លោក សម រង្ស៊ី៖ ការចោទប្រកាន់គ្មានមូលដ្ឋាន មកលើលោក កឹម សុខា

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ (ហ្វេសប៊ុកលោក សម រង្សីុ)

លោក សម រង្ស៊ី បានហៅការចាប់ខ្លួន លោក កឹម សុខា តាមការបញ្ជារបស់លោក ហ៊ុន សែន កាលពីពាក់កណ្តាលយប់ថ្ងៃទី ៣ខែកញ្ញានេះថា គឺ«ជាលេស ដើម្បីកម្ចាត់ក្បាលម៉ាស៊ីន គណបក្សប្រឆាំង មិនដល់មួយឆ្នាំផង មុនការបោះឆ្នោតជាតិ ដែលគ្រោងរៀបចំឡើង នៅខែកក្កដា ២០១៨»។

តាមហ្វេសប៊ុក លោក សម រង្ស៊ី សរសេរថា ការចោទប្រកាន់ពីបទ “ក្បត់ជាតិ និងឃុបឃិតជាមួយបរទេស ដើម្បីបង្កើតឲ្យមានប្រទូស្តរ៉ាយ និងផ្តួលរំលំរដ្ឋាភិបាល” លោកថា«ការចោទប្រកាន់បែបនេះ គ្មានមូលដ្ឋានទាល់តែសោះ ពីព្រោះខ្ញុំបានធ្វើជាប្រធានគណបក្សសង្គ្រោះជាតិ តាំងពីថ្ងៃបង្កើតគណបក្សនេះ ក្នុងខែមេសា ២០១៣ រហូតដល់ថ្ងៃលាលែងរបស់ខ្ញុំ ក្នុងខែកុម្ភៈ ២០១៧»។

លោក សម រង្ស៊ី បានបន្តចោទជាសំណួរជាច្រើនថា តើជា “អំពើក្បត់ជាតិ” ឬ ការដែលយើងគ្រាន់តែចង់ឲ្យមានការផ្លាស់ប្តូរ តាមបែបបទប្រជាធិបតេយ្យ ហើយព្យាយាមសម្រេចគោលដៅនេះ ដោយអហិង្សា និងសន្តិវិធី តាមរូបភាព ការដួលរលំជញ្ជាំងទីក្រុង ប៊ែរឡាំង នៅឆ្នាំ ១៩៨៩ និងការដួលរលំអំណាចផ្តាច់ការជាច្រើន ក្នុងពិភពលោក ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ និងឆ្នាំ ២០០០?

តើជា “ការឃុបឃិតជាមួយបរទេស” ឬ ការដែលយើងស្វែងរកសាមគ្គីភាព ពីអ្នកប្រជាធិបតេយ្យទាំងអស់ ក្នុងពិភពលោក ដែលមានជំនឿលើគុណតម្លៃជាសកល ចំពោះលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស?

តើជា “អំពើក្បត់ជាតិ និងការឃុបឃិតជាមួយបរទេស” ឬ ការដែលខ្ញុំបានទទួល នៅគេហដ្ឋានរបស់ខ្ញុំ នៅទីក្រុងភ្នំពេញ ក្នុងខែធ្នូ ២០១៤ លោក Rajmohan Gandhi ដែលជាចៅបង្កើតរបស់លោក Mahatma Gandhi អមដំណើរដោយលោក Dinesh Patnaik ដែលជាឯកអគ្គរដ្ឋទូតប្រទេសឥណ្ឌា ប្រចាំប្រទេសកម្ពុជា ដើម្បីស្នើសុំដំបូន្មាន ស្តីពីរបៀបដោះស្រាយវិវាទ ដោយសន្តិវិធី តាមការប្រៀនប្រដៅរបស់លោក Mahatma Gandhi?

តើជា “អំពើក្បត់ជាតិ និងការឃុបឃិតជាមួយបរទេស” ឬ ការដែលគណបក្សសង្គ្រោះជាតិ បានរៀបចំនៅទីស្នាក់ការរបស់ខ្លួន នៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ ២០១៣-២០១៤ សិក្ខាសាលាលំហាត់ ស្តីពីរបៀបតស៊ូដោយសន្តិវិធី ដែលមានអ្នកជំនាញឥណ្ឌាម្នាក់ ឈ្មោះ Raju Bhagwat ពីអង្គការក្រៅរដ្ឋាភិបាលមួយ ជាគ្រូបង្ហាត់?

លោក ហ៊ុន សែន បានចោទប្រកាន់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិថា «ក្បត់ជាតិ»ដោយ​យោងលើ​វីដេអូមួយដែលសារព័ត៌មានគាំទ្ររដ្ឋាភិបាលទើបយកផ្សាយនៅពេល​ថ្មីៗ ទាក់​ទងនឹងការ​ថ្លែងរបស់​លោក កឹម សុខា នៅក្រៅប្រទេសកាលពីឆ្នាំ២០១៣ថា លោកទទួលបានការ​បណ្តុះ​បណ្តាល​ពីអាមេរិកឲ្យមានការផ្លាស់ប្តូរមេដឹកនាំនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ