កសិករមួយចំនួននៅខេត្តបាត់ដំបងថាស្រូវនៅតែបន្តធ្លាក់ថ្លៃ ទោះបីជារដ្ឋាភិបាលប្រកាសទប់ស្កាត់

កសិករមួយចំនួននៅខេត្តបាត់ដំបងឲ្យដឹងថាស្រូវនៅតែបន្តធ្លាក់ថ្លៃ បើទោះបីជារដ្ឋាភិបាលបានបញ្ចេញសាច់ប្រាក់ដើម្បីចូលរួមក្នុងការទប់ទល់នឹងការធ្លាក់ចុះនៃតម្លៃស្រូវឆ្នាំនេះក៏ដោយ។

កាលពីថ្ងៃទី១៥ ខែកញ្ញា រដ្ឋាភិបាលបានប្រកាសបញ្ចេញប្រាក់២៧លានដុល្លារសម្រាប់ទប់ស្កាត់ការធ្លាក់ចុះតម្លៃស្រូវនិងជំរុញការទិញស្រូវក្នុងស្រុក ខណៈដែលស្រូវធ្លាក់ចុះតម្លៃហើយមានការតវ៉ាពីកសិករនៅខេត្តបាត់ដំបង។

កសិករនៅឃុំខ្នាយរមាស ស្រុកបវិល ខេត្តបាត់ដំបង លោក ង៉ា វីណា ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថា ស្រូវសែនក្រអូប ដែលសើម ឈ្មួញឲ្យតម្លៃត្រឹមតែ៥៨ម៉ឺនប៉ុណ្ណោះក្នុងមួយតោន។ លោកថា រោងម៉ាស៊ីននិងអ្នកទិញស្រូវមួយចំនួនពេលចុះទិញដល់ស្រែគឺឲ្យតម្លៃថោកដូចឈ្មួញកណ្តាលដែរ។

លោកបន្ថែមថា ពួកគាត់គ្មានជំរើស បើមិនលក់ទេស្រូវនឹងខូច ហើយម្យ៉ាងទៀតគឺត្រូវការលុយសងថ្លៃឈ្មួលច្រូតនិងថ្លៃភ្ជួរដីជាដើម។

លោកថ្លែងថា៖ “រដ្ឋាភិបាលផ្តល់លុយម៉ាសន្ធឹកមកឲ្យប្រជាជន ប៉ុន្តែតម្លៃស្រូវកាន់តែថោកដដែលហ្នឹង តាំងពី៧០ម៉ាសារីតវ៉ាហ្នឹងមិនធ្លាក់៦០ជាង ដល់តវ៉ាៗមានរដ្ឋាភិបាល[ចេញ]លុយមកអញ្ចឹង ឡើង។ ដល់ពេលនេះបែរជានៅ៥០ជាង ឮថានៅថ្ងៃភ្ជុំហ្នឹង គ្មានអ្នកណាទិញទៀត។ អញ្ចឹងខ្ញុំមិនដឹងថាម៉េចដែរ ម្សិលមិញបាន៥៨[ម៉ឺន១តោន]ស្រូវសែនក្រអូប“។

ចំណែកកសិករម្នាក់ទៀតនៅស្រុកថ្មគោល លោក ម៉ក ទុំ ឲ្យដឹងថាដោយសារតែលោកត្រូវការលុយ លោកបង្ខំលក់ស្រូវមុនភ្ជុំ២ថ្ងៃបានតម្លៃពី៦០ម៉ឺនទៅ៧៥ម៉ឺនប៉ុណ្ណោះក្នុងមួយតោនសម្រាប់ស្រូវក្រអូបស្ងួត។

លោកថាកាលពីរដ្ឋាបាលប្រកាសឲ្យទប់ស្កាត់ការធ្លាក់ចុះថ្លៃស្រូវមានខាងរោងម៉ាស៊ីននិងឈ្មួញចុះទិញច្រើនដោយបានតម្លៃជាង៨០ម៉ឺនក្នុងមួយតោន ប៉ុន្តែលោកថាមួយរយៈក្រោយនេះមិនសូវមានឈ្មួញចុះទិញនោះទេ។

លោកថ្លែងថា៖ “កាលពីលើកមុនឃើញឈ្មួញចុះមកទិញច្រើន បានបីបួនថ្ងៃដែរ ហើយដល់ពេលក្រោយមកបាត់ទៅវិញអស់ទៅ ធ្លាក់ថ្លៃមកវិញដដែល។ ឥលូវលក់បានពី៦០ទៅ៧៥ អាស្រូវស្រាសហ្នឹងជិតអស់ហើយ“។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់លើកឡើងថាតម្លៃស្រូវធ្លាក់ថ្លៃដោយសារកត្កាបញ្ហាទីផ្សារអន្តរជាតិមានការធ្លាក់ចុះ ហើយណាមួយឆ្នាំនេះផលិតផលស្រូវមានការកើនឡើងខ្ពស់បើធៀបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។

លោក ហ៊ុន សែន ក៏ធ្លាប់ប្រកាសខ្ចីលុយពីចិន៣០០លានដុល្លារបន្ថែមទៀតសម្រាប់ដោះស្រាយបញ្ហាតម្លៃស្រូវដែលកំពុងធ្លាក់ចុះឲ្យបានប្រសើរឡើងវិញ។

តែទោះយ៉ាងណាបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ជនបទចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ឲ្យដឹងថា ការខ្វះទុនមិនទាន់ជាបញ្ហាសម្រាប់ការជួយទិញស្រូវពីកសិករទេ ដោយថាមានរោងម៉ាស៊ីនច្រើនលើសលប់កំពុងប្រើទុនផ្ទាល់ខ្លួនជួយទិញស្រូវពីកសិករនៅឡើយ។

ធនាគារអភិវឌ្ឍន៍ជនបទបញ្ជាក់ថាក្នុងទឹកប្រាក់២៧លានដុល្លារដែលរដ្ឋាបាលបញ្ចេញដើម្បីទប់ស្កាត់ការធ្លាក់ចុះតម្លៃនោះគិតមកដល់ខែតុលានេះធនាគារទើបតែផ្តល់ឥណទានអស់៨០ម៉ឺនដុល្លារប៉ុណ្ណោះដល់រោងម៉ាស៊ីន និងក្រុមអ្នកប្រមូលទិញស្រូវ។

អគ្គលេខាធិការសម្ព័ន្ធនៃសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថាបើមានការធ្លាក់ចុះតម្លៃស្រូវវិញដូចការលើកឡើងរបស់កសិករមែននោះ រដ្ឋាភិបាលគួរតែពិនិត្យឡើងវិញលើយន្តការទប់ស្កាត់ការធ្លាក់ចុះតម្លៃស្រូវនេះ។

លោកថ្លែងថា៖ “អញ្ចឹងវិធានការហ្នឹងត្រូវពង្រឹងឡើងវិញ កុំធ្វើតែមួយភ្លេតឲ្យតែបញ្ជប់ពេលកសិករខឹង ស្រាប់តែក្រោយមកវិធានការហ្នឹងកើតឡើងដដែល អញ្ចឹងរដ្ឋាភិបាលគួរចាត់វិធានការហ្នឹងឲ្យឆ្លើយតបនឹងកសិករ“។

គួររំលឹកថាកាលពីថ្ងៃទី១៨ ខែកញ្ញា កសិករប្រមាណ១ពាន់នាក់នៅស្រុកសង្កែ ខេត្តបាត់ដំបង បាននាំគ្នាចាក់ស្រូវប្រមាណ៣០០គីឡូក្រាមបិទផ្លូវជាតិលេខ៥ ដើម្បីតវ៉ាទាមទារឲ្យរដ្ឋាភិបាលជួយដោះស្រាយរកទីផ្សារសម្រាប់លក់ស្រូវរបស់ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ