រដ្ឋាភិបាលចាប់ផ្តើមរឹតបន្តឹងការនាំជ្រូកចូលខុសច្បាប់

ការនាំចូលជ្រូក (នគរបាលជាតិ)

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសថា ក្រសួងបានជូនដំណឹងដល់អាជ្ញាធរគ្រប់បណ្តាលរាជធានី-ខេត្តទាំងអស់ ឲ្យបញ្ឈប់ការនាំជ្រូកចូលដោយខុសច្បាប់ពីប្រទេសវៀតណាម ខណៈចំនួននៃការនាំចូលនោះមានការកើនឡើង។ នេះបើតាមគេហទំព័ហ្វេសប៊ុកក្រសួងកសិកម្ម។

អគ្គលេខាធិការក្រសួងកសិកម្ម លោក ចាន់ ហេង បញ្ជាក់បន្ថែមថា ក្រសួងបានចេញសេចក្ដីជូនដំណឹងទៅអាជ្ញាធររាជធានីខេត្តរួចហើយ ដើម្បីឲ្យធ្វើការទប់ស្កាត់ការនាំជ្រូកខុសច្បាប់ តាមរយៈ​ការរឹតបន្តឹងការបង់ពន្ធ។ លោកថា «ទប់ស្កាត់ធ្វើម៉េចឲ្យមានការបង់ពន្ធ រាល់ថ្ងៃដែលចូលមក គឺចូលដោយលួចនាំចូល ចឹងបានយើងសំណូមពរទៅក្រសួងពាណិជ្ជកម្មទៅក្រសួងមហាផ្ទៃសូមឲ្យជួយទប់ស្កាត់អាហ្នឹង បើត្រឹមនាំចូលស្របច្បាប់គឺអត់ប៉ះពាល់ [កសិករ] ទេ»។

ការចាត់វិធានការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើឡើងក្រោយពីក្រុមអ្នកចិញ្ចឹមក្នុងស្រុកបានរិះគន់ថា ក្រសួងមិនមានសមត្ថភាពទប់ស្កាត់ការនាំជ្រូកពីប្រទេសវៀតណាម ដែលធ្វើប៉ះពាល់ដល់តម្លៃជ្រូកក្នុងស្រុក។

ប្រធានក្រុមប្រឹក្សាសមាគមចិញ្ចឹមសត្វកម្ពុជា លោក លី ឡាវីល សាទរ ចំណាត់ការនេះ តែចំពោះការអនុវត្តមានប្រសិទ្ធភាពអត់នោះ គឺលោកមិនទាន់ដឹងនៅឡើយ។​

លោកថា «វាពាក់ព័ន្ធការងាររដ្ឋាភិបាល គ្រាន់តែយើងឃើញថាក្រសួងកសិកម្មបានខិតខំធ្វើ ក៏ប៉ុន្តែវានៅពាក់នឹងអាជ្ញាធរតាមខេត្តតាមព្រំដែន តាមច្រករបៀងមួយៗ។ សមាគមយើងបានប្រជុំជាមួយក្រសួងពាក់ព័ន្ធក៏បានជួបជាមួយក្រសួងសេដ្ឋកិច្ចទាក់ទងការគ្រប់គ្រង ក៏ឃើញក្រសួងសេដ្ឋកិច្ចមួយរយៈនេះក៏បានចុះទៅត្រួតពិនិត្យការនាំចូលឲ្យមានការបង់ត្រឹមត្រូវផងដែរ»។

លោកបណ្ឌិតកសិកម្ម យ៉ង់ សាំងកុមារ សាទរចំពោះវិធានការរបស់ក្រសួងកសិកម្ម ប៉ុន្តែលោកថាវិធានការនេះមិនមានប្រសិទ្ធភាពឡើយ បើគ្មានការចូលរួមពីក្រសួងពាក់ព័ន្ធនោះ។ លោកស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអ​ន្តរាគមន៍ចំពោះរឿងនេះ។

លោកថា «វាមិនមែនប៉ះពាល់ដល់អ្នកចិញ្ចឹមជ្រូកទេ ​ប៉ុន្តែវាប៉ះពាល់ដល់អ្នកដាំដំឡូង​ អ្នកធ្វើស្រែអីដែរ ​​ព្រោះគេចិញ្ចឹមជ្រូកគេដំឡូងទៅផលិតជាចំណីសត្វ​យកកន្លួសអីចឹង វាធ្វើប៉ះពាល់ដល់ផ្នែកផ្សេងៗណាមួយទៀតវានឹងនាំឲ្យហានិភ័យខ្ពស់ដល់ខ្មែរ ដល់ពេលយើងនាំសាច់ពីគេមកមិនដឹងសាច់ជ្រូកគេផលិតរបៀបម៉េចទុករបៀបម៉េច វាហានិភ័យទាក់ទងសុវត្តិភាពចំណីអាហារចឹងជារឿងអត់ល្អទេ។ ខ្ញុំយល់ឃើញថា រដ្ឋាភិបាលត្រូវចាត់ចែងកិច្ចការងារនឹងឲ្យបានរហ័ស ដើម្បីដោះស្រាយបញ្ហារបស់កសិករ ដោះស្រាយបញ្ជាសន្តិសុខស្បៀងរបស់ជាតិទាំងមូល សុវត្តិភាពស្បៀងរបស់ជាតិទាំងមូល»។

កាលពី​ថ្ងៃ​ទី២៧ ខែមេសា ឆ្នាំ២០១៧ ក្រសួង​កសិកម្មបាន​ចេញ​សេចក្ដី​ប្រកាសព័ត៌មានឲ្យ​​ក្រុមហ៊ុន​នាំ​ចូល​សត្វ​ពាហនៈ និង​សាច់​ទាំងអស់​ដែល​នាំ​ចូល​ ឬ ​បន្ត​ការ​នាំ​ចូល​សាច់ និង​សត្វ​ពាហនៈ​មកកម្ពុជា​ត្រូវ​គោរព​តាម​នីតិវិធី​និង​លក្ខខណ្ឌដែលបានកំណត់។ បើតាម​លោក​រដ្ឋមន្ត្រីក្រសួងកសិកម្ម​ បច្ចុប្បន្ន​កម្ពុជា​អាច​ផ្គត់ផ្គង​សាច់​​ជ្រូក​បាន​​ពី​៦០ដល់​​៧០ ភាគរយ ​ខណៈ​ប្រមាណ​​៣០ភាគរយ​ទៀត​ត្រូវ​បាន​នាំ​ចូល​​​ពី​ប្រទេស​ថៃ​និង​វៀតណាម​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ