ក្រសួងនឹងបិទលេខទូរសព្ទ​ដែលមិនមានឯកសារសម្គាល់នៅត្រឹមខែវិច្ឆិកា

ក្រសួងពាក់ព័ន្ធប្រកាសថានឹងបិទលេខទូរសព្ទមិនឲ្យប្រើប្រាស់កើត ចំពោះអ្នកដែលទិញលេខ មិនបានប្រើប្រាស់ឯកសារបញ្ជាក់អត្តសញ្ញាណ ដោយអះអាងថាដើម្បីការពារសន្តិសុខសុវត្ថិភាពជាតិ។

នៅក្នុងសេចក្តីណែនាំរបស់និយ័តករទូរគមនាគមន៍កម្ពុជាចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា បានបញ្ជាក់ថាកិច្ចប្រជុំអន្តរក្រសួងមានក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា បានសម្រេចឲ្យស៊ីមកាតឬលេខទូរសព្ទទាំងអស់ត្រូវមានអត្តសញ្ញាណសម្គាល់ត្រឹមថ្ងៃទី១ ខែវិច្ឆិកា។

សេចក្តីណែនាំនោះបានប្រាប់ឲ្យអ្នកចែកចាយឬលក់លេខទូរសព្ទទាំងអស់ រំឭកឲ្យអ្នកប្រើប្រាស់ឲ្យផ្តល់ឯកសារសម្គាល់លេខនោះ ហើយថាបើការរំឮកនិងបិទបណ្តោះអាសន្ន ហើយអ្នកប្រើប្រាស់មិនព្រមផ្តល់ឯកសារសម្គាល់ទៀតនឹងត្រូវបិទលេខនោះទាំងស្រុងតែម្តង។

ឯកសារសម្គាល់ដែលក្រសួងតម្រូវនោះមាន ពលរដ្ឋទូទៅគឺអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ចំពោះអ្នកប្រើលេខស្ថាប័នមានការបញ្ជាក់ពីស្ថាប័ន ចំពោះព្រះសង្ឃប្រើសង្ឃដីកា និងចំពោះជនបរទេសប្រើលិខិតឆ្លងដែននិងទិដ្ឋការស្នាក់នៅ។

របាយការណ៍របស់និយ័តករទូរគមនាគមន៍កម្ពុជាបានឲ្យដឹងថា បច្ចុប្បន្នមានលេខទូរសព្ទដែលកំពុងដំណើរការ ហើយមិនបានដាក់សម្គាល់អត្តសញ្ញាណនោះមាន៧ទៅ៨ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ