ក្រសួងថាការបិទច្រករបៀងជាប់ព្រំដែនថៃ​ ដើម្បីទប់ស្កាត់ពលករចំណាកស្រុក

ពលករខ្មែរតម្រង់ជួរគ្នាដើម្បីធ្វើលិខិតបែបបទចូលទៅធ្វើការនៅប្រទេសថៃ នាពេលកន្លងមក (រូបថត៖ បូ សាវី)

ក្នុង​វេបសាយអគ្គស្នងការដ្ឋាន​នគរបាលជាតិចុះផ្សាយកាលពីថ្ងៃ៣ កក្កដា ម្សិលមិញ បានដក​ស្រង់​សម្តី​រដ្ឋ​មន្ត្រី ​​​​ក្រ​សួងមហាផ្ទៃលោក ស ខេង ដែលបញ្ជាឲ្យអភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ បិទ​ច្រក​របៀង​ខុសច្បាប់ទាំង៤៣កន្លែង តាមខ្សែបន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យជាប់ព្រំដែនកម្ពុជា-ថៃ​ ​​ប្រមាណ​ជាង១០០គីឡូម៉ែត្រ ដើម្បីទប់ស្កាត់​ពលករចំណាកស្រុកនិងទំនិញរថយន្ត​គេច​​​ពន្ធ​ ដែល​ឈ្មួញនាំ​​​​ចូល​មក​កម្ពុជាខុស​ច្បាប់​ នាំឲ្យ​បាត់​បង់​ចំណូលរដ្ឋជាច្រើន។

វេបសាយដដែលបញ្ជាក់ថា បើសមត្ថកិច្ចនៅតាមច្រករបៀងនៅ​តែបន្តបើកដោយខុសច្បាប់ នឹង​ទទួល​ខុស​ត្រូវ​​ចំពោះ​មុខច្បាប់។

ទោះជាយ៉ាងណា VOD បាន​សុំបំភ្លឺបន្ថែមពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ដែរ ប៉ុន្តែលោកថា សុំមិនធ្វើការអត្ថាធិប្បាយទេ​ ដោយលោកបង្វែសំនួរឲ្យសួរ អភិបាល​ខេត្ត​បន្ទាយ​មា​ន​ជ័យ​លោក​​​ សួន ​បវរ វិញ ប៉ុន្តែ VOD មិនអាចសុំការបំភ្លឺបានទេនៅព្រឹកថ្ងៃនេះ។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្សសមាគមអាដហុកប្រចំាខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចន្ទគា រកឃើញថា​ច្រក​របៀង​នៅតាមព្រំដែនកម្ពុជា ថៃ ក្នុងខេត្តនោះ​ មាន៦៧ច្រក មិនមែនដូចការលើកឡើងរបស់រ​ដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃថា៤៣ច្រកនោះទេ។ លោកយល់ថា វិធាន​ការ​របស់​ក្រសួងមហាផ្ទៃហាក់ដូចជាយឺតពេល និងមិន​មានប្រសិទ្ធិភាពទេ ដោយថាមន្ត្រីប៉ូលីស និង​យោ​ធា​​​នៅតាមច្រករបៀងភាគ​ច្រើនទទួល​បាន​ប្រយោជន៍​ពីពលករចំណាកស្រុកទំាងនោះ។

លោក ស៊ុំ ចន្ទគា បញ្ជាក់ថា វិធានការទប់ស្កាត់ពលករចំណាកស្រុកឲ្យមានប្រសិទ្ធភាពបាន លុះត្រាតែ​រដ្ឋាភិ​បាល​​​បង្កើតការងារក្នុងស្រុកឲ្យបានច្រើន និងរកទីផ្សារសម្រាប់កសិផលដែលប្រមូលបានស្របតា​មសេដ្ឋ​កិច្ច​ជាក់ស្តែង ជាជាងឲ្យពួកគេធ្វើការចំណាកស្រុក​ប្រឈម​នឹង​ហានិ​ភ័យ។

លោកផ្តល់ជាយោបល់ថា «បើសិនជាមានទីផ្សារក្នុងស្រុកគាត់[ពលករចំណាកស្រុក]អាចជួយប្រពន្ធ កូ​ន​គាត់ អាចរស់នៅមានសុភ័ក្រមង្គល​ ហើយចំណែកអ្វីដែលសំខាន់​នោះ គាត់រួច​ផុតពីការធ្វើបាប កា​រ​ចាប់ ការ​ចង ការបាញ់នៅស្រុកគេ ហើយនឹងគ្រោះថ្នាក់ផ្សេងៗនៅស្រុកគេ នេះគឺ​កាត់បន្ថយបានច្រើន​»

ចំណែកមន្រ្តីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុក នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឌី ថេហូយ៉ា គំាទ្រវិធានការរបស់ក្រសួងមហាផ្ទៃដែលបិទច្រករបៀង​មិនឲ្យពលរដ្ឋទៅធ្វើ​ការងារ​ចំណាក​​​ស្រុកខុសច្បាប់​នៅ​ប្រទេសថៃ។

លោក​លើកឡើងថា «បើសិនជាធ្វើបាន[បិទច្រករបៀង​មិនឲ្យពលករចំណាកស្រុកខុសច្បាប់​]វាល្អ ឲ្យគាត់មកវិញ ដើម្បីធ្វើប័ណ្ណត្រឹមត្រូវ​ វាល្អប្រសើរជាង​ ព្រោះកាលណាយើងទៅចំណាកស្រុក​ យើងអត់មានច្បាប់ត្រឹមត្រូវ​ គេបន្លំកម្លាំងពលកម្មពួកគាត់ វាពិបាក ណាមួយពួកគាត់ជួប​បញ្ហាច្រើន ដោយសារ​យើងទៅស្រុកគេអត់មានច្បាប់ទម្លាប់វាពិបាក គ្រោះថ្នាក់​ណាស់ បើសិនជាគាត់អាច​មានច្បាប់​ទៅគាត់ស្រួលជួយការពារ ជួនកាលគាត់មានបញ្ហា​ យើងមានសហជីពនៅស្រុកគេ ឈឺស្កាត់ទៅវាស្រួល​»

បើតាមមន្ត្រី​សិទ្ធិ​មនុស្សនៅខេត្តបន្ទាយមានជ័យ ចាប់​តាំង​ពី​ចុង​ខែ​មិថុនា រហូត​ដល់​ដើម​ខែ​កក្កដា​នេះ មាន​ពលករ​ខ្មែរខុសច្បាប់ និង​ពលករ​មាន​ឯក​សារ​សម្រាប់​បំរើការងារ​ជាង ៦០០​នាក់​ក្នុង​មួយ​ថ្ងៃៗ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​វិញ តាម​​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត។

ប៉ុន្តែអ្នក​នាំ​ពាក្យ​ក្រសួង​ការងារនិងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ លោក ហេង សួគ៌ បាន​​ច្រានចោល​ព័ត៌​មាននេះ ដោយថាពលករ​ចំណាក​ស្រុក​ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ មាន​ចំនួន​ត្រឹម​តែ ១០០ ទៅ ២០០​នាក់​ប៉ុណ្ណោះ​ ជា​ចំនួន​ដែល​លោក​​ថា ដូច​គ្នា​ទៅ​ចំនួន​ដែល​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​វិញ​ដូច​សព្វ​មួយ​ដង។

កាលពីខែមិថុនាឆ្នាំ២០១៤ អាជ្ញាធរថៃចាប់បញ្ជូនពលករ​ខ្មែរជាង២២ម៉ឺន​នាក់មក​ប្រទេស​កម្ពុជា​វិញ ក្រោយពីរកឃើញថាពួកគេចូលធ្វើការក្នុងប្រទេសថៃដោយខុសច្បាប់។ ក្រោយមកអាជ្ញាធរ​ថៃ​បាន​ទទួល​​យកពលករខ្មែរវិញដោយឲ្យបំពេញបែបបទតាមផ្លូវច្បាប់។

ប៉ុន្តែនៅពាក់កណ្តាលឆ្នាំ២០១៧នេះ រដ្ឋាភិបាល​យោធា​ថៃ បានអនុវត្តវិធានការថ្មីមួយទៀត ដោយបាន​ចាប់​​បញ្ជូន​ពលករ​បរទេស​ទៅ​ប្រទេស​​កំណើត​របស់​ពួក​គេ​​វិញ ដោយថា ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​ច្បាប់​គ្រប់​​គ្រង​​ពលករ​បរទេស​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​មួយ​នេះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ