រដ្ឋាភិបាលបញ្ជាឲ្យបន្ទប់ស្ថានការណ៍បញ្ឈប់សកម្មភាពដែលថាខុសច្បាប់

សមាជិកបន្ទប់ស្ថានការណ៍កាលពីពេលកន្លងទៅ

នៅក្នុងលិខិតជូនដំណឹងចំនួន២ ចុះថ្ងៃទី៤កក្កដា ក្រសួងមហាផ្ទៃ បានប្រាប់ដល់លោក គល់ បញ្ញា នាយក​ប្រតិបត្តិគណៈកម្មាធិការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL) និងលោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា (NICFEC) ថា ការបង្កើត «បន្ទប់ស្ថានការណ៍» ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧ ដែលមានការចូលរួមពីអង្គការសមាគមប្រមាណ៤០ ជាសមាជិកគឺអនុវត្តផ្ទុយទៅនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។

បើតាមលិខិតដដែល ក្រសួងមហាផ្ទៃបានចាត់ទុកសេចក្តីថ្លៃងការណ៍របស់បន្ទប់ស្ថានការណ៍នា​ពេល​កន្លង​មក ថាមិនមានតម្លៃគតិយុត្តិ និងមិនឆ្លុះបញ្ចាំងពីអព្យាក្រឹត្យភាព ដូចមាន​ចែងក្នុង​មាត្រា​២៤ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

មាត្រា២៤ នៃច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលចែងថា អង្គការមិនមែន​រដ្ឋាភិបាល​ក្នុងស្រុក អង្គការមិនមែន​រដ្ឋាភិបាលបរទេស ឬសមាគមបរទេស ត្រូវប្រកាន់ជំហរអព្យាក្រឹត្យ ចំពោះគ្រប់​គណបក្សនយោបាយនៅព្រះរាជា​ណាចក្រកម្ពុជា។ ប៉ុន្តែមាត្រា២១ នៃច្បាប់ដដែលនេះ ហាក់បើកផ្លូវ​ដល់​អង្គការស្របច្បាប់នានា អាចមានសិទ្ធិចុះកិច្ចសន្យាសហប្រតិបត្តិការជាមួយដៃគូរក្នុងការអនុវត្តគំរោងសកម្មភាព ស្របតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា

ការព្រមានពីក្រសួងមហាផ្ទៃលើបន្ទប់ស្ថានការណ៍ ត្រូវបានលោក ខៀវ សុភ័គ្រ ពន្យល់ថា ដោយសារក្រុម អង្គការសង្គមស៊ីវិលទាំងនោះ បានចេញថ្លែងការណ៍មួយរិះគន់ដំណើរការបោះឆ្នោតថា​ មិនសេរីនិង​យុត្តិធម៌ ដូចទៅនឹងថ្លែងការណ៍របស់គណបក្សប្រឆាំង។

ប៉ុន្ដែលោកមិនបានពន្យល់លម្អិតថាតើ បន្ទប់ស្ថានការណ៍ និងគណបក្សសង្គ្រោះជាតិ​មានទំនាក់ទំនង​គ្នា​កម្រិតណា មុនចេញសេចក្ដីថ្លែងការណ៍ដែលលោក ខៀវ សុភ័គ្រ ចាត់ទុកដូចគ្នានោះ។

លោកក៏បានចោទក្រុមអង្គការសង្គមស៊ីវិលទាំងនេះទៀតថា មានបំណងបង្កើតចលនាបដិវត្តន៍ពណ៌ កាល​ពី​ឆ្នាំ២០១៣ ដោយការបំផុសបំផុលថា «ទឹកខ្មៅលាងជ្រះ»។ លោកថា រដ្ឋាភិបាលនឹងកម្ទេច​ចលនា​ទាំង​នោះចោលឲ្យអស់ មិនថាក្នុងរូបរាងបែបណានោះទេ។

លោកមានប្រសាសន៍ថា៖ «ឥឡូវមើលតែខ្លីទេ ការបោះឆ្នោត ដែលមិនសេរី និងមិនទាន់មានភាពយុត្តិធម៌ពេញលេញតែមួយទេណា ហើយគណបក្សសង្គ្រោះជាតិក៏និយាយអញ្ចឹងដែរ អត់ទាន់មានយុត្តិធម៌ពេញលេញទេ […] អាហ្នឹងហើយ ក្នុងន័យហ្នឹង កន្លងឃើញទេ សកម្មភាពគេប្រុងធ្វើអីៗ ហើយកាលមុនបោះឆ្នោតឆ្នាំ២០១៣ យើងមិនឃើញទាំងអស់គ្នា គ្រាន់តែបោះឆ្នោតចប់បានប៉ុន្មានថ្ងៃ ទឹកខ្មៅលុបដៃជ្រះ ចេញធ្វើបាតុកម្ម»។

សមាជិកបន្ទប់ស្ថានការណ៍ម្នាក់គឺលោក សំ គន្ធាមីឲ្យ VOD ដឹងថា ក្រុមការងារលោកទើបតែទទួល​បានលិខិត​របស់ក្រសួង និងថាកំពុងពិភាក្សាគ្នានៅឡើយ។ យ៉ាងណាក៏ដោយ លោកអះអាងថា «បន្ទប់ស្ថានការណ៍» គឺជាការប្រមូលផ្ដុំនៃក្រុមអង្គការសង្គមស៊ីវិល ដែលតែងប្រកាន់​យកគោលការណ៍​អព្យាក្រឹត្យនិងមិនលម្អៀងទៅរកគណបក្សនយោបាយណាមួយទេ។​

លោកថា៖ «ការងារយើងអព្យាក្រឹត្យ ការងារមួយៗ អង្គការឯករាជ្យទេ ទាំងអស់គ្នាសុទ្ធជាអង្គការឯករាជ្យ មិនមែនអង្គការគណបក្សណា ទេអាហ្នឹងសេរីក្នុងការជួបជុំគ្នា ក្នុងការបញ្ចេញមតិតើ យើងធ្វើការជាមួយគ្នាក្នុងក្រុមការងារតើ ប៉ុន្ដែចាំមើលយើងជជែកគ្នាលម្អិតទៀត»។

ករណីនេះ ក៏ត្រូវបានមន្ត្រី​ផ្នែក​ច្បាប់​នៃ​អង្គការ​ខុមហ្វ្រែលលោក យឿង សុធារ៉ា ចាត់ទុកជាការរិតត្បិត​សិទ្ធិសេរីភាពលើក្រុមអង្គការសង្គមស៊ីវិលក្នុងការឃ្លាំមើលដំណើរការបោះឆ្នោតនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ នេះបើតាមគណីយហ្វេសប៊ុករបស់លោក។

បើតាមហ្វេសប៊ុកលោកសរសេរថា៖ «សម្រាប់ខ្ញុំ នេះគឺការរិតដ្បិតសិទ្ធិ និងសេរីភាពនៃការចូលរួម និងសិទ្ធិប្រមូលផ្តុំរបស់អង្គការសង្គមស៊ីវិលក្នុងការឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជា និងសិទ្ធិចូលរួមក្នុងដំណើរការនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ វាអាចនឹងធ្វើអោយជិះឥទ្ធិពលអវិជ្ជមានសម្រាប់លំហរប្រជាធិបតេយ្យនៅកម្ពុជា»។

កាលពីថ្ងៃទី២៨មិថុនា លោក ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ឲ្យលោក ស ខេង ពិនិត្យ​ផ្លូវច្បាប់​ដើម្បី​ចាត់​វិធានការលើ​បន្ទប់ស្ថានការណ៍បោះឆ្នោត​ដែលជាបណ្តុំ​អង្គការ​សង្គម​ស៊ីវិល​។​​ លោក ហ៊ុន សែន ក៏​បាន​ចោទ​​ថា​​បន្ទប់ស្ថានការណ៍ជា​មូលដ្ឋាន​បញ្ជាឲ្យ​មាន ​«បដិវត្តន៍​ព័ណ៌​»​។

បន្ទប់ស្ថានការណ៍ត្រូវបានក្រុមអង្គការសង្គមស៊ីវិលជិត៤០ស្ថាប័ន សហការគ្នា​​បង្កើត​ឡើង​ដោយធ្វើការរួមគ្នាក្នុងការតាមដានដំណើការបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃទី៤មិថុនា។

ក្រុមអង្គការដែលសហការគ្នាតាមដានដំណើរការបោះឆ្នោតបានបញ្ជាក់ថា គោល​បំ​ណង​ពួកគេគឺចង់​ស្វែងរកពិតនៃលទ្ធផលបោះឆ្នោត ក្នុងតួនាទីជាស្ថាប័នឯករាជ្យមួយដើម្បីកុំឲ្យគណបក្ស ប្រកាសលទ្ធផលបោះឆ្នោតតែរៀងៗខ្លួនដោយ​គ្មានតួលេខ​ណាមកផ្ទៀងផ្ទាត់គ្នា។

បេសកម្មរបស់បន្ទប់ស្ថានការណ៍ត្រូវបានស្វាគមន៍ដោយ​​អ្នកនាំពាក្យ​គណៈកម្មាធិការជាតិ​រៀប​ចំការបោះឆ្នោត ដោយ​ថានេះជាការរួម​ចំណែកជំរុញឲ្យការ​បោះឆ្នោត​ប្រព្រឹត្តិ​ទៅ​មានតម្លាភាព ដែលអាចឲ្យគ្រប់ភាគីគណបក្សទទួលយកបាន៕

រាយការណ៍បន្ថែមដោយលោក ពេជ្រ ចំរុង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ