទ្ធតែដឹងទាំងអស់គ្នា យើងបានអនុវត្តសេចក្ដីណែនាំ សារាចរណែនាំរបស់រដ្ឋាភិបាល  ត្រូវបានកោះប្រជុំគ្រប់ផ្សារទាំងអស់តាំងពីសារាចរនេះបានចេញ។ ចឹងបើសិននៅមានចន្លោះប្រហោង ​អាហ្នឹងជាកំហុសបុគ្គល ហើយបើសិនជាយើងដឹង ឬក៏យើងងទទួលបានពាក្យបណ្ដឹង យើងចាត់វិធានការ»។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ មានប្រសាសន៍ថា រដ្ឋាភិបាលបានចេញសារាចរឲ្យឈប់ទារភាស៊ី ប៉ុន្តែការទារភាស៊ីប្រជាពលរដ្ឋនៅតែមានដដែល ដោយគ្មានមន្ត្រីណាម្នាក់អនុវត្តតាមនោះឡើយ។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាលចេញសារាចរ តែមិនបានតាមដានពីការអនុវត្តរបស់មន្ត្រីថ្នាក់ក្រោមទេគឺមិនមានប្រសិទ្ធភាពឡើយ។

លោកថា «រដ្ឋាភិបាលកាលណាចេញសារាចរអ្វីមួយគួរតែមានក្រុមអធិការកិច្ចរបស់ខ្លួន ដើម្បីទៅតាមដាន មើលឃ្លាំមើលការអនុវត្តសារាចរដែលចេញនីមួយហ្នឹង ទី២ រដ្ឋាភិបាលត្រូវតែមានវិធានការ ច្បាស់លាស់មួយដាក់ទោសទណ្ឌមន្ត្រីទាំងអស់ហ្នឹងដែលមិនអនុវត្តសារាចរណែនាំរបស់រដ្ឋាភិបាលហ្នឹងឯង។ ទី៣ ខ្ញុំគិតថាកាលមិនអនុវត្តសារាចរណែនាំនេះគឺធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿទៅនឹងសារាចរក៏ដូចជាអនុក្រឹត្យក៏ដូចជាសេចក្ដីណែនាំទាំងឡាយរបស់នាយករដ្ឋមន្ត្រី ហើយចំណុចមួយទៀតធ្វើឲ្យមន្ត្រីថ្នាក់ក្រោមគ្រាន់តែអនុវត្តតែមួយភ្លែតប៉ុណ្ណោះ ហើយសំខាន់មួយទៀតធ្វើឲ្យរដ្ឋាភិបាលខាតសន្លឹងថែមទៀតផងពីព្រោះជាពេលវេលានេះជិតបោះឆ្នោតផង»។

ក្រុមអាជីវករតូចតាច អះអាងថា ពួកគេបានបង់លុយឲ្យអាជ្ញាធរជារៀងរាល់ថ្ងៃ ប៉ុន្តែសុវត្ថិភាព សន្តិសុខរបស់ពួកគាត់ មិនត្រូវធានាដោយច្បាប់នោះឡើយ ។ ពួកគេអះអាងថា រាល់ថ្ងៃ​នេះ ពួកគាត់លក់នៅតាមចញ្ចើមផ្លូវ ជួបបញ្ហាប្រឈមជាច្រើន ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ត្រូវអាជ្ញាធរបណ្ដេញពីកន្លែងមួយទៅកន្លែងមួយទៀត និងជួយបញ្ហាផ្សេង ដោយពួកគាត់គ្មានទីតាំងកន្លែងលក់ដូចអ្នកផ្សេងៗ។

«ស្នើសុំថាឈប់យកភាស៊ីពីប្រជាជនទៅ ហើយឲ្យបានកន្លែងលក់កន្លែងអីស្រួលបួសទៅ ហើយឈប់ដេញឈប់អីគ្នាទៅ បានប៉ុន្មានបើសិនគ្នាមានគ្នាមិនមកលក់ទេ ដាច់បាយដាច់ទឹក»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ