សពព្រះសង្ឃ សំ ប៊ុនធឿន នឹងត្រូវបូជានៅចុងឆ្នាំនេះ

សពព្រះតេជគុណព្រះធម្មវិបស្សនា សំ ប៊ុនធឿន ដែលត្រូវបានឃាតករបាញ់សម្លាប់កាលពីជាង១០ឆ្នាំមុន នឹងត្រូវបូជានៅដើមខែធ្នូ ឆ្នាំ២០១៦នេះ។

បើយោងតាមសេចក្ដីប្រកាស កម្មវិធីបុណ្យនឹងចាប់ផ្ដើមពីថ្ងៃទី១ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ នៅពុទ្ធមណ្ឌលសន្តិវ័ន្ត ហៅ «ភ្នំឧត្ដុង្គ» ស្ថិតក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល។ សម្រាប់ការបូជាព្រះសពរបស់ព្រះអង្គនឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃទី៣ ខែធ្នូ។

សពព្រះសង្ឃ សំ ប៊ុនធឿន ត្រូវបានតម្កល់ទុកនៅពុទ្ធមណ្ឌលសន្តិវ័ន្ត ហៅ «ភ្នំឧត្ដុង្គ» អស់រយៈពេល១៣ឆ្នាំមកហើយ ចាប់តាំងពីមានករណីលួចបាញ់សម្លាប់លើព្រះអង្គឲ្យសុគត។

ព្រះអង្គ សំ ប៊ុនធឿន ជាអតីតអធិបតីពុទ្ធមណ្ឌល អគ្គនាយកវិបស្សនាធុរៈសិក្សា និងជាព្រះសង្ឃដ៏លេចធ្លោមួយអង្គនៅក្នុងប្រទេសកម្ពុជា ក្នុងការបដិបត្តិនិងអប់រំព្រះធម៌ពុទ្ធសាសនាតាំងពីឆ្នាំ២០០០មក។

ព្រះអង្គត្រូវបានខ្មាន់កាំភ្លើងលួចបាញ់សម្លាប់ កាលពីថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០០៣ ក្នុងបរិវេណវត្តលង្កា រាជធានីភ្នំពេញ។ ក្រោយហេតុការណ៍បាញ់ប្រហារ ព្រះអង្គត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ និងបានសុគត២ថ្ងៃបន្ទាប់ ក្នុងព្រះជន្ម៤៧ព្រះវស្សា។

បើទោះជាឃាតកម្មនេះបានកន្លងទៅជាង១០ឆ្នាំហើយ តែអាជ្ញាធរនៅមិនទាន់វែកមុខរកឃាតករដែលបានបាញ់សម្លាប់ព្រះអង្គយកមកផ្តន្ទាទោសនៅឡើយ។

កន្លងមក មានករណីឃាតកម្មលើសិល្បករ អ្នកនាង ពិសិដ្ឋ ពិលីកា កញ្ញា ទូច ស៊ុននិច កញ្ញា ពៅ បញ្ញាពេជ្រ អ្នកកាសែតមនសិការខ្មែរ លោក ឃឹម សំបូរ និងកូនប្រុស ឃាតកម្មលើប្រធានសហជីបសេរីកម្មករ លោក ជា វិជ្ជា និងឃាតកម្មលើ លោក កែម ឡី អ្នកវិភាគបញ្ហាសង្គម កាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ