សហ​គមន៍៥នាក់​រង​បួសពេល​​ប៉ះទង្គិច​ជា​មួយ​សមត្ថកិច្ចខណ្ឌដូន​ពេញ

សកម្មជនបឹងកក់ប៉ះទង្គិច​ជា​មួយ​សមត្ថកិច្ចខណ្ឌដូន​ពេញ (រូបភាពពី SBN)

យ៉ាងហោចណាស់ប្រជាសហគមន៍បឹងកក់៥នាក់បានរងរបួស ដោយសារការប៉ះទង្គិចជាមួយអាជ្ញាធរខណ្ឌដូនពេញ ខណៈប្រជាសហគមន៍តវ៉ាទាមទារឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្ស៤រូបនិងមន្រ្តី គ.ជ.ប មួយរូប។

នៅព្រឹកថ្ងៃចន្ទនេះ សហគមន៍ដីធ្លីបឹងកក់មួយចំនួនបានតវ៉ានៅសហគមន៍របស់ពួកគេ។ តំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វាន្នី ប្រាប់វីអូឌីថានៅម៉ោងប្រមាណ៩ព្រឹក មានការប៉ះទង្គិចគ្នារវាងសមត្ថកិច្ចខណ្ឌដូនពេញប្រមាណ៧០នាក់ដែលចុះបង្រ្កាបយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ។ អ្នកស្រីបន្តថាមនុស្ស៥នាក់បានរងរបួសក្នុងការប៉ះទង្គិចនេះ។ អ្នកស្រីមានប្រសាសន៍ថា៖ គាត់ចូលទៅបំផ្លាញ(សម្ភារៈ) បំបែកបំបាក់ចោលតែម្តង កម្ទេចចោលហើយគាត់ទាញយកស្គររបស់ពួកខ្ញុំទៀត អញ្ចឹងគាត់ព្យាយាមទៅតោងស្គរពួកខ្ញុំព្យាយាមដណ្តើមស្គរពួកខ្ញុំដែលពួកខ្ញុំភាគច្រើនសុទ្ធតែស្រីៗហ្នឹងគាត់ទៅការពារ គាត់ទៅអោបអីអញ្ចឹងទៅ ត្រូវបានកងកម្លាំងសមត្ថកិច្ចហ្នឹងវ៉ៃ ប្រើហិង្សាវាប៉ះដល់ពួកខ្ញុំ ពួកខ្ញុំប៉ះប្រហែលជា៥នាក់ប្រុសម្នាក់ស្រីបួននាក់

អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន ប្រាប់វីអូឌីនៅសៀលថ្ងៃចន្ទនេះថាលោកមិនបានដឹងពីការប៉ះទង្គិចរវាងកម្លាំងសន្តិសុខនិងប្រជាសហគមន៍បឹងកក់នោះទេ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឃួន ស្រេង បានឲ្យដឹងថាលោកមិនទាន់អាចអធិប្បាយលើករណីនេះបាននៅឡើយទេ ដោយអះអាងថាលោកមិនទាន់ទទួលបានព័ត៌មាននេះច្បាស់លាស់នៅឡើយ។ ទោះជាយ៉ាងណាលោកថាប្រជាសហគមន៍បឹងកក់ភាគច្រើនតែងតែតវ៉ាមិនគោរពច្បាប់នោះទេ។

ដោយឡែកនៅថ្ងៃនេះផងដែរ សហគមន៍បណ្តាញអតីតស្ត្រីបឹងកក់ស្ថិតនៅបូរីសន្តិភាពពីរ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក៏បានចេញមុខតវ៉ាទាមទារឲ្យដោះលែងសកម្មជនសិទ្ធិមនុស្សផងដែរ។ អ្នកស្រី អ៊ឹម ស្រទូច ប្រាប់អ្នកសារព័ត៌មានថាពួកគេជាង១០នាក់បានប្រមូលផ្តុំគ្នាដោយប្តូរពីពាក់អាវខ្មៅទៅជាពាក់អាវពណ៌សវិញ ដោយអ្នកស្រីថាកុំឲ្យរដ្ឋាភិបាលចោទពួកគេថាធ្វើបដិវត្តន៍ពណ៌។

សហគមន៍បណ្តាញអតីតស្ត្រីបឹងកក់ស្ថិតនៅបូរីសន្តិភាពពីរ
សហគមន៍បណ្តាញអតីតស្ត្រីបឹងកក់ស្ថិតនៅបូរីសន្តិភាពពីរ

យ៉ាងណាក៏ដោយ អ្នកស្រី អ៊ឹម ស្រទូច បន្តថានៅពេលដើរហែក្បួនពីផ្សារបូរីសន្តិភាពពីរចេញមកដល់ផ្លូវជាតិលេខ៣ ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានរារំាងមិនពួកគេឲ្យយកលិខិតជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដល់ផ្ទះនៅជិតវិមានឯករាជ្យ ដើម្បីសុំឲ្យជួយអន្តរាគមន៍ដោះលែងមន្ត្រីសិទ្ធិមនុស្សនិងមន្ត្រី គ.ជ.ប ១រូបនោះទេ។ អ្នកស្រីមានប្រសាសន៍ថា៖ ”យើងពាក់អាវខ្មៅសម្តេចមិនសប្បាយចិត្ត យើងប្តូរពាក់អាវសដើម្បីបង្ហាញថាគោលបំណងយើងមកធ្វើបដិវត្តន៍ស្អីទៅ យើងគ្រាន់តែសុំឲ្យដោះលែងមន្ត្រីអង្គការសង្គមស៊ីវិលហើយនឹងមន្ត្រី គ.ជ.ប មួយរូបហើយនឹងសំណងបន្ថែមដល់ពួកយើង ប៉ុន្តែឥឡូវត្រូវអាជ្ញាធររារំាង ទោះបីយើងពាក់សឬមួយយើងពាក់ខ្មៅ គឺយើងនៅតែអត់មានសិទ្ធិសេរីភាពទំាងអស់”។

អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូលោក អំ  សំអាត ហៅការរារាំងនិងការប្រើហិង្សាលើអ្នកធ្វើយុទ្ធនាការទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សជាការរំលោភសិទ្ធិមនុស្សនិងធ្វើឲ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល។ លោកបញ្ជាក់ថា៖ “ធ្វើឲ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលដោយសារតែមន្ត្រីខាងក្រោមដែលគាត់អនុវត្តហួសតួនាទី ប្រើប្រាស់នូវអំពើហិង្សាដែលរំលោភសិទ្ធិទៅលើពលរដ្ឋធ្វើឲ្យមានការរិះគន់ជាបន្តទៅទៀតហើយកម្ពុជាយើងមិនទាន់មានការគោរពសិទ្ធិមនុស្សពេញលេញនៃការប្រើប្រាស់ហិង្សាលើប្រជាពលរដ្ឋជាដើម”។

បើតាមប្រជាសហគមន៍ដីធ្លីបឹងកក់បានលើកឡើងប្រហាក់ប្រហែលគ្នាថាពួកគេនៅតែបន្តធ្វើយុទ្ធនាការពាក់អាវពណ៌ខ្មៅនិងពណ៌ស នៅរៀងរាល់ថ្ងៃចន្ទរហូតមានការដោះលែងមន្ត្រីសិទ្ធិមនុស្សឲ្យមានសេរីភាពវិញ។

រហូតមកដល់ថ្ងៃនេះជាសប្តាហ៍ទី៩ហើយដែលយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ។ ប៉ុន្តែនៅសប្តាហ៍ទី៩នេះ មិនឃើញមានអាជ្ញាធរចាប់ខ្លួនប្រជាសហគមន៍ដីធ្លីដូចសព្វដងនោះទេ។ គួរបញ្ជាក់ថាកាលពីថ្ងៃទី២ ខែឧសភា តុលាការបានសម្រេចចោទប្រកាន់មន្រ្តីការពារសិទ្ធិមនុស្សអាដហុក៤រូបនិងមន្រ្តី គ.ជ.ប ពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់។ មន្រ្តីអាដហុក៤ទាំងរូបរួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុន្នី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ