រដ្ឋាភិបាលរងការថ្កោលទោសពីសហគមន៍អន្ដរជាតិ ករណីចាប់ខ្លួនលោក កឹម សុខា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក កឹម សុខា

រដ្ឋាភិបាលកម្ពុជា រងការថ្កោលទោសជាបន្ដបន្ទាប់ ពីសហគមន៍អន្តរជាតិ ក្រោយចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដោយត្រូវបានគេមើលឃើញថា កម្ពុជាកំពុងប្រើប្រាស់យន្ដការបែបផ្ដាច់ការ ប្រឆាំងនឹងគណបក្សនយោបាយ។

ប្រតិកម្មរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្ដរជាតិ បានធ្លាក់មកជាហូរហែរលើរដ្ឋាភិបាល  បន្ទាប់ពីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីយប់ថ្ងៃទី២ ឈានចូល ថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៧ ក្រោមការបញ្ជាផ្ទាល់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។

ភ្លាមៗ ក្រោយការចាប់ខ្លួននេះ គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសការចោទប្រកាន់នេះថា ធ្វើឡើងក្រោមហេតុផលនយោបាយ បំពានរដ្ឋធម្មនុញ្ញ និងទទូចឲ្យដោះលែង លោក កឹម សុខា ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។

កាលពីម្សិលមិញ ក្រសួងការបរទេសអាមេរិក បានបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំង ដោយហៅការចាប់ខ្លួននេះ ថា បង្កប់ហេតុផលនយោបាយ ដោយថា ការបោះឆ្នោតនាឆ្នាំ២០១៨ នឹងពិបាកក្នុងការទទួលយក។ ក្រសួងការបរទេសអាមេរិក អះអាងថា លោក កឹម សុខា ជាបុគ្គលស្អាតស្អំ មានការទទួលស្គាល់ពីសហគមន៍អន្ដរជាតិ ក្នុងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដោយអហិង្សា។

ក្នុងសេចក្ដីថ្លែងការណ៍មួយទៀត កាលពីថ្ងៃអាទិត្យម្សិលមិញ សហភាពអឺរ៉ុប ហៅការចាប់ខ្លួន លោក កឹម សុខា ថា ធ្វើឡើងដោយរំលោភបំពានអភ័យឯកសិទ្ធិសភា និងអំនាវនាវឲ្យដោះលែងប្រធានគណបក្សប្រឆាំងរូបនេះជាបន្ទាន់ ដោយថា ដំណើរការបោះឆ្នោត ឆ្នាំ២០១៨ អាចទទួលយកបាន លុះត្រាមានការចូលរួមពីគ្រប់គណបក្សនយោយបាយ អង្គការសង្គមស៊ីវិល និងបណ្ដាញសារព័ត៌មាន។

បន្ថែមពីនេះទៀត អង្គការវេទិកាអាស៊ានស្ដីពីសិទ្ធិមនុស្សនិងការអភិវឌ្ឍន៍ (FORUM ASIA) ក៏ចូលរួមអំពាវនាវ ដោះលែងលោក កឹម សុខា ផងដែរ ដោយថា ការចាប់ខ្លួននេះ ធ្វើឡើងដោយគ្មានដីកាពីតុលាការ និងថា វីដេអូ ដែលគេចោទនោះ រងការរិះគន់ថា មានការកាត់តយ៉ាងច្រើន។

ចំណែកសហព័ន្ធខ្មែរអូស្ដ្រាលីសាជីវកម្ម រិះគន់ថា ការចាប់ខ្លួននេះ ជាការបំបិទសំឡេងប្រឆាំង និងបង្ហាញថា លោក ហ៊ុន សែន កំពុងក្រាញអំណាច មុនការបោះឆ្នោតឆ្នាំ២០១៨ មកដល់។

លោក កឹម សុខា ត្រូវបានចាប់ខ្លួនបញ្ជូនទៅពន្ធនាគារត្រពាំងថ្លុង ជាប់ព្រំដែនវៀតណាម កាលពីពាក់កណ្តាលយប់ថ្ងៃអាទិត្យ តាមបញ្ជាលោក ហ៊ុន សែន ដោយចោទថា ប្រព្រឹត្តអំពើក្បត់ជាតិ និងចារកម្មឃុបឃិតជាមួយបរទេស ផ្ដួលរំលំរដ្ឋាភិបាល។

ការចោទប្រកាន់នេះ រដ្ឋាភិបាលសំអាងលើវីដេអូឃ្លីបមួយ ចុះផ្សាយដោយបណ្ដាញ CBN នៅប្រទេសប្រទេសអូស្ដ្រាលី កាលពីឆ្នាំ២០១៣ ខណៈលោក កឹម សុខា កំពុងសំណេះសំណាងជាមួយអ្នកគាំទ្រ និងនិយាយអំពី ការផ្លាស់ប្ដូរបែបលទ្ធិប្រជាធិបតេយ្យ ដោយមានការជួយជ្រោមជ្រែងផ្នែកបច្ចេកទេស និងទ្រឹស្ដី ពីសហរដ្ឋអាមេរិក និងអូស្ដ្រាលី។

ការចាប់ខ្លួនលោក កឹម សុខា ធ្វើឲ្យមានចម្ងល់ និងប្រតិកម្មរិះគន់ទាំងទិដ្ឋភាពផ្លូវច្បាប់ និងនយោបាយ។

ក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយកាលពីថ្ងៃទី៣កញ្ញា រដ្ឋាភិបាលបានហៅការឃុបឃិតគ្នាជាសម្ងាត់នេះថា ជាបទល្មើសជាក់ស្ដែង (អំពើក្បត់ជាតិ) តាមបទ​បញ្ញត្តិនៃមាត្រា ៤៤៣ និងផ្នែកទី​មួយស្ដីពីអំពើក្បត់ជាតិ  និងអំពើចារកម្ម និង​ជំពូកទី២ ស្ដីពីការប៉ះពាល់ដល់​សន្តិសុខរដ្ឋ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្ដិភាព បានព្យាយាមបកស្រាយការពារចំណាត់ការរបស់រដ្ឋាភិបាល ថា ត្រឹមត្រូវតាមនីតិវិធីច្បាប់ បើទោះជា ធ្វើឡើងលើសមាជិកសភា មានអភ័យឯកសិទ្ធិ និងនៅពេលយប់ក៏ដោយ។ នេះដោយយោងតាមគេហទំព័រហ្វេសប៊ុករបស់លោក។

លោក កឹម សុខា គឺជាមនុស្សទី៣ ដែលត្រូវបានរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារ បន្ទាប់ពីលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ដោយចោទពីបទ «ផលិតគ្រឿងញៀន» និងលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដោយចោទពីបទ «ប្រមាថកងទ័ពជាតិ» និងប្រមាថព្រះមហាក្សត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ