ក្រសួងព័ត៌មានថា សេចក្តីព្រៀងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានបានបញ្ជូនទៅនាយរដ្ឋមន្រ្តីហើយ

រដ្ឋ​មន្ត្រី​ក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ កាលពីពេលកន្លងទៅ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន​ មានប្រសាសន៍ថាក្រសួងព័ត៌មានបានបញ្ជូនសេចក្តីព្រៀងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ទៅនាយករដ្ឋមន្រ្តីរួចរាល់ហើយ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអះអាងប្រាប់អ្នកសាព័ត៌មាន មន្រ្តីអង្គការសង្គមស៊ីវិល តំណាង អង្គការយូណេស្កូប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធមួយចំនួនទៀត ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកកាលពីថ្ងៃម្សិល មិញនេះ ថាក្រសួងព័ត៌មានបានបញ្ជូនលិខិតទៅកាន់នាយរដ្ឋមន្រ្តីស្នើសុំបង្កើតក្រុម​ការងារអន្តរក្រសួងដើម្បីពិភាក្សាគ្នា មុន​បញ្ជូនទៅកាន់គណរដ្ឋមន្រ្តី។

លោកបញ្ជាក់ថា៖«កន្លងមកខ្ញុំបានធ្វើលិខិតទៅនាយរដ្ឋមន្រ្តីហើយ​ ដើម្បីរៀបសុំបង្កើតជាគណៈកម្មការអន្តរក្រសួង​។ ដល់ពេលគណៈកម្មការអន្តរក្រសួងជជែកចប់ យើងនឹងបញ្ជូនច្បាប់នេះទៅក្រុមប្រឹក្សារដ្ឋមន្រ្តី។»​

ក្រុមការងារបច្ចេកទេសក្រសួងព័ត៌មាននិងភាគីពាក់ព័ន្ធបាន ឯកភាពគ្នាបញ្ចប់សេចក្តីព្រៀងច្បាប់ស្តីពីសិទ្ធិទទួលបាន ព័ត៌មាននេះ កាលពីថ្ងៃទី២៦ខែមករាកន្លងទៅ។

មន្រ្តីកម្មវិធីជាន់ខ្ពស់វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ លោកផាន ភ័ព្វបារមី មានប្រសាសន៍ថា​ច្បាប់ស្តីពីសិទ្ធិ​ទទួលបានព័ត៌មាននេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋគ្រប់រូបក៏ដូចជាស្ថាប័ននានា ព្រោះមនុស្ស ម្នាក់ៗតែងតែចង់បាន​ព័ត៌មានជាក់លាក់។ លោក បញ្ជាក់ថាព័ត៌មានជាឆ្នាំងបាយ របស់ប្រជាពលរដ្ឋទូទៅព្រោះពួក​គាត់​ត្រួវការព័ត៌មានសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់។

លោកបន្តថាកាលណាច្បាប់នេះ ចូលជាធរមានវានឹងធ្វើឲ្យ​កាន់តែងាយស្រួលថែមទៀតដល់អ្នកដែលចង់បានព័ត៌មានពី​ស្ថាប័ននានា។ លោកបញ្ជាក់បន្ថែមថា៖«យើងធ្វើច្បាប់ដើម្បីធានាឲ្យសិទ្ធិរបស់ប្រជាពលរដ្ឋហ្នឹង សិទ្ធិរបស់ប្រជាពលរដ្ឋ​ទាំងអស់គ្នាហ្នឹងណា គឺមិនមែនតែប្រជាលរដ្ឋនេះទេ គឺទាំងមន្រ្តីរាជការទាំងអីក៏ដោយ ​គឺទាំងអស់គ្នាហ្នឹងទទួលគឺថា ធានាបានការអនុវត្តសិទ្ធិហ្នឹងសមស្របបានពេញលេញ។​ ប៉ុន្តែតែបច្ចុប្បន្នដោយសារតែអត់មានច្បាប់ហ្នឹង​ ការដែលផ្ដល់​ឲ្យ (ព័ត៌មាន) គាត់ចង់ផ្ដល់ឲ្យឬមិនផ្ដល់ឲ្យ វាអត់មានច្បាប់ណាដែលដាក់ទោសទណ្ឌដាក់អី។ អញ្ចឹងអានេះហើយដែលវា​ធ្វើ​ឲ្យ​មានភាពអសកម្មនៅក្នុងរបស់សង្គមយើង។»

ក្រសួងព័ត៌មានចាប់ផ្ដើមធ្វើសេចក្តីព្រៀងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននៅឆ្នាំ២០១៥ ដោយមានការគាំទ្រពីរដ្ឋា​ភិបាលស៊ុយអ៊ែត និង​អង្គការយូណេស្កូ(UNESCO)៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ