ពលរដ្ឋខេត្តកណ្តាលតវ៉ាមុខសាសាស្រុកទាមទារដំណោះស្រាយវិវាទដីធ្លី

ពលរដ្ឋខេត្តកណ្តាលតវ៉ាមុខសាសាស្រុកទាមទារដំណោះស្រាយវិវាទដីធ្លី (រូបភាពពីវីដេអូ)

ពលរដ្ឋរាប់រយនាក់​នៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានប្រមូលផ្តុំគ្នាតវ៉ាមុខសាលាស្រុកដើម្បីស្វែងរក ដំណោះស្រាយរឿងវិវាទដីធ្លី ដែលអះអាងថា ដីរួមរបស់សហគមន៍ត្រូវគេលួចលក់ឲ្យក្រុមហ៊ុន។

ពលរដ្ឋម្នាក់រស់នៅភូមិអំពៅព្រៃ ឃុំអំពៅព្រៃលោក យ៉េន យ៉ាត ប្រាប់វីអូឌីថា នៅថ្ងៃនេះពលរដ្ឋប្រមាណ៥០០នាក់បាននាំគ្នាប្រមូលផ្តុំ​មុខសាលាស្រុកកណ្តាលស្ទឹង ដើម្បីជំរុញទៅអាជ្ញាធរពន្លឿនការដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់។

លោកបន្តថា កាលមុនចូលឆ្នាំខ្មែរក្រុមពលរដ្ឋបានតវ៉ាម្តងរួចមកហើយដោយនាំគ្នារារាំងគ្រឿងក្រុមហ៊ុនកុំឲ្យ ឈួសឆាយដីដែលកំពុងមានជម្លោះ ដោយថា កាលណោះអាជ្ញាធរស្រុកកណ្តាលស្ទឹងសន្យាជួបប្រជុំដោះ ស្រាយក្រោយចូលឆ្នាំ​ ប៉ុន្តែអាជ្ញាធរមិនបានធ្វើតាមសន្យាទើបពលរដ្ឋនាំគ្នាមកតវ៉ាម្តងទៀត។

លោកបន្ថែមថា«ស្រុកគេប្រាប់ពួកយើងថា ចូលឆ្នាំហើយគេនឹងដោះស្រាយឲ្យ ប៉ុន្តែចូលហើយគេមិនបានប្រាប់យើង ថាដោះស្រាយថ្ងៃណា ហើយព្យាយាមបំបិទសុំណុំរឿងយើងចោលទៀត អញ្ចឹងហើយបានជាពលរដ្ឋឡើងមក តវ៉ាម្តងទៀត។ ឥលូវនេះយើងបានដាក់ពាក្យបណ្តឹងរួចហើយដែលស្នាមមេដៃជាង១ពាន់គ្រួសារ ហើយសាលា ស្រុកក៏គេព្រមទទួលយកដែរ។ ពួកយើងចង់បានដំណោះស្រាយជារួម​ ព្រោះអីដីនោះជាដីរួមរបស់ឃុំ»

វិអូឌីមិនអាចសុំការឆ្លើយតបពីអភិបាលស្រុកកណ្តាលស្ទឹងបានទេជុំវិញវិវាទដីធ្លីនេះ។ តែទោះយ៉ាងណាពល រដ្ឋឲ្យដឹងថា ក្រោយទទួលញត្តិ មន្រ្តីសាលាស្រុកសន្យាជួបជាមួយតំណាងពលរដ្ឋនៅម៉ោង២រសៀលដើម្បីពិភាក្សារកដំណោះស្រាយ។

បើតាមពលរដ្ឋ  ដីបឹងសហគមន៍ដែលក្រុមអ្នកភូមិកំពុងមានជម្លោះជាមួយក្រុមហ៊ុននោះ មានទំហំ៤០០ហិក តា ក្នុងនោះមានពាក់ព័ន្ធពលរដ្ឋជាង ២០០០គ្រួសារ ហើយពលរដ្ឋសង្ស័យថា ដីនោះត្រូវបានអាជ្ញាធរឃុបឃិតគ្នាលួចលក់ទៅឲ្យ ក្រុមហ៊ុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ