ពេជ្រ ភិរុណ ​ធ្វើ​​ជា​អ្នកច្នៃ​ម៉ូដ​​អោយ​អម្ពរ ទេវី ពេលថត​កុន

អតីតស្វាមីរបស់នាង អម្ពរ ទេវី លោក ពេជ្រ ភិរុណនិង​នាង​ អម្ពរ ទេវី

ក្នុងគម្រោងចុះមកថតកុនរបស់អ្នកនាងអម្ពរ ទេវី នៅពាក់កណ្ដាលខែ៨ខាងមុខនេះ លោកពេជ្រ ភិរុណ ដែលជាអតីតតារាសម្ដែង និងជាអតីតស្វាមីរបស់អ្នកនាងបានអះអាងថាលោកគឺជាអ្នកច្នៃម៉ូដទាំងស្រុងសម្រាប់អោយអ្នកនាងអម្ពរ ទេវី ស្លៀកថតក្នុងរឿង«ទឹកចិត្តម្ដាយសម័យថ្មី»។ នេះគឺជាការប្រកាសមួយដែលត្រូវបានមហាជនចាប់អារម្មណ៍ភាគច្រើន ខណៈអ្នកទាំងពីរត្រូវគេដឹងថាលែងលះគ្នាយូរមកហើយ ប៉ុន្តែនៅតែគិតគូរគ្នាមិនខុសពីនៅស្រឡាញ់គ្នា។         លោកពេជ្រ ភិរុណ បានថ្លែងប្រាប់ថាលោកបានដឹងរួចហើយពាក់ព័ន្ធនឹងរឿងអតីតភរិយារបស់ខ្លួនគឺអ្នកនាងអម្ពរ ទេវី ត្រូវចុះមកថតកុនអោយអ្នកស្រីពាន់ ភួងបុប្ផាក្នុងខែ៨ខាងមុខ។ លោកថាអ្នកនាងបានខលមកលោកអោយលោកជាអ្នករាប់រងចេញម៉ូដសំលៀកបំពាក់គ្រប់ឈុតអោយអ្នកនាងស្លៀកថតកុន ប៉ុន្តែលោកមិនទាន់ដឹងថាតើឈុតក្នុងរឿងតម្រូវសម្លៀកបំពាក់បែបណាខ្លះទេ។ លោកថាសម្រាប់សម្លៀកបំពាក់ឈុតជំទាវផ្លូវការ រួមមានកិច្ចប្រជុំ ចូលពិធីនិងស្លៀកដើរជាដើម លោកបានត្រៀមម៉ូដខ្លះរួចហើយ លើកលែងតែឈុតក្រៅពីនោះ ដែលលោកត្រូវការពិភាក្សាជាមួយផលិតករបន្ថែមទៀត ដើម្បីអោយបានដឹងច្បាស់។ លោកឲ្យដឹងទៀតថាហោចណាស់ អ្នកនាងអម្ពរ ទេវី ក៏មានសម្លៀកបំពាក់ដែលកាត់ដោយផ្ទាល់ដៃរបស់លោកមិនក្រោម៥ទៅ៦ឈុត ដើម្បីស្លៀកថតកុនក្នុងរឿង«ទឹកចិត្តម្ដាយសម័យថ្មី»នោះដែរ។

លោកនិយាយថា៖ “អ្នកវី (អម្ពរ ទេវី) គាត់ប្រាប់ខ្ញុំរួចហើយ ប៉ុន្តែខ្ញុំក៏ត្រូវការដឹងថាគាត់លេងតួជំទាវហ្នឹងលេងយ៉ាងមិចខ្លះដែរ ព្រោះវាមានជំទាវចូលប្រជុំ ដើរលេង ជប់លៀង ជួបភ្ញៀវ និងនៅផ្ទះជាដើម ចឹងទាល់តែខ្ញុំបានដឹងអោយលម្អិតសិន ទើបខ្ញុំរៀបចំចេញម៉ូដទៅវាសម!”។ បើតាមលោក ពេជ្រ ភិរុណ លោកត្រូវការជជែកច្រើនលើករណីនេះជាមួយ អ្នកស្រី ពាន់ ភួងបុប្ផា បើមិនដូច្នេះទេ គឺលោកនឹងត្រៀមបានតែសម្លៀកបំពាក់អោយអ្នកស្លៀកថតសម្រាប់ថតប្លង់ប្រជុំនិងថតប្លង់ផ្លូវការក្នុងរឿងប៉ុណ្ណោះ។ លោកថារវាងខ្លួននិងអ្នកនាងអម្ពរ ទេវី បើទោះជាបានលែងគ្នាតាំងពី២០០១ ប៉ុន្តែទំនាក់ទំនងរបស់អ្នកទាំងពីរគឺមិនខុសពីបងប្អូន និងក្រុមគ្រួសារតែមួយ។ ជាក់ស្ដែងលោកថាហូរហែកន្លងមកលោករមែងកាត់សំលៀកបំពាក់ច្រើនឈុតតាមដែលអ្នកនាងត្រូវការផ្ញើអោយទៅអាមេរិក ហើយអ្នកនាងក៏តែងផ្ញើនេះផ្ញើនោះមកអោយលោកមិនខុសពីប្អូនស្រីគិតគូរបងប្រុស។ លោកនិយាយថា៖ “អ្នកវី និងខ្ញុំអត់ខុសពីបងប្អូនទេ គាត់ត្រូវការសម្លៀកបំពាក់ប៉ុន្មានខ្ញុំផ្ញើទៅប៉ុណ្ណឹង គឺអត់មានយកលុយអីមួយរៀលទេ ហើយសម្លៀកបំពាក់ខ្ញុំកាត់អោយគាត់មួយឈុតអត់ក្រោម៥៦០០ដុល្លារទេ ប៉ុន្តែគាត់ក៏គិតខ្ញុំវិញមិនខុសគ្នាដែរ ដូចមុននឹងខ្ញុំឈឺ(លើសឈាម)ទន់ជើងដើរអត់រួច គាត់អោយប្អូនគាត់ទិញរទេះអោយខ្ញុំមួយភ្លាម ចឹងហើយបានគាត់មកថតកុនខែក្រោយនឹង គឺគាត់ខ្ញុំចេញម៉ូដខោអាវអោយគាត់ទាំងអស់ គាត់អត់ស្លៀករបស់អ្នកណាទេ!”។ លោកថាសម្លៀកបំពាក់ច្រើនឈុតរបស់អ្នកនាងអម្ពរ ទេវី សម្រាប់ថតមួយរឿង«ទឹកចិត្តម្ដាយសម័យថ្មី»នោះ ក្រៅពីមិនចំណាយពេលកាត់អោយដោយមិនយកកម្រៃហើយ លោកក៏នឹងកាដូសម្លៀកបំពាក់ទាំងនោះ អោយទៅអ្នកនាងនៅពេលអ្នកនាងត្រឡប់ទៅវិញនោះផង។

អ្នកស្រីពាន់ ភួងបុប្ផា បានអះអាងថាអ្នកស្រីមិនបានដឹងរឿងអ្នកនាងអម្ពរ ទេវី តម្រូវអោយលោកពេជ្រ ភិរុណ ជាអ្នកចេញម៉ូដខោអាវអោយសម្រាប់ស្លៀកថតកុនរបប់ខ្លួននោះទេ ប៉ុន្តែអ្នកស្រីសប្បាយចិត្តនៅពេលដឹងថាតួអង្គអ្នកនាងអម្ពរ ទេវី ដែលត្រូវដើរតួជំទាវ ហើយមានតម្រូវការសម្លៀកបំពាក់អោយសមនឹងជំទាវ មានលោកពេជ្រ ភារុណ ជាអ្នករ៉ាប់រងសំលៀកបំពាក់អោយ។ អ្នកស្រីថាខ្លួននឹងធ្វើការឆ្លើយប្រាប់ទៅកាន់លោកពេជ្រ ភារុណ ដើម្បីអោយលោកចាត់ចែងជួយកាត់សំលៀកបំពាក់បែបណា អោយស៊ីនឹងផ្ទៃរឿងដើម្បីជួយលើសម្រស់រឿងអោយកាន់តែល្អផង។ អ្នកស្រីនិយាយថា៖ “មុននឹងខ្ញុំកំពុងបារម្ភខ្លាចអម្ពរគាត់អត់មានសំលៀកបំពាក់អោយសមនឹងជំទាវ សម្រាប់ស្លៀកថតរឿង ដល់ពេលបានដឹងថាគាត់(ពេជ្រ ភារុណ)ជាអ្នករ៉ាប់រងចឹង អូខេខ្ញុំនឹងទាក់ទងទៅគាត់ភ្លាម ព្រោះខ្ញុំក៏ចង់អោយអម្ពរគាត់មានសំលៀកបំពាក់អោយសមនឹងតួជំទាវដែលខ្ញុំស្រមៃដែរ!”។             តាមគម្រោងអ្នកនាងអម្ពរ ទេវី នឹងចុះពីអាមេរិកមកថតកុនរឿង«ទឹកចិត្តម្ដាយសម័យថ្មី»របស់អ្នកស្រីពាន់ ភួងបុប្ផា នៅថ្ងៃទី១២ សីហា។ តាមគម្រោងអ្នកនាងមកដល់កម្ពុជានៅថ្ងៃទី១៤ ប៉ុន្តែរហូតដល់ថ្ងៃទី១៨ សីហា ទើបអ្នកនាងដំណើរចេញថត។ អ្នកនាងអម្ពរ ទេវី ត្រូវសម្ដែងជាតួអង្គម្ដាយជំទាវជាមួយលោកទេព រិន្ទដារ៉ូ ជាដៃគូចាស់ ដោយការសម្ដែងនៅក្នុងរឿងនេះ នឹងធ្វើអោយចប់មុនអ្នកនាងត្រូវទៅអាមេរិកវិញនៅថ្ងៃទី២៧ សីហា ខាងមុខ ដោយសារតែអ្នកនាងសុំច្បាប់ពីខាងក្រុមហ៊ុនដែលអ្នកនាងធ្វើការបានតែ២សប្ដាហ៍មិនអាចលើសនឹង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ