អាជ្ញាធររារាំងពលរដ្ឋមានជម្លោះដីធ្លីតាមតំបន់មាត់សមុទ្រមិនឲ្យជួបលោក ហ៊ុន សែន

លោក ហ៊ុន សែន សំណេះសំណាលជាមួយបងប្អូនអ្នកលក់ដូរក្នុងផ្សារក្តាម ខេត្តកែប (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

ក្រុមប្រជាពលរដ្ឋមានជម្លោះដីធ្លីដែលរស់នៅក្នុងខេត្តជាប់មាត់សមុទ្រ ត្រូវបានអាជ្ញាធររារាំងមិនឲ្យជួបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២និងទី៣ខែសីហា ខណៈដែលលោកបាននឹងកំពុងចុះជួបពលរដ្ឋនៅតាមតំបន់នោះនៅក្នុងយុទ្ធាការចុះជួបពលរដ្ឋតាមមូលដ្ឋាន ដើម្បីជំរុញឲ្យមានអភិបាលកិច្ចល្អ។

ប្រជាពលរដ្ឋមានជម្លោះដីធ្លីក្នុងខេត្តព្រះសីហនុប្រមាណ៣០០នាក់ កាលពីម្សិលមិញបានប្រមូលផ្តុំគ្នានៅមុខសាលាខេត្ត ដើម្បីសុំឲ្យលោកនាយករដ្ឋមន្រ្តីជួយរកដោះស្រាយជម្លោះដីធ្លី ក៏ប៉ុន្តែត្រូវបរាជ័យ បន្ទាប់ពីមានអាជ្ញាធររារាំង។

តំណាងប្រជាពលរដ្ឋម្នាក់ លោក ហេង គង់ ប្រាប់វីអូឌីតាមទូរស័ព្ទថាសហគមន៍របស់លោកមានជម្លោះដីធ្លីជាមួយអ្នកមានលុយមានអំណាចជាង១០ឆ្នាំមកហើយ នៅមិនទាន់មានដំណោះស្រាយនៅឡើយ។

លោកថាដោយសារតែមិនមានដំណោះស្រាយពីអាជ្ញាធរថ្នាក់មូលដ្ឋាននិងខេត្ត ទើបនៅថ្ងៃពុធម្សិលមិញនេះ ពួកគាត់បាននាំគ្នាមកជួបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យជួយអន្តរាគមន៍បន្ទាប់ពីឮថាលោកមកក្រុងព្រះសីហនុ ប៉ុន្តែត្រូវសមត្ថកិច្ចរារាំងមិនឲ្យជួបនោះទេ។

លោកបន្ថែមថាប្រជាពលរដ្ឋមានការខកចិត្តចំពោះការរារាំងរបស់សមត្ថកិច្ចនេះ ដោយលោកថាប្រសិនបានជួបលោកនាយករដ្ឋមន្ត្រី នោះជម្លោះដីរ៉ាំរ៉ៃរបស់ពួកគាត់នឹងត្រូវដោះស្រាយមិនខានឡើយ។

លោកបញ្ជាក់ថា៖ “ខ្ញុំខកចិត្តណាស់ដែលរារាំងពួកខ្ញុំមិនឲ្យជួបសម្តេច និយាយរួមមកខូចបំផុតគឺអាជ្ញាធរទាំងអស់ហ្នឹងម៉ង គ្រប់ជាន់ថ្នាក់បាត់បង់ដីធ្លីក៏ដោយសារអាជ្ញាធរហ្នឹងដែរ”។

ដូចគ្នានេះដែរកាលពីថ្ងៃអង្គារទី២ អាជ្ញាធរខេត្តកំពតក៏បានរារាំងប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីក្នុងខេត្តនោះមិនឲ្យជួបលោកនាយករដ្ឋមន្រ្តីផងដែរ ក្រោមហេតុផលរក្សារសណ្តាប់ធ្នាប់។

កាលពីថ្ងៃទី២ ខែសីហា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចុះជួបពលរដ្ឋតាមមូលដ្ឋាននៅខេត្តកំពត និងបន្តដំណើរខេត្តព្រះសីហនុនៅថ្ងៃពុធទី៣។

តំណាងពលរដ្ឋមានជម្លោះដីក្នុងខេត្តកំពតលោក សោម សៀន ប្រាប់វីអូឌីនៅថ្ងៃពុធទី២នេះថា ពួកគាត់មានគ្នាប្រមាណ៥០នាក់បានស្កាត់ជួបលោកនាយករដ្ឋ ហ៊ុន សែន ដើម្បីសុំឲ្យលោកជួយដោះស្រាយជម្លោះដីធ្លី ប៉ុន្តែត្រូវសមត្ថកិច្ចរារាំងនិងសម្លុតគម្រាមកំហែងមិនឲ្យចូលជិតនោះទេ។

លោកបញ្ជាក់ថា៖ “គេ(សមត្ថកិច្ច)រារាំងគ្រប់កន្លែងអត់បានចូល ហើយប្រជាជនគ្នាខ្លាច គ្នាញញើតដល់អញ្ចឹងខ្លាចគេធ្វើបាបទៀត ដ៏អញ្ចឹងអត់ហ៊ានតទៅទៀតនាំគ្នាផ្អាក់ទៅឥលូវគិតអីមិនចេញទេ”។

នាយកលេខាធិកាដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា លោកនាយករដ្ឋមន្រ្តីចុះជួបប្រជាពលរដ្ឋតាមមូលដ្ឋានគឺ ដើម្បីចង់ដឹងពីទុក្ខលំបាករបស់ពលរដ្ឋ និងដើម្បីធ្វើការដោះស្រាយបញ្ហាជូន។ លោកថាការដែលមន្រ្តីក្រោមឧវាទរារាំងបែបនេះ គឺជាការប្រមាទដល់លោកនាយករដ្ឋមន្រ្តី។

លោក សៀ ភារម្យ បន្ថែមថានេះមិនមែនជាលើកទីមួយទេដែលមន្រ្តីក្រោមឧវាទរបស់លោកនាយករដ្ឋមន្រ្តីរារាំងអ្នកមានជម្លោះដីធ្លីមិនឲ្យបង្ហាញបញ្ហាលំបាករបស់ខ្លួននោះ។

លោកបានស្នើឲ្យលោកនាយកមន្រ្តីត្រូវដាក់ទោសទណ្ឌដល់មន្រ្តីថ្នាក់ក្រោមណាដែលបន្តធ្វើបែបនេះទៀត។

គួររំលឹកផងដែរថាកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ អាជ្ញាធរខេត្តសៀមរាបក៏បានរារាំងប្រជាពលរដ្ឋមានជម្លោះដីធ្លីមិនឲ្យជួបលោកនាយករដ្ឋមន្រ្តី ខណៈពេលដែលលោកចុះជួបពលរដ្ឋក្នុងខេត្តនោះ។

លោក ហ៊ុន សែន បានប្រកាសធ្វើយុទ្ធនាការចុះជួបពលរដ្ឋនៅតាមមូលដ្ឋានចំនួន២៥ខេត្ត-រាជធានី ក្នុងគោលបំណងដើម្បីជំរុញឲ្យមានអភិបាលកិច្ចល្អ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ