លិខិតមិត្តអ្នកអាន៖ ពី​របប​កម្ពុជា​ប្រជាធិបតេយ្យមក​របប​ឧកញ៉ាធិបតេយ្យ​៖ កម្ពុជា​ជា​របស់​អ្នក​មាន​ ដោយ​អ្នក​មាន​ និង​ដើម្បី​អ្នក​មាន​ (ភាគ១)

ទិដ្ឋភាពផ្សារធំថ្មី នៃទីក្រុងភ្នំពេញ កាលពីពេលកន្លងទៅ (ដោយ សាយ ទ្បាលីស)

Abraham Lincoln អតីតប្រធានាធិបតីអាមេរិកទី១៦ មានសម្តីមាសមួយអំពីរបបប្រជាធិបតេយ្យថា ជា «រដ្ឋាភិបាលរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន» ប៉ុន្តែនៅពេលរបបនេះញាំញីដោយមេដឹកនាំផ្តាច់ការ ឬ អ្នកមានអំណាចមួយក្តាប់តូច ប្រជាធិបតេយ្យក្លាយជារបស់មនុស្សមួយក្តាប់តូច ដោយមនុស្សមួយក្តាប់តូច និងដើម្បីមនុស្សមួយក្តាប់តូច។ អាក្រក់ជាងនេះទៀតគឺ ពេលត្រូវបានគំរាមកំហែងដោយវិសមភាពសេដ្ឋកិច្ចបន្ថែមលើវិសមភាពនយោបាយ ប្រជាធិបតេយ្យក៏ក្លាយជារបស់អ្នកមាន ដោយអ្នកមាន និងដើម្បីអ្នកមាន ដែលយើងសូមហៅថា របបឧកញ៉ាធិបតេយ្យនៅក្នុងបរិបទប្រទេសកម្ពុជា មិនមែនប្រជាធិបតេយ្យទេ។

កម្ពុជាមានកំណើនសេដ្ឋកិច្ចថេរប្រមាណ៧% តាំងពីឆ្នាំ២០១៣ មកទល់ឥឡូវ ដែលធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសដែលមានកំណើនលឿនបំផុតមួយនៅលើពិភពលោក ហើយក៏ជាប្រទេសមានចំណាត់ថ្នាក់ល្អបំផុតមួយខាងកម្ចាត់ភាពក្រីក្រដែរ។ ប៉ុន្តែសួរថា តើនរណាខ្លះទទួលបានផលពីកំណើនសេដ្ឋកិច្ចនេះ ហើយថាតើការបែងចែកចំណូលមានសមភាព ឬទេ? នៅក្នុងវេទិកាអ្នកស្តាប់អាស៊ីសេរីក្រោមប្រធានបទ «មធ្យោបាយកាត់បន្ថយគម្លាត រវាងអ្នកមាន និងអ្នកក្រនៅកម្ពុជា» នៅថ្ងៃទី២២ ខែមេសា ២០១៤ លោក កែម ឡី បានលើកឡើងថា «១៥%នៃប្រជាពលរដ្ឋខ្មែរ ដែលមានឱកាសមានចំណេះដឹង មានឥទ្ធិពល មានអំណាច ស្រូបភោគផលចេញពីកំណើនសេដ្ឋកិច្ច…ពីផលប្រយោជន៍នៃការរីកចម្រើននៅប្រទេសហ្នឹងគឺ៨៥% នៃភោគផល។ មាន ៨៥% ដែលឋិតនៅក្នុងស្ថានភាពក្រីក្រនិងរងគ្រោះនេះគឺបានស្រូបផលប្រយោជន៍ចេញពីការរីកចម្រើននៃប្រទេសហ្នឹង តែ១៥%នៃការរីកចម្រើនទេ។»

 លោក Andrew G. Berg និង Jonathan D. Ostry នៅក្នុងអត្ថបទ «Inequality and Unsustainable Growth: Two sides of the same coin?» បានអះអាងថា កំណើនមានទំនាក់ទំនងស្អិតរមួតនឹងការបែងចែកចំណូល វិសមភាពរីកធំ នឹងកាត់បន្ថយរយៈពេលនៃកំណើន បង្រួមគម្លាតវិសមភាពនិងបន្ថេរកំណើនប្រៀបដូចសងខាងនៃកាក់តែមួយ។ នេះបានសេចក្តីថា កំណើនសេដ្ឋកិច្ចកម្ពុជាដែលតែងតែបន្តឋិតថេររហូតមកនេះ មិនត្រឹមតែមិនអាចជួយកាត់បន្ថយភាពក្រីក្រនោះទេ មានតែធ្វើឲ្យអ្នកក្រកាន់តែក្រ អ្នកមានកាន់តែមានទៅវិញ ដោយសារកំណើននេះត្រូវបានទៅដល់ដៃអ្នកមានជាជាងអ្នកក្រ។

តើអ្វីទៅនៅពីក្រោយវិសមភាពនេះ? លោក Joseph E. Stiglitz សេដ្ឋវិទូអាមេរិកាំងដែលទទួលបានរង្វាន់ណូបែលសេដ្ឋកិច្ចនៅឆ្នាំ២០០១ បានអះអាងថា វិសមភាពមិនជាលទ្ធផលចៀសមិនផុតកើតចេញពីប្រព័ន្ធសេដ្ឋកិច្ចមូលធននិយម ដូចការអះអាងរបស់លោក Thomas Piketty សេដ្ឋវិទូបារាំងនៅក្នុងស្នាដៃថ្មីដ៏មានឥទ្ធិពលរបស់លោក «Capital in the Twenty-First Century» នោះទេ ផ្ទុយទៅវិញ វិសមភាពត្រូវបានអ្នកមានធំៗ រចនាឡើងដើម្បីបញ្ចៀសការប្រកួតប្រជែងដែលតម្រូវឲ្យមាននៅក្នុងប្រព័ន្ធសេដ្ឋកិច្ចមូលធននិយម ក្នុងគោលបំណងការពារផលប្រយោជន៍ ហើយនិងអំណាចសេដ្ឋកិច្ចនិងអំណាចនយោបាយរបស់ពួកគេ។ នៅក្នុងករណីកម្ពុជាក៏មិនខុសគ្នាដែរ វិសមភាពកើនចេញពីគោលនយោបាយនានារបស់រដ្ឋាភិបាលដែលទោរទៅរកពួកឧកញ៉ាដែលជួយឧបត្ថម្ភបក្សឲ្យបានឈ្នះឆ្នោតប៉ុន្មានអាណត្តិកន្លងមកនេះ និងរារាំងមិនឲ្យមានការប្រជែងប្រកួតដែលប៉ះពាល់ប្រយោជន៍ពួកឧកញ៉ា ពោលគឺ អនុវត្តទីផ្សារផ្តាច់មុខចំពោះក្រុមហ៊ុនដែលមានភាគហ៊ុនឬស្និទ្ធនឹងបក្សកាន់អំណាចជាដើម; មិនមែនមកពីទីផ្សារសេរីទេ តែគឺមកពីទីផ្សារមិនសេរី។

អ្នកមានមួយក្តាប់តូចដែលភាគច្រើនសុទ្ធតែជាសមាជិកបក្សកាន់អំណាចទាំងនោះបានទិញគណបក្សនយោបាយតាមរយៈការចូលរួមវិភាគទានកញ្ចប់ថវិកាបក្ស ដើម្បីយកទៅចាយវាយលើយុទ្ធនាការឃោសនាទាក់ទាញសន្លឹកឆ្នោត ហើយបក្សដែលមានលុយច្រើនជាង តែងអាចធ្វើដំណើរទៅបានច្រើនខេត្តក្រុងជាងបក្សដែលមានលុយតិច ដូច្នេះពួកគេអាចផ្តល់ព័ត៌មានទៅម្ចាស់ឆ្នោតច្រើនជាង ឯពលរដ្ឋនឹងបោះឆ្នោតឲ្យគណបក្សណាដែលពួកគេស្គាល់ ជាជាងបោះឲ្យបក្សដែលពួកគេមិនដែលឮ នេះនៅមិនគិតពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជនត្រូវបានគេប្រើឃោសនាឲ្យបក្សកាន់អំណាចផង ត្បិតស្ថាប័នទាំងរដ្ឋនិងឯកជនមួយចំនួនធំជាកម្មសិទ្ធិរបស់ពួកឧកញ៉ានិងខ្សែស្រឡាយនាយករដ្ឋមន្ត្រី។

កាន់តែច្បាស់ទៅទៀត ការសិក្សារបស់លោក Thomas Ferguson អ្នកវិទ្យាសាស្ត្រនយោបាយអាមេរិកាំង នៅក្នុងស្នាដៃ «Golden Rule: The Investment Theory of Party Competition and the Logic of Money-Driven Political Systems» បានរកឃើញថា ការផ្តល់ជំនួយមូលនិធិគឺជាកត្តាកំណត់ ដែលអាចចង្អុលបង្ហាញពីរបៀបដែលគោលនយោបាយត្រូវបានជ្រើសរើស ពោលគឺ គណបក្ស ឬ បេក្ខជនដែលទទួលបានមូលធិនិកាន់តែច្រើនជាងក្នុងការធ្វើយុទ្ធនាការបោះឆ្នោត តែងហុចផលឲ្យគណបក្សនោះមានឱកាសឈ្នះច្រើនជាងទៅតាមនោះដែរ ហើយជ្រើសរើសគោលនយោបាយដែលខ្លួនចង់បាន ឯអ្នកបោះឆ្នោតគ្រាន់តែបោះឆ្នោតរើសតំណាងប៉ុណ្ណោះ មិនមែនរើសគោលនយោបាយឡើយ។

នៅពេលដែលអ្នកមានលុយជួយឲ្យឈ្នះ ពួកគេនឹងមានឥទ្ធិពលកំណត់គោលនយោបាយរបស់គណបក្សដែលពួកគេឧបត្ថម្ភនោះដូចគ្នា គោលនយោបាយចេញមកពីមានអ្នកលុយប្រាកដជាបម្រើអ្នកមានលុយ មិនមែនអ្នកបោះឆ្នោតទេ ទោះបីពលរដ្ឋបោះឱយគណបក្សណាមួយក៏ដោយ ក៏មានតែគណបក្សមានលុយប៉ុណ្ណោះដែលមានអត្រាជោគជ័យខ្ពស់។ ហេតុនេះហើយទើបនៅកម្ពុជា រាល់ច្បាប់ ឬគោលនយោបាយណាមួយដែលមិនបម្រើប្រយោជន៍អ្នកមាន ឬឈ្មួញតែងពិបាកដាក់ចេញឬអនុម័ត ទោះច្បាប់នោះមានជាធរមានហើយក៏ដោយ ក៏ពិបាកអនុវត្តឲ្យពេញលេញដែរ តួយ៉ាង ច្បាប់អំពើពុករលួយនិងច្បាប់ការងារ ត្បិតគណបក្សកាន់អំណាចមានទំនោរឧកញ៉ានិយម និងមានភាគហ៊ុនខ្លួនឯងក្នុងវិស័យណាមួយនោះទេ។

ដូច្នេះហើយ ទើបសង្គមស៊ីវិលចេះតែទទូចឲ្យបង្កើតច្បាប់កញ្ចប់ថវិកាគណបក្សនយោបាយដើម្បីការពារកុំឲ្យមានការប្រកួតប្រជែងនយោបាយដែលមិនស្មើភាព (បក្សណាលុយច្រើនឈ្នះ) ការយកថវិការដ្ឋទៅប្រើបម្រើគណបក្ស និងកម្រិតរបៀបដែលអ្នកមានប្រើអំណាចសេដ្ឋកិច្ចរបស់ខ្លួនយកលុយធ្វើជាឈ្នាន់ទៅរកអំណាចនយោបាយ។ លោក Martin Gilens និង Benjamin I. Page នៅក្នុងអត្ថបទ «Testing Theories of American Politics: Elites, Interest Groups, and Average Citizens» បានរកឃើញថា អ្នកមាន និងស្ថាប័នដែលតំណាងឲ្យផលប្រយោជន៍ជំនួញមានអំណាចខ្លាំងក្នុងការកំណត់គោលនយោបាយរបស់រដ្ឋាភិបាល ជាជាងអ្នកមានចំណូលមធ្យមនិងអ្នកចំណូលទាប គឺ៧០% នៃប្រជាពលរដ្ឋពុំអាចជះឥទ្ធិពលលើការកំណត់គោលនយោបាយនោះទេ។ ទោះមានសិទ្ធិបោះឆ្នោត មានសេរីភាពបង្កើតសមាគម សេរីភាពបញ្ចេញមតិ…នៅតែពុំអាចបំប្លែងទៅជាប្រព័ន្ធដែលពលរដ្ឋភាគច្រើនកាន់អំណាចនោះឡើយ ដែលគេមើលឃើញតាមរយៈលទ្ធផលគោលនយោបាយដែលពួកគេមិនអាចកំណត់បាន។

លោក Ralph Miliband សង្គមវិទូអង្លេស នៅក្នុងស្នាដៃ «The State in The Capitalist Society» បានជំទាស់ «គំនិតយោបល់ដែលថា អ្នកជំនួញមិនពាក់ព័ន្ធដោយផ្ទាល់នៅក្នុងរដ្ឋាភិបាល រដ្ឋបាល (ឬរួមទាំងសភាផង) នោះ ជាក់ស្តែងណាស់គឺមិនត្រឹមត្រូវឡើយ។ ពួកគេពិតជាពាក់ព័ន្ធ ហើយកាន់តែជិតស្និទ្ធទៅទៀត នៅពេលដែលរដ្ឋកាន់តែយកចិត្តទុកដាក់ពីជីវភាពសេដ្ឋកិច្ច។ ទីណាក៏ដោយដែលរដ្ឋធ្វើអន្តរាគមន៍ ទីនោះគេតែងរកឃើញអ្នកជំនួញ នៅក្នុងទីតាំងមួយខ្លាំងវិសេសជាងក្រុមសេដ្ឋកិច្ចដទៃទៀត ដែលជះឥទ្ធិពលនិងសឹងតែអាចថាកំណត់សារជាតិនៃអន្តរាគមន៍នោះតែម្តង។» ហេតុអ្វីអ្នកមានអំណាច និងឈ្មួញមានទំនោរឱបគ្នាស្និទ្ធបែបនេះ?

លោក Miliband បានអះអាងថា «អ្នកជំនួញ នៅក្នុងសង្គមឬសេដ្ឋកិច្ច គឺជាចំណែកនៃវណ្ណៈខ្ពស់ និងវណ្ណៈកណ្តាល គឺពីវណ្ណៈដដែលនេះហើយ ដែលសមាជិកវរជននៅក្នុងរដ្ឋដុះចេញមកដោយចំនួនច្រើនលើសលុប បើមិនចង់និយាយថាសុទ្ធតែទាំងអស់[មកពីវណ្ណៈនោះ]។» ប្រភពវណ្ណៈរួមតែមួយនាំទៅរកការខិតជិតគ្នា? ប្រហែលវាជាហេតុមួយ តែមូលហេតុចម្បងគឺផលប្រយោជន៍រួម ពោលគឺ អ្នកមានអំណាចត្រូវការអ្នកមានលុយ ដើម្បីយកលុយទៅប្រើក្នុងគោលដៅនយោបាយ អ្នកមានលុយត្រូវការអ្នកនយោបាយ ដើម្បីរកលុយឲ្យខ្លួនវិញ ពេលបានអំណាច។ មានន័យថា ភាពក្រីក្រ និងវិសមភាពនៅកម្ពុជាកើតឡើងដោយការរចនាដោយចេតនាពីប្រព័ន្ធនយោបាយ (Poverty and Inequality by Design)។

មានការជជែកដេញដោលយ៉ាងចម្រូងចម្រាសជាយូរមកហើយនៅក្នុងចំណោមសេដ្ឋវិទូអំពីអន្តរាគមន៍ពីរដ្ឋនៅក្នុងទីផ្សារសេរី សេដ្ឋវិទូដូចជា John Kenneth Galbraith យល់ថា រដ្ឋគួរដើរតួសកម្ម ឯ Milton Friedman និង George Stigler យល់ផ្សេងថាគួរដើរតិចជាងនេះ។ តាមយោបល់យើងផ្ទាល់ អន្តរាគមន៍ពីរដ្ឋផ្តល់ផលវិជ្ជមាន ឬអវិជ្ជមានចំពោះទីផ្សារសេរី អាស្រ័យលើគុណភាពនិងកម្រិតនៃអន្តរាគមន៍នោះ ពោលគឺបើរដ្ឋធ្វើអន្តរាគមន៍ដើម្បីប្រយោជន៍សាធារណៈ និងអនុវត្តច្បាប់ (គឺសំដៅតែច្បាប់ដែលតាក់តែងមកដើម្បីប្រយោជន៍រួម និងការប្រជែងគ្នាដោយស្មើភាពប៉ុណ្ណោះ) នោះអន្តរាគមន៍នោះនឹងផ្តល់វិជ្ជមាន តែបើជាអន្តរាគមន៍ដោយទោរទៅក្រុមហ៊ុនណាមួយ ឬ បម្រើប្រយោជន៍ឯកជន នោះគឺជាការបង្កបញ្ហាទៅវិញទេ។ ជាក់ស្តែង ជម្លោះរវាងក្រុមហ៊ុនទូរសព្ទស៊ែលខាត និងក្រុមហ៊ុនស្មាតនៅឆ្នាំ២០១៣ នៅលើបញ្ហាតម្លៃហៅចេញអប្បបរមា អន្តរាគមន៍រដ្ឋាភិបាលកាន់ជើងម្ខាង ធ្វើឡើងដើម្បីកម្រិតការប្រកួតប្រជែងជាជាងជំរុញ។

ក្រសួងប្រៃសណីយ៍ និងក្រសួងសេដ្ឋកិច្ចបានដាក់ចេញនូវសេចក្តីប្រកាសអន្តរក្រសួងលេខ២៣២  ដែលតម្រូវឲ្យក្រុមហ៊ុនទូរសព្ទចល័តទាំងអស់មិនឲ្យផ្តល់ទឹកប្រាក់បន្ថែម ដែលមានអត្រាហៅចេញក្នុងប្រព័ន្ធតិចជាង ៤,៥សេនដុល្លារក្នុងមួយនាទីនោះទេ។ ក្រុមហ៊ុនម៉ូប៊ីថែល (Mobitel) របស់លោកឧកញ៉ា គិត ម៉េង ដែលជាឧកញ៉ាស្និទ្ធនឹងគណបក្សកាន់អំណាច បានប្រកាសអំពីការប្តូរគម្រោងតម្លៃនិងកម្មវិធីពិសេសដល់អតិថិជនរបស់ខ្លួន ដែលគេអាចមើលឃើញថា ព្រោះមិនអាចប្រកួតប្រជែងនឹងក្រុមហ៊ុនស្មាតដែលក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ធំជាងគេទី២ បន្ទាប់ពីច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន Hello ទើបងាកមករកតាក់ទិចអន្តរាគមន៍ពីរដ្ឋវិញ។

«លោក កែម ឡី មានប្រសាសន៍ថា កម្ពុជាមិនមានការប្រកួតប្រជែងទីផ្សាសេរីស្មើភាពគ្នាទេ ដែលកត្តានេះបណ្តាលឲ្យប្រជាពលរដ្ឋខាតបង់ច្រើន ហើយកម្ពុជាអាចនឹងឈានទៅរកសេដ្ឋកិច្ចផ្តាច់មុខ៖”តាមពិតទៅវាប៉ះពាល់ខ្លាំង ពីព្រោះសេដ្ឋកិច្ចទីផ្សារ គេបើកចំហឲ្យមានការប្រឡងប្រណាំង កាលណាមានការប្រឡងប្រណាំងកាន់តែខ្លាំង គឺមានន័យថា អតិថិជនឬក៏អ្នកប្រើប្រាស់ហ្នឹង មានការចំណេញកាន់តែច្រើន ពីព្រោះតែកាលណាមានការប្រកួតប្រជែង គេត្រូវតម្រូវឲ្យពួកវិនិយោគិនហ្នឹង គឺទម្លាក់តម្លៃហើយ ដើម្បីសេវាកម្មរបស់ខ្លួនហ្នឹងលក់ដាច់ បើមិនអញ្ចឹងទេ វាមិនខុសពីសេដ្ឋកិច្ចផ្តាច់មុខទេ”។ (VOD)»

នៅឆ្នាំ២០០៧ Wikileak គេហទំព័រដែលល្បីខាងទំព័រទម្លាយការសម្ងាត់របស់រដ្ឋាភិបាលនានានៅលើពិភពលោក បានវែកមុខកំពូលមហាសេដ្ឋី (ឧកញ៉ា) ទាំង១០រូបនៅកម្ពុជា ដែលមានឈ្មោះលោក គិត ម៉េង ឈរនៅលំដាប់ទីមួយ ហើយមានសេចក្តីផ្តើមសង្ខេបសរសេរថា «នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងព្យាយាមតភ្ជាប់គម្លាតរវាងវិស័យនយោបាយនិងវិស័យឯកជនដោយបណ្តុះទំនាក់ទំនងផលប្រយោជន៍ជាមួយមហាសេដ្ឋីជំនួញលេចធ្លោមួយចំនួននៅកម្ពុជា។ អ្នកដឹកនាំជំនួញទាំងនេះចូលរួមវិភាគទានជាប្រាក់ដល់គណបក្សប្រជាជនកម្ពុជា ហើយលោក ហ៊ុន សែន បានអញ្ជើញពួកគេឲ្យជួយមូលនិធិសប្បុរសធម៌ និងគម្រោងកិច្ចការសាធារណៈ ហើយនិងទាក់ទាញការវិនិយោគពីបរទេស ដែលសមិទ្ធផលបានមកពីសកម្មភាពទាំងអស់នេះ គណបក្សប្រជាជនអាចអះអាងជារបស់ខ្លួន។ ជាសំណង ពួកមហាសេដ្ឋីរីករាយនឹងការជឿទុកចិត្តពីនិងភាពស្របច្បាប់ពីការដែលមាននាយករដ្ឋមន្ត្រីគាំទ្រ។ ទំនាក់ទំនងស្អិតរមួតនេះបង្ហាញឲ្យឃើញពីរូបភាពបណ្តាញមហាសេដ្ឋីជំនួញ អ្នកនយោបាយ និងមន្ត្រីរដ្ឋាភិបាល ត្រូវបានបង្កើតឡើងនៅកម្ពុជា ដែលបណ្តុះវប្បធម៌និរទណ្ឌភាពបន្ថែមទៀត ព្រមទាំងកម្រិតការរីកចម្រើនផ្នែកកំណែទម្រង់ មានដូចជា ការប្រកាសរបស់លោក ហ៊ុន សែន ខ្លួនឯងអំពីសង្គ្រាមប្រឆាំងអំពើពុករលួយផងដែរ។»

ស្រដៀងគ្នាដែរ លោក Sebastian Strangio អ្នកនិពន្ធសៀវភៅ «កម្ពុជារបស់លោក ហ៊ុន សែន» បានអះអាង នៅក្នុងបទសម្ភាសន៍ដោយ VOA ១២ កុម្ភៈ ២០១៥ ថា «លោក ហ៊ុន សែន ពឹងផ្អែកខ្លាំងពេកទៅលើក្រុមឧកញ៉ា ឈ្មួញ មេបញ្ជាការយោធាមានអំណាច និងមន្ត្រីនៅក្នុងរដ្ឋាភិបាល។ លោកក្តោបក្តាប់អំណាចបានដោយផ្គាប់ចិត្តក្រុមទាំងនេះ។ សំណួរសំខាន់បំផុតឥឡូវនេះថាតើលោក ហ៊ុន សែន អាចធ្វើកំណែទម្រង់ប្រព័ន្ធ [នយោបាយ] ឲ្យបានសមល្មមដែលអាចរារាំងពលរដ្ឋកុំឲ្យបែរទៅបោះឆ្នោតឲ្យគណបក្សប្រឆាំង ហើយនៅតែអាចរក្សាការគាំទ្រពីក្រុមមនុស្សខាងលើដែលធ្លាប់តែគាំទ្រលោកជាយូរមកហើយនោះឬទេ។ […] មកទល់ឥឡូវ ភាពផ្ទុយគ្នា [រវាងប្រយោជន៍ឈ្មួញនិងម្ចាស់ឆ្នោត] នេះនៅតែដដែល។ ឧ. រដ្ឋាភិបាលចាប់ផ្តើមបោះជំហានជាវិជ្ជមាន ដូចជាកែទម្រង់វិស័យអប់រំ ប៉ុន្តែនៅពេលដែលរដ្ឋាភិបាលប្រឈមនឹងផលប្រយោជន៍សេដ្ឋកិច្ចចាក់ឫសជ្រៅនៅកម្ពុជា ក្រុមឧកញ៉ាដែលជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើនិងការរឹបអូសដីធ្លី ចំណងនេះពិបាកនឹងកាត់ផ្តាច់ណាស់។ នៅតាមជនបទ អសមត្ថភាពមិនគួរជឿនៅតែមាន ការកាប់ព្រៃឈើនៅតែបន្ត ការរឹបអូសដីធ្លីនៅតែបន្ត…រដ្ឋាភិបាលពិតជាមានអំណាចតិចតួចណាស់ដើម្បីបញ្ឈប់រឿងទាំងនេះ [ព្រោះ] ប្រព័ន្ធនយោបាយនេះពឹងផ្អែកលើក្រុមទាំងនោះខ្លាំងពេក។»

ទ្រឹស្តីសង្គម ដូចជា ដាវិននិយមសង្គម (Social Darwinism or Survival of the Fittest) ដែលគាំទ្រការប្រកួតប្រជែង ទោរទៅរកអំណះអំណាងដែលថា អ្នកខ្លាំងឈ្នះអ្នកខ្សោយគឺជាក្រឹត្យក្រមធម្មជាតិ ឬបើប្រើពាក្យរបស់ Charles Darwin ការជ្រើសរើសដោយធម្មជាតិ (Natural Selection) ទំនងជាមិនអាចផ្តល់ហេតុផលគ្រប់គ្រាន់ មកពន្យល់ពីវិសមភាពនោះទេ រិតតែមិនអាចយកលេសថា វិសមភាពមានមកពីកំណើត។ អ្នកមានជាមនុស្សឈ្លាសវៃខាងរកស៊ី ទើបពួកគេមានទ្រព្យសម្បត្តិ ឯអ្នកក្រល្ងង់ទើបរកស៊ីមិនឈ្នះគេ ប៉ុន្តែដល់ពេលគេពិនិត្យឲ្យមែនទែនទៅ ឈ្មួញធំៗខ្លះ ពុំមែនមានដោយសមោអាជីវោ ប្រកបរបរត្រឹមត្រូវសុចរិតនោះទេ ពួកគេមានដោយសារចែចង់អ្នកមានអំណាច រួចកំណត់វិន័យក្នុងទីផ្សារឲ្យបម្រើប្រយោជន៍ពួកគេ ស្វែងរកសិទ្ធិផ្តាច់មុខ និងរារាំងអ្នកក្រ និងអ្នកចំណូលមធ្យមពុំឲ្យឡើងជណ្តើរដល់ជាន់ស្មើពួកគេជាដាច់ខាត។

លោក Joseph E. Stiglitz អះអាងថា «មូលធននិយមទំនើបបានបន្តក្លាយជាល្បែងសាំញ៉ាំមួយ ហើយអ្នកដែលលេងឈ្នះ ត្រូវតែមានប្រាជ្ញាលើសពីឈ្លាសវៃតិចតួច។ ប៉ុន្តែអ្នកលេងឈ្នះជារឿយៗ ក៏មានបុគ្គលិកលក្ខណៈមិនគួរឲ្យសរសើរមួយចំនួនផងដែរ គឺសមត្ថភាពសសៀរជុំវិញច្បាប់ សូនរូបរាងច្បាប់ទៅតាមអ្វីដែលពួកគេចង់បាន មានឆន្ទៈទាញយកប្រយោជន៍ពីអ្នកដទៃ សូម្បីតែពួកគេនោះគឺជាអ្នកក្រក៏ដោយ ហើយលេងដោយមិនយុត្តិធម៌នៅពេលចាំបាច់។» និយាយឲ្យងាយយល់ អ្នកមានមួយចំនួនមិនមែនមានដោយលេងត្រឹមត្រូវទេ គឺលេងខូច ដើរខ្សែលើ មិនមែនត្រឹមតែពូកែធម្មតាទេ គឺពូកែខាងខូចផងដែរ។

សង្គមស៊ីវិល និងអ្នកវិភាគចង់ឲ្យរដ្ឋាភិបាលធ្វើឯកជននីយកម្មលើប្រព័ន្ធអគ្គិសនីដូចប្រព័ន្ធទូរសព្ទចល័តដែរ ព្រោះវាអាចជួយបន្ធូរថ្លៃភ្លើងតាមរយៈការប្រកួតប្រជែងថ្លៃសេវាគ្នារវាងក្រុមហ៊ុនច្រើន ជាជាងឲ្យរដ្ឋដំឡើងថ្លៃស្រេចចិត្ត តែរដ្ឋមិនព្រម យកលេសថាគ្មានលទ្ធភាពបង្កើតថាមពលអគ្គិសនីដោយខ្លួនឯង។ «លោក កែម ឡី យល់ឃើញថា…វាហាក់ដូចជារដ្ឋាភិបាលអស់សង្ឃឹមណាស់ពេកហើយ។ លោកថ្លែងថា តាមពិតនៅមានមធ្យោបាយជាច្រើនដែលអាចធ្វើឲ្យតម្លៃភ្លើងនៅកម្ពុជា អាចចុះថោកជាងសព្វថ្ងៃ ឬមិនចាំបាច់ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធក៏បាន…ដូចជាបង្កើនការផលិត ឡជីវឧស្ម័ន ផ្ទាំងរស្មីពន្លឺព្រះអាទិត្យ និងជំរុញឲ្យមានអគ្គិសនីដើរដោយថាមពលខ្យល់ជាដើម៖ ‘‘មិនថាបីដងទេ យើងអាចចុះ ១០ដង ទៅ ២០ដងបាន…ទាល់តែរាជរដ្ឋាភិបាលហ្នឹងរៀបចំចលនាសង្គមមួយធំ ដើម្បីឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានហ្នឹងផលិតថាមពលភ្លើងហ្នឹងតាមរយៈការបង្កើតឲ្យមានឡជីវឧស្ម័ន ក្នុង ១៤ ០០០ភូមិជាងហ្នឹងធ្វើម៉េចឲ្យមានឡជីវឧស្ម័ន ១ភូមិ ប្រហែលជាខ្ទង់ ២០% ទៅ ៥០% ទៅ គឺភ្លើងធ្លាក់មិនតិចជាង ២០ដងទេ កុំថាបីទៅបួនដង។’’ (RFA)»

រដ្ឋាភិបាលបានខំប្រឹងដោះស្រាយបញ្ហាផលិតអគ្គិសនីដោយខ្លួនឯងដោយផ្តល់សិទ្ធិឲ្យក្រុមហ៊ុនបរទេស ដំឡើងទំនប់វារីអគ្គិសនី ដែលពលរដ្ឋនិងសង្គមស៊ីវិលអះអាងថា មានផលប៉ះពាល់ខ្លាំងដល់ជីវៈចម្រុះនិងរបររកស៊ីរបស់ពលរដ្ឋមូលដ្ឋាន រួមទាំងបញ្ហាផ្តល់សំណងពីក្រុមហ៊ុនមិនសមស្របផង ហើយទោះបីដំឡើងទំនប់នោះបានជោគជ័យក៏ដោយ ក៏កម្ពុជាមិនទំនងជាអាចប្រកួតប្រជែងនឹងប្រទេសជិតខាងដែរ។  មានជម្រើសក្រៅពីវារីអគ្គិសនីដូចជា ថាមពលខ្យល់ ផ្ទាំងសូឡា ឡជីវឧស្ម័ន រដ្ឋតែងប្រកែកថាគ្មានលទ្ធភាពនិងថាថ្លៃជាងវារីអគ្គិសនីដែលគេមើលឃើញថាជាបញ្ហាឆន្ទៈ និងផលប្រយោជន៍ជាប់ទាក់ទងភាគហ៊ុនផ្ទាល់ខ្លួនច្រើនជាងបញ្ហាលទ្ធភាព ព្រោះទោះថ្លៃជាងមែនឬមិនមែនក៏ដោយ បើធៀបនឹងផលប៉ះពាលទាបនៃជម្រើសថាមពលផ្សេងទាំងបី យ៉ាងហោចណាស់វាមិនបានបង្កបញ្ហាបន្ថែមលើបញ្ហាដែរ ម្យ៉ាងគេអាចដោះស្រាយបញ្ហាតម្លៃថ្លៃដោយសារដំឡើងផ្ទាំងសូឡានីមួយៗ ដោយចូលគ្នាជាចលនាសហគមន៍ បង្កើតកន្លែងស្តុកថាមពលប្រើជារួមជាអាទិ។

ឯកជននីយកម្មប្រព័ន្ធអគ្គិសនីជាដំណោះស្រាយប្រសើរជាងការដំឡើងទំនប់វារី ប៉ុន្តែបទពិសោធជម្លោះក្រុមហ៊ុនទូរស័ព្ទបង្ហាញថា ទោះការប្រជែងគ្នារវាងក្រុមហ៊ុនច្រើនអាចបញ្ចុះតម្លៃអគ្គិសនីបាន តែប្រហែលមិនច្រើនណាស់ណាទេ ព្រោះរដ្ឋនឹងធ្វើអន្តរាគមន៍ជួយក្រុមហ៊ុនអគ្គិសនីណាដែលស្និទ្ធនឹងខ្លួននិងមិនឲ្យបញ្ចុះតម្លៃអគ្គិសនីទាបពេក ដែលផ្តល់ប្រយោជន៍ដល់សាធារណជនទេ ដើម្បីការពារប្រយោជន៍ក្រុមហ៊ុន និងទីផ្សារផ្តាច់មុខឲ្យឈ្មួញស្និទ្ធនឹងខ្លួន។ ស្រដៀងគ្នាដែរ សង្គមស៊ីវិលក៏ចង់ឲ្យរដ្ឋដាក់ឲ្យមានការប្រកួតប្រជែងរវាងក្រុមហ៊ុនអនាម័យដឹកជញ្ជូនសំរាមជាជាងឲ្យសិទ្ធិផ្តាច់មុខទៅក្រុមហ៊ុនវៀតណាមប្រមូលសំរាមក្នុងក្រុងភ្នំពេញដែរ តែទោះរដ្ឋធ្វើតាមសំណើក៏ដោយ ក៏គេមិនគួររំពឹងខ្ពស់ពេកដែរ ត្បិតអីអន្តរាគមន៍រដ្ឋទោរទៅក្រុមហ៊ុន និងរំខានដល់ការប្រកួតប្រជែងសេរី។

ការដំឡើងប្រាក់ខែមន្ត្រីរាជការគ្រប់លំដាប់ រួមទាំងគ្រូបង្រៀនឲ្យស្មើនឹងថ្លៃទំនិញលើទីផ្សារនិងការកំណត់ច្បាប់ប្រាក់ខែអប្បបរមាកម្មករ ព្រមទាំងគោលនយោបាយថ្លៃស្រូវអប្បបរមា រដ្ឋាភិបាលតែងជំទាស់ថាពុំអាចទៅរួច និងគ្មានលទ្ធភាពដែរ។ សំណើឲ្យរដ្ឋាភិបាលជួយធ្វើអន្តរាគមន៍លើបញ្ហាទំនិញ សាំង និងថ្លៃឡានឈ្នួលឡើងថ្លៃ (តាមរដូវបុណ្យទាន) រដ្ឋាភិបាលតែងបដិសេធថា ខ្លួនមិនមានសមត្ថកិច្ចលូកដៃចូលបានក្នុងការប្រកួតប្រជែងបានទេព្រោះប្រកាន់យកសេដ្ឋកិច្ចទីផ្សាសេរី ដល់ករណីដែលសេវាទូរសព្ទដែលផ្តល់ក្រុមហ៊ុនដែលស្និទ្ធនឹងខ្លួន បែរជាអន្តរាគមន៍បាន (ស្តង់ដារពីរ)។ ករណីតម្លៃប្រេងសាំងដែលមានក្រុមហ៊ុនច្រើន តែគ្មានការប្រកួតប្រជែងតម្លៃ ដែលអាចឲ្យគេមើលឃើញថាមានឃុបឃិតដាក់តម្លៃដូចគ្នារវាងឈ្មួញ ប្រឆាំងនឹងការប្រកួតប្រជែងក្នុងទីផ្សារសេរី និងទំនងឃុបឃិតជាមួយមនុស្សក្នុងគណបក្សកាន់អំណាចដែលមានភាគហ៊ុនក្នុងនោះផង សូម្បីតែនៅពេលតម្លៃប្រេងលើទីអន្តរជាតិធ្លាក់ចុះក៏តម្លៃប្រេងនៅកម្ពុជានៅតែដដែល មិនងាយថយចុះដែរ គឺលុះមានរដ្ឋាភិបាលធ្វើអន្តរាគមន៍ទើបចុះថ្លៃ។

ជាក់ស្តែង ក្រុមហ៊ុនសូគីម៉ិចគឺជាកម្មសិទ្ធិរបស់ឧកញ៉ា សុខ គង់ ដែលជាមនុស្សស្និទ្ធនឹងបក្សកាន់អំណាច ធ្លាប់ផ្តល់ប្រេងមិនគិតថ្លៃនៅកាលពីព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ១៩៩៧ និងក្រុមហ៊ុន តេឡា ដែលជាកម្មសិទ្ធិពាក់កណ្តាលរបស់កូនស្រីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណា។ ក្រោយរដ្ឋប្រហារ ក្រុមហ៊ុនសុខា ហូថែល ក៏ទទួលបានសម្បទានសិទ្ធិផ្តាច់មុខគ្រប់គ្រងអង្គរនៅឆ្នាំ១៩៩៩ (សង្គមស៊ីវិលនិងអ្នកវិភាគចង់ឲ្យមានការដាក់ទិញថ្លៃជាសាធារណៈ និងបើកចំហកញ្ចប់ថវិកា តែរដ្ឋបែរជាយកមកគ្រប់គ្រងខ្លួនឯងវិញតែម្តង ដែលលោក កែម ឡី ថាវាអាចកាន់តែអាក្រក់ បើគ្រប់គ្រងមិនបានល្អ) បង្កើតកន្លែងកំសាន្តផ្តាយប្រាំនៅកណ្តាលខេត្តសៀមរាប និងបង្កើតសណ្ឋាគារកាស៊ីណូនៅលើភ្នំបូកគោនៅខេត្តកំពតនាឆ្នាំ២០១២ នេះបើតាមសៀវភៅ «កម្ពុជារបស់លោក ហ៊ុន សែន»។ ករណីក្រុមហ៊ុនប្រេងនេះទាមទារអន្តរាគមន៍ពីរដ្ឋដោយឈរលើប្រយោជន៍សាធារណៈ ដើម្បីដាក់សម្ពាធលើក្រុមហ៊ុននិងបង្កើតច្បាប់ប្រកួតប្រជែងសេរី ចៀសវាងការបង្កព្យុះភ្លៀងដំឡើងថ្លៃស្រុះគ្នាតាមចិត្ត ពិសេសគឺយន្តការត្រួតពិនិត្យអ្នកធំ គ្រួសារនិងខ្សែរបស់ពួកគេមិនឱ្យប្រើប្រាស់អំណាចទៅរកស៊ីដោយបន្ថែមមាត្រាក្នុងច្បាប់អំពើពុករលួយអំពីករណីនេះ ប៉ុន្តែគេអាចរំពឹងលើអន្តរាគមន៍ពីរដ្ឋដូចម្តេចបើសុទ្ធតែជាខ្សែស្រឡាយតែមួយ។

 ការកាប់ព្រៃឈើតាមរយៈគោលនយោបាយសម្បទានដី ច្រើនត្រូវបានបកស្រាយថាជាហេតុដែលនាំឲ្យ មានបម្រែបម្រួលអាកាសធាតុ និងវិនាសកម្មជីវៈចម្រុះ តែយើងអាចបកប្រែម្យ៉ាងទៀតថាវាជាមូលហេតុនៃភាពក្រីក្រនិងវិសមភាពផងដែរ ព្រោះអ្នកទទួលប្រយោជន៍ពីជំនួញឈើមិនមែនអ្នកក្រនៅមូលដ្ឋាននោះទេ គឺអ្នកមានដែលជួញដូរឈើនិងអ្នកមានអំណាចដែលពាក់ព័ន្ធ ឯអ្នកក្រដែលរស់នៅអាស្រ័យអនុផលព្រៃឈើវិញ ខ្លះបានត្រឹមតែធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសប៉ុណ្ណោះ ក្រោយអស់ព្រៃឈើទៅ។

កម្ពុជាពុំមែនត្រឹមតែជាប្រទេសដែលកំណើនលឿននិងធ្វើបានល្អខាងកំចាត់ភាពក្រីក្រនោះទេ ព្រមទាំងជាប្រទេសដែលមានកាប់បំផ្លាញព្រៃឈើខ្លាំងបំផុតមួយផងដែរ។ ពីឆ្នាំ២០០១ ដល់ ២០១៤ ការបាត់បង់ព្រៃឈើនៅកម្ពុជាមានអត្រាលឿនជាងប្រទេសណាៗ ទាំងអស់នៅក្នុងពិភពលោក។ «វិទ្យាស្ថានធនធានពិភពលោក (World Resources Institute)…ដោយផ្អែកលើទិន្នន័យប្រមូលដោយសាកលវិទ្យាល័យម៉ារីលែន (University of Maryland) និងក្រុមហ៊ុន Google ដោយប្រើប្រាស់រូបភាពផ្កាយរណបបានបង្ហាញថា អត្រាប្រចាំឆ្នាំដែលកម្ពុជា បានបាត់បង់គម្របព្រៃឈើរបស់ខ្លួនក្នុងរយៈពេល១៤ឆ្នាំមកនេះ បានកើនឡើង១៤,៤%។ (Cambodia Daily)» តាមការសិក្សាស្រាវជ្រាវរបស់ សាកលវិទ្យាល័យម៉ារីលែនដែលទាញទិន្នន័យចេញពីប្រព័ន្ធផ្កាយរណបនៅលើពិភពលោកពីឆ្នាំ២០០០ ដល់ ២០១២ រកឃើញថា កម្ពុជាបានបាត់បង់ព្រៃឈើជិត ១២ ៦០០គីឡូម៉ែត្រការ៉េនៅក្នុងកំលុងពេល១២ឆ្នាំមកនេះ គឺសរុបប្រហែល ៧,១%ព្រៃឈើដែលកម្ពុជានៅសេសសល់កាលពីមួយទសវត្សរ៍កន្លងទៅនេះ ដែលភាគច្រើនបានកើតឡើងនៅក្នុងតំបន់ព្រៃការពារ និងដែនជម្រកសត្វព្រៃ។

អកុសលជាងនេះទៀត ទោះមានការបាត់បង់សន្លឹកសន្ធាប់ក៏ដោយ តាមរយៈរូបភាពថ្មីៗនៅឆ្នាំ២០១៣ បង្ហាញថា ល្បឿនកាប់ព្រៃឈើមិនត្រឹមតែពុំចុះថយទេ មានតែកើនឡើងថែមទៅទៀត។ ផ្អែកលើរូបភាពពីផ្តាយរណបដូចគ្នាដែរ Open Development បានឲ្យដឹងថា អត្រាគម្របព្រៃឈើបានធ្លាក់ចុះពី ៧២% នៅឆ្នាំ១៩៧៣ មកត្រឹម ៤៦% ប៉ុណ្ណោះនៅឆ្នាំ២០១៣។ «Mathieu Pellerin ទីប្រឹក្សាអង្គការលីកាដូ ដែលបានសិក្សាទិន្នន័យដើម [ពីសាកលវិទ្យាល័យម៉ារីលែន] បានអះអាងថា ដីសម្បទាននៅក្នុងទំហំពាណិជ្ជកម្មដែលរដ្ឋាភិបាលផ្តល់ឲ្យក្រុមហ៊ុនឯកជននៅក្នុងតំបន់ការពារនៅតែបំផុសការកាប់ព្រៃឈើថ្មីបន្ថែមទៀត។

កម្ពុជាបាត់បង់ព្រៃ ២ ១៣២គីឡូម៉ែត្រការ៉េនៅឆ្នាំ២០១៣ គឺជិត ១៧% នៃព្រៃកម្ពុជាចំនួន១២ ៥៩៤គីឡូម៉ែត្រការ៉េបានបាត់បង់លើសពីទស្សវត្សន៍មុន ហើយនៅក្នុងព្រៃ ២ ១៣២គីឡូម៉ែត្រការ៉េដែលបានបាត់បង់នោះ មានតែជាងពាក់កណ្តាលប៉ុណ្ណោះ គឺ ១ ០៩០គីឡូម៉ែត្រការ៉េ នៅក្នុងដីសម្បទាន។ មានន័យថា រដ្ឋាភិបាលអាចរារាំង ៥១% នៃការកាប់ព្រៃឈើនៅឆ្នាំ២០១៣ ប្រសិនបើពួកគេមិនបានប្រគល់ [ដីសម្បទាន] នៅក្នុងតំបន់គ្របដណ្តប់ដោយព្រៃឈើ។…ផែនទីថ្មីក៏បានបង្ហាញទៀតដែរថា ការកាប់ព្រៃឈើបានសាយភាយចេញពីនៅក្នុងដីសម្បទានលើសពីព្រំដែនកំណត់ទៅទៀត។ ច្បាប់កម្ពុជាហាមប្រាមអ្នកទទួលដីសម្បទានពីការឆ្លងចូលតំបន់ព្រៃដែលនៅល្អគ្មានការខូចខាតនៅក្នុងព្រំដែនដែលរដ្ឋាភិបាលកំណត់ទេ តែនៅពេលដែលក្រុមហ៊ុនពិតជាកាប់ឈើនៅក្នុងដីសម្បទាន រដ្ឋាភិបាលជារឿយនិយាយការពារពួកគេថា ព្រៃឈើដែលគេកំពុងតែកាប់នោះ សូម្បីតែនៅក្នុងតំបន់ការពារក៏ដោយ ក៏ [ថាជាព្រៃ] រងការខូចខាតរួចហើយដែរ។ (Daily)»

ទាំងអស់នេះសបញ្ជាក់ថា រដ្ឋាភិបាលពុំត្រឹមតែពុំចង់ទប់ស្កាត់ទេ ថែមទាំងចង់ឲ្យមានការកាប់ព្រៃឲ្យលឿនបន្ថែមទៀត ជាក់ស្តែងសូម្បីតែខ្សែភាពយន្តឯកសារអំពីសកម្មជនព្រៃឈើ លោក ឈុត វុទ្ធី ក៏មិនឲ្យចាក់បញ្ចាំងជាសាធារណៈដែរ កុំថាដាក់ទៅរកយុត្តិធម៌ឲ្យលោក ហើយនៅមានការបណ្តេញសកម្មជនបរិស្ថាន Alex Gonzalez-Davidson និងការចាប់ខ្លួនសកម្មជនបរិស្ថាននៃអង្គការមាតាធម្មជាតិដទៃទៀត (ទើបដោះលែងថ្មីៗ) ទោះរដ្ឋាភិបាលបច្ចុប្បន្នទើបតែប្រកាសដាក់ព្រៃឡង់ជាតំបន់ការពារក៏ដោយ ក៏បច្ចុប្បន្នមិនអាចលុបលើអតីតកាលបានដែរ ត្បិតពួកគេក៏ធ្លាប់តែបដិសេធរាល់ការកាប់ព្រៃឈើរាងមកដែរ ពោលគឺបដិសេធ កែខ្លួន តែមិនទទួលស្គាល់។ ការបាត់បង់ព្រៃឈើពុំមែនត្រឹមតែដោយសាររបរកាប់ឈើខុសច្បាប់នោះទេ គឺមកពីការឃុបឃិតពីអ្នកមានអំណាចនិងការបរាជ័យនៃទប់ស្កាត់ពីអាជ្ញាធរផងដែរ មានន័យថា ការកាប់ព្រៃទ្រង់ទ្រាយធំមិនមែនអាចកើតឡើងងាយៗដោយគ្មានសហការពីអ្នកធំឡើយ ការពន្យល់ការបាត់បង់ព្រៃយ៉ាងគំហុកដោយគ្រាន់តែមូលហេតុការកាប់ឈើខុសច្បាប់ហាក់ដូចសាមញ្ញពេក ដូចជាគេអាចលួចកាប់ដោយស្រួលៗ និងហាក់ដូចជួយលាក់បាំងភាគីដែលពាក់ព័ន្ធទាំងឡាយដោយមិនដឹងខ្លួន ហាក់ជួយពន្យល់ដោយប្រយោលថារដ្ឋាភិបាលក៏ព្យាយាមទប់ស្កាត់ដែរ។

អង្គការ Global Witness ធ្លាប់បានចេញរបាយការណ៍ជាច្រើនទម្លាយពីភាពជាប់ទាក់ទងរបស់អ្នកមានអំណាចនិងឈ្មួញធំៗទាំងឡាយ ក្នុងវិស័យដូចជាឧស្សាហកម្មនិស្សារណកម្ម និងការកាប់ព្រៃឈើខុសច្បាប់នៅកម្ពុជា ឧ. ការបំផ្លាញព្រៃឈើដោយគ្មានដែនកំណត់: របៀបដែលរដ្ឋាភិបាលកម្ពុជាបរាជ័យក្នុងការបង្ក្រាបអ្នកដែលគេមិនអាចប៉ះពាល់បាន (២០០៤), ខ្សែស្រឡាយអ្នកលួចជាតិ: ការកាប់ឈើខុសច្បាប់និងការពុះច្រៀកទ្រព្យសម្បត្តិសាធារណៈដោយអ្នកដឹកនាំរបស់ប្រទេសកម្ពុជា (២០០៧), ប្រទេសសម្រាប់លក់: របៀបដែលពួកវរជនបានចាប់ក្តាប់ឧស្សហកម្មដកស្រង់ធនធានរបស់ប្រទេស (២០០៩), ការផ្ទេរខ្សាច់: របៀបដែលតម្រូវការខ្សាច់ពីកម្ពុជារបស់ប្រទេសសិង្ហបុរីគំរាមកំហែងដល់ប្រព័ន្ធអេកូឡូហ្ស៊ីនិងធ្វើឲ្យអន្តរាយដល់អភិបាលកិច្ចល្អ (២០១០), ថ្លៃនៃភាពប្រណីត: ការជួញដូរឈើប្រណីតខុសច្បាប់របស់កម្ពុជាជាមួយនឹងចិន (២០១៥)។

ការបំផ្លាញព្រៃនៅលើដីនិងការជីកបូមធនធានក្នុងដីនៅមិនគ្រប់គ្រាន់ឡើយ នៅមានការបំផ្លាញត្រីជីវៈចម្រុះនៅក្នុងទឹកនិងការពន្លេចលំនៅអ្នកភូមិតាមរយៈទំនប់វារីអគ្គិសនីទៀត។ ឧ. ទំនប់វារីអគ្គិសនីសេសានក្រោម២ ក្រោយសាងសង់រួចជាស្ថាពរ យ៉ាងតិចណាស់ក៏នឹងត្រូវពន្លេចភូមិអ្នកស្រុកចំនួន៧ដែរ។ ទោះបីពលរដ្ឋប្រាប់ថាត្រូវការការងារជាជាងអគ្គិសនីក៏ដោយ ត្បិតគ្មានការងារក៏គ្មានប្រាក់បង់ថ្លៃអគ្គិសនីដែរ ហើយការផ្គត់ផ្គង់អគ្គិសនីក៏ផ្តាច់មុខទៅទៀត គ្មានការប្រកួតប្រជែង ដាក់តម្លៃនិងឡើងចុះតាមចិត្ត ក៏រដ្ឋាភិបាលនៅតែអះអាងថា ក្រុមហ៊ុនបរទេសទាំងនោះជួយផ្តល់ការងារឲ្យពលរដ្ឋ ស្របពេលពួកគេអាចនាំពលករពីស្រុករបស់ខ្លួន មិនយកពលករម្ចាស់ស្រុកធ្វើការ ឬផ្តល់ប្រាក់ឈ្នួលទាបជាងការសន្យា និងបើកប្រាក់យឺតជាដើម។ ការសិក្សាដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រជាតិ (National Academy of Science) បានរកឃើញថា ទំនប់វារីអគ្គិសនីនឹងបង្កឲកយមានតំហយស្តុកត្រី ៩,៣% គំរាមកំហែងដល់ប្រភេទត្រីមិនតិចជាង៥០នោះទេ។

Abraham Lincoln អតីតប្រធានាធិបតីអាមេរិកទី១៦ មានសម្តីមាសមួយអំពីរបបប្រជាធិបតេយ្យថា ជា «រដ្ឋាភិបាលរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន» ប៉ុន្តែនៅពេលរបបនេះញាំញីដោយបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឆ្នាំ២០១៥ បានបង្ហាញថា រដ្ឋាភិបាលរកចំណូលបានពីដីសម្បទានសេដ្ឋកិច្ចនិងព្រៃឈើពីក្រុមហ៊ុនឯកជនបានចំនួនតែ ៨០លានដុល្លារប៉ុណ្ណោះក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដែលចំនួននេះមិនសមាមាត្រនឹងតម្លៃនៃព្រៃឈើដែលបាត់បង់យ៉ាងគំហុកនោះឡើយ គេរិតតែពុំអាចយកថវិកាចំណូលនេះ ទៅទិញព្រៃឈើ សត្វព្រៃ ជីវៈចម្រុះ និងគ្រប់គ្រាន់យកទៅកាត់បន្ថយផលវិបាកផ្នែកបរិស្ថានបង្កឡើងដោយការបាត់បង់ព្រៃឈើដែរ តែក៏ពុំបាច់ឈឺក្បាលដែរ ព្រោះអ្នករងគ្រោះជាទួទៅគឺពលរដ្ឋមូលដ្ឋាននិងសង្គមទាំងមូល មិនប៉ះពាល់ខ្លាំងដល់បុគ្គលអ្នកទទួលផលឯណា។ ឈរលើមូលដ្ឋាននេះហើយ ទើបលោក កែម ឡី អះអាងថា របបប៉ុលពត ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ របបបច្ចុប្បន្ននេះវិញ ឧក្រិដ្ឋកម្មប្រឆាំងធម្មជាតិ។

របាយការណ៍ចុងក្រោយបង្អស់របស់ Global Witness «Hostile Takeover: បណ្តាញនៃក្រុមហ៊ុនដ៏មហិមារបស់គ្រួសារកាន់អំណាចនៅកម្ពុជា (២០១៦)» ដែលជារបាយការណ៍លាតត្រដាងពីជំនួញដ៏សម្បើមរបស់គ្រួសារត្រកូល ហ៊ុន ដែលអ្នកជិតស្និទ្ធនឹងត្រកូលនេះស្គាល់ថាជា «ខ្សែស្តេច» នោះ បានបង្ហាញថា «គ្រួសារផ្ទាល់របស់លោកនាយករដ្ឋមន្ត្រីរូបនេះមានអាជីវកម្មចុះបញ្ជីដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនផ្សេងៗ មានចំណែកដើមទុនចុះបញ្ជីសរុបចំនួនជាង ២00លានរួមទាំងសម្ព័ន្ធភាពជាមួយក្រុមហ៊ុនអន្តរជាតិជាច្រើន ដូចជា Apple, Nokia, Visa, Unilever, Proctor & Gamble និង Honda ជាដើម។

ក្រុមហ៊ុនអាជីវកម្មទាំងប្រាំបួនរបស់ពួកគេបានត្រួតត្រាយ៉ាងច្រើនលើវិស័យដែលអាចផ្តល់ប្រាក់ចំណេញច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា បូករួមទាំងវិស័យដែលគេដឹងយ៉ាងទូលំទូលាយថា មានអំពើពុករលួយយ៉ាងច្រើនដូចជា វិស័យរ៉ែ វិស័យល្បែងស៊ីសង និងវិស័យអចលនទ្រព្យផងដែរ។ […] គ្រួសារបង្កើតរបស់ លោក ហ៊ុន សែន មានផលលាភនានាដែលចុះបញ្ជីនៅក្នុងក្រុមហ៊ុនឯកជនក្នុងស្រុកចំនួន ១១៤ក្រុមហ៊ុន ដែលមានដើមទុនក្នុងបញ្ជីសរុបចំនួនជាង ២00លានដុល្លារ។ តួលេខនេះមិនរាប់បញ្ចូលនូវក្រុមហ៊ុនចំនួន១៦ ក្នុងចំណោមក្រុមហ៊ុនទាំង១១៤ (គឺ១៤%) ដែលមិនមានទិន្នន័យបញ្ជាក់ពីដើមទុន[ផង]ទេ។

[…] ក្រុមហ៊ុនដែលមានការពាក់ព័ន្ធជាមួយគ្រួសារត្រកូលហ៊ុនលាតសន្ធឹងត្រួតត្រាលើចំណែកភាគច្រើននៅក្នុងវិស័យពាណិជ្ជកម្មណាដែលអាចផ្តល់ប្រាក់ចំណេញខ្លាំងបំផុត ដូចជា ពាណិជ្ជកម្មដោះដូរទំនិញ ហិរញ្ញវត្ថុ ថាមពល និងទេសចរណ៍។ ក្រុមហ៊ុនទាំងនោះក៏ធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងវិស័យជាច្រើនដែលជោគជាំដោយអំពើពុករលួយ ដូចជា វិស័យល្បែងស៊ីសង សំណង់ កសិកម្ម និង ការរុករករ៉ែ។ […] ប្រាក់ខែរបស់នាយករដ្ឋមន្ត្រីដែលលោកបានអះអាងថាជាប្រភពចំណូលតែមួយគត់របស់លោកនោះ មានចំនួន ១១៥០ដុល្លារក្នុងមួយខែ ឬ ១៣៨០០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ។ ចម្ងល់កើតមានឡើងដោយសារថា ត្រកូល ហ៊ុន ត្រូវបានគេដឹងយ៉ាងទូលំទូលាយថាជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលមានបំផុត បើមិនមានបំផុត  ក៏ជាគ្រួសារដែលមានអំណាចបំផុតនៅក្នុងប្រទេសដែរ ដោយមានទ្រព្យសម្បត្តិបូកបញ្ចូលគ្នាទៅ គឺមានក្នុងចន្លោះពី ៥០០លានដុល្លារ ទៅ ១០០០លានដុល្លារសហរដ្ឋអាមេរិក…។»

ប្រាប់ The Associated Press លោក Sebastian Strangio បានបញ្ចេញយោបល់អំពីរបាយកាណ៍នេះថា «នៅកម្ពុជា ការត្រួតត្រាវិស័យសេដ្ឋកិច្ច និងការបង្ក្រាបខាងនយោបាយគឺជាមុខពីរនៃកាក់តែមួយ។ ក្រោម [ការដឹកនាំរបស់] លោក ហ៊ុន សែន អំណាចនយោបាយត្រូវបានប្រើប្រាស់ដើម្បីទទួលបានធនធានសេដ្ឋកិច្ច ក្រោយហុចលទ្ធផលមកវិញ ត្រូវបានគេប្រើដើម្បីពង្រីកអំណាចនយោបាយថែមទៀត។» លោក កែម ឡី បានអះអាងនៅក្នុងវេទិកាអ្នកស្តាប់អាស៊ីសេរីនៅមួយថ្ងៃក្រោយរបាយការណ៍នេះចេញផ្សាយថា «ការសិក្សានេះវាសឹងតែខ្ពស់ជាង…កម្រិតនៃភាពពិតតាមលក្ខណៈវិទ្យាសាស្ត្រ ៩៥% ទៅទៀត» ហើយលោកអំពាវនាវឲ្យមានការស៊ើបអង្កេត (បក្សប្រឆាំងនិងសង្គមស៊ីវិលក៏អំពាវនាវដូចគ្នា) និងស្មគ្រចិត្តជួយសិក្សាបើបើកឲ្យមានការចូលរួម ហើយលោកក៏បានអធិប្បាយឲ្យ VOA មានខ្លឹមសារស្រដៀងគ្នាផងដែរ។

២ថ្ងៃក្រោយមក លោកត្រូវបានគេបាញ់សម្លាប់ បង្កប់សារបញ្ឈឺថា «ទៅស៊ើបអង្កេតក្នុងមឈូសទៅ!» បើគេផ្គុំរបាយការណ៍ចុងក្រោយនិងរបាយការណ៍មុនៗរបស់អង្គការដដែលនេះ គេនឹងទទួលបានសេចក្តីសន្និដ្ឋានធំមួយ គឺ នាយករដ្ឋមន្ត្រី និងគ្រួសារពុំមែនមានបានស្តុកស្តម្ភដោយសារប្រាក់ខែ ឬរកស៊ីជួញដូរធម្មតាស្របច្បាប់នោះទេ គឺមានបានដោយសារលួចជាតិ លក់ប្រទេស រំលោភអំណាច ពោលគឺលក់ធនធានធម្មជាតិ សម្បត្តិសាធារណៈ បង្កើតក្រុមហ៊ុន ឬទិញភាគហ៊ុនក្តោបក្តាប់សេដ្ឋកិច្ចកម្ពុជាច្រើនវិស័យ ដោយអាងលើអំណាចនយោបាយ ដោយគ្មានការប្រកួតប្រជែង អនុវត្តទីផ្សារផ្តាច់មុខ ទោះប្រកួតប្រជែងសេរីក៏គ្មាននរណាហ៊ានប្រជែងជាមួយដែរ។

ដូច្នេះក្នុងវិស័យដ៏ច្រើនដែលពួកគេត្រួតត្រា ពួកគេចង់ដំឡើងថ្លៃចុះឡើងស្រេចចិត្ត អាចស្រូបយកផលចំណេញពីថ្លៃដែលអ្នកក្រ និងចំណូលមធ្យមត្រូវតែបង់ ឬចំណាយទិញ ដោយគ្មានជម្រើស ហើយអំណាចនយោបាយរបស់នាយករដ្ឋមន្ត្រីនិងគ្រួសារអាចជួយបង្កើតគោលនយោបាយគាំទ្រប្រយោជន៍ពួកគេបន្ថែមទៀត ព្រមទាំងរារាំងគោលនយោបាយមិនបម្រើប្រយោជន៍ពួកគេដែលស្នើដោយក្រុមផ្សេង មិនឲ្យដាក់ចេញផងដែរ។

ជារួម ដូចចំណងជើងរបាយការណ៍, «Hostile Takeover» ដែលជាពាក្យបច្ចេកទេសក្នុងវិជ្ជាជំនួញ (ខ្មែរគ្មានពាក្យចំទេ) បញ្ជាក់ប្រាប់ស្រាប់ វាជាប្រមាញ់យកក្រុមហ៊ុនដោយទិញភាគហ៊ុនទាំងមូលឬភាគច្រើន ទោះបីគេមិនព្រមលក់ភាគហ៊ុនឲ្យក៏ដោយ។ ទាញតាមភស្តុតាងនេះ សបញ្ជាក់ថា កម្ពុជាពុំមែនក្រដោយសារទើបតែងើបចេញពីសង្គ្រាមស៊ីវិលឬពីខ្មែរក្រហមនោះទេ គឺក្រដោយសារអ្នកមានអំណាច ជញ្ជក់យកប្រយោជន៍ពីប្រជាពលរដ្ឋក្រីក្រ និងចំណូលមធ្យម ព្រមទាំងអ្នកមានដែលរកស៊ីត្រឹមត្រូវផងដែរ ហើយក្តោបក្តាប់យកសម្បត្តិជាតិនិងសាធារណៈ យកប្រទេសទាំងមូលធ្វើជាសម្បត្តិឯកជនរបស់គ្រួសារខ្លួននិងបក្សពួក ដូចអត្ថន័យចំណងសៀវភៅរបស់ លោក Strangio បង្កប់ «ប្រទេសកម្ពុជារបស់លោក ហ៊ុន សែន»។

គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលណាស់ណាទេ លោក Paul Collier សេដ្ឋវិទូអង្លេស បានអះអាងនៅក្នុងសា្នដៃ «The Bottom Billion: Why the Poorest Countries are Failing and What Can Be Done About It (2007)» ថា «មេដឹកនាំរបស់ប្រទេសក្រីក្របំផុតជាច្រើននៅលើពិភពលោកស្ថិតក្នុងចំណោមកំពូលអ្នកមាននៅក្នុងសាកលលោក។» ចម្លែកត្រង់ថា ហេតុអ្វីពួកគេមានបានខ្លាំងម្ល៉េះ បើប្រទេសរបស់ពួកគេនៅក្រីក្រសោះហ្នឹង?

ចម្លើយគឺថា ពួកវរជននៅក្នុងប្រទេសក្រីក្រធ្វើមានធ្វើបាន តាមរយៈការប្រើប្រាស់អំណាចនយោបាយទៅបម្រើផលប្រយោជន៍ឯកជន ឬខ្សែស្រឡាយបក្សពួកគ្រួសាររបស់ខ្លួន គឺផ្ទុយពីគោលការណ៍ដែលតម្រូវឲ្យប្រើអំណាចរដ្ឋដើម្បីប្រយោជន៍សាធារណៈ មិនថាអំណាចនោះបានមកដោយវិធីស្របច្បាប់ឬល្មើសច្បាប់នោះឡើយ។ ចំណុចនេះស៊ីគ្នានឹងនិយមន័យអំពើពុករលួយរបស់លោក Robert Klitgaard អ្នកសិក្សាខាងអំពើពុករលួយថា «ការប្រើប្រាស់មិនបានត្រឹមត្រូវនូវតួនាទីឬកាតព្វកិច្ចផ្លូវការ (Office) ដោយសំដៅទៅរកគោលដៅមិនផ្លូវការ [មិនបម្រើអ្វីដែលតួនាទីរបស់ខ្លួនកំណត់]» និងរបស់អង្គការតម្លាភាពអន្តរជាតិ «ការរំលោភអំណាចដែលគេផ្តល់សេចក្តីទុកចិត្តឱ្យដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។» (សូមតាមដានភាគបញ្ចប់)

ដោយ ទេព រ៉ានិត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ