ចៅសង្កាត់ចាញ់ឆ្នោតមិនព្រមប្រគល់បន្ទប់ឲ្យចៅសង្កាត់ឈ្នះឆ្នោត

ចៅសង្កាត់លេខ១ ខេត្តព្រះសីហនុ ដែលទើបឈ្នះឆ្នោត នៅមិនទាន់មានបន្ទប់ធ្វើការ ដោយ​សារ​តែចៅសង្កាត់ចាស់ដែលចាញ់ឆ្នោតមិនព្រមប្រគល់បន្ទប់ឲ្យ។ នេះជាការអះអាងរបស់ចៅសង្កាត់ថ្មី។

លោក អ៊ុក ចេត្តនី ជាចៅសង្កាត់ លេខ១ ខេត្តព្រះសីហនុ មកពីគណបក្សសង្គ្រោះជាតិ ដែលទើបតែជាប់ឆ្នោត ប្រាប់ VOD នៅថ្ងៃនេះថា ក្រោយពីប្រកាសសុពលភាពម្សិលមិញ អតីតចៅសង្កាត់អាណត្តិមុនបានបដិសេធមិនប្រគល់បន្ទប់របស់ខ្លួនឲ្យលោកទេ៖ «ចឹង! ស្អែកនេះខ្ញុំកោះប្រជុំក្រុមប្រឹក្សាដើម្បីពិភាក្សាការងារហ្នឹង! ហើយខ្ញុំនឹងធ្វើកំណត់ហេតុ បើគាត់អត់ព្រម ខ្ញុំនឹងបញ្ជូនកំណត់ហេតុទៅក្រុង»។

លោក អ៊ុក ចេត្តនី បន្តថា លោកនឹងអង្គុយធ្វើការនៅក្រៅបន្ទប់ គឺនៅកន្លែងតុក្រុមប្រឹក្សា បើអតីតចៅសង្កាត់មិនព្រមប្រគល់បន្ទប់ឲ្យ។

អតីតចៅសង្កាត់ លោក ឈិត សូផាត ដែលបច្ចុប្បន្នជា ជាចៅសង្កាត់រងទី២ នៃសង្កាត់ លេខ១ ខេត្តព្រះសីហនុ មកពីគណបក្សប្រជាជនកម្ពុជា អះអាងថាលោកមិនអាចឆ្លើយតបបានទេ ដោយលោកថាជាប់រវល់បើកឡាន។

នាយក​ប្រតិបត្តិ​អង្គការនិចហ្វិក (NICFEC) លោក សំ គន្ធាមី មានប្រសាសន៍ថា ចៅសង្កាត់គឺជាប្រធានក្រុមប្រឹក្សា ជាអ្នកមានសិទ្ធិចាត់ចែងរៀបចំការិយាល័យធ្វើការ រចនាសម្ព័ន្ធ ទីតាំងគណៈកម្មការស្ត្រី កុមារ បទបញ្ជាផ្ទៃក្នុងជាដើម៖ «សាលាឃុំរបស់រដ្ឋទេតើ! អ្នកណាបានធ្វើមេឃុំឬចៅសង្កាត់អ្នកហ្នឹងមកធ្វើការនៅសាលាឃុំសង្កាត់ហ្នឹងឯង! មិនមែនឯកជនឯណា ត្រូវតែប្រគល់ឲ្យគេ យើងអត់ឲ្យអូហ្វីសគេធ្វើការ ធ្វើម៉េចចេញ? បាទ! ត្រូវតែប្រគល់ឲ្យគេ!!!»។

លទ្ធផលផ្លូវការរបស់ គ.ជ.ប ប្រកាសកាលពីថ្ងៃទី២៥ មិថុនា ២០១៧ បេក្ខជនដែលបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសង្កាត់លេខ១ ខេត្តព្រះសីហនុ មានចំនួន១១រូប ដែលមាន លោក អ៊ុក ចេត្តនី ជាចៅសង្កាត់ លោក សាន់ សុខហ៊ាង ជាចៅសង្កាត់រងទី១ លោក ឈិត សូផាត ជាចៅសង្កាត់រងទី២ និងសមាជិក៨រូបទៀត។

ក្រសួងមហាផ្ទៃបានចាប់ផ្តើមប្រកាសសុពលភាពរបស់ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី៣ កក្កដា ២០១៧ បន្ទាប់ពីបានជាប់ឆ្នោតកាលពីថ្ងៃទី៤ខែមិថុនា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ