ឧបទ្វីបកូរ៉េកាន់តែតានតឹងខណៈអាមេរិកធ្វើសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង

ភាព​តាន​តឹង​នៅ​លើ​ឧប​ទ្វីប​កូរ៉េ បាន​កើន​ឡើង​ខ្លាំង​កាល​​ថ្ងៃ​ម្សិល​មិញ​នេះ នៅ​មុន​សមយុទ្ធ​យោធា​ដែន​អាកាស​ធំ​បំផុត​​រួម​គ្នា​មួយ​រវាង​អាមេរិក និង​កូរ៉េ​ខាង​ត្បូង ដោយ​ក្រុង​ព្យុងយ៉ាង​បាន​ហៅ​​សម​យុទ្ធ​យោធា​នេះ​ថា ជា​«​សកម្មភាព​បង្ក​ហេតុ​ពេញ​ទី» ដែល​អាច​នាំ​ទៅ​រក​ជម្លោះ​នុយក្លេអ៊ែរ ខណៈ​ដែល​សមាជិក​សភា​អាមេរិក​ម្នាក់់បាន​ព្រមាន​ពី​​កំណើន​នៃ​សង្គ្រាម​ការពារ​ខ្លួន​នៅ​លើ​ឧប​ទ្វី​ប​មួយ​នេះ។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

យោង​តាម​សេចក្ដី​រាយការណ៍ AFP សម​យុទ្ធ​យោធា​រយៈ​ពេល ៥​ថ្ងៃ​ដែល​នឹង​មាន​ការ​ចូល​រួម​ពី​យន្តហោះ​យោធា​ប្រហែល ២៣០​គ្រឿង ក្នុង​នោះ​មាន​ទាំង​យន្តហោះ​ចម្បាំង F-22 ផង​ដែរ​នោះត្រូវ​​ចាប់​ផ្ដើម​នៅ​ថ្ងៃ​នេះ ពោល​គឺ​តែ ៥​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​មីស៊ីល​អន្តរ​ទ្វីប ដែល​ត្រូវ​បាន​គេ​ជឿ​ថា អាច​វាយ​ប្រហារ​ដល់​ទឹក​ដី​អាមេរិក។

កាសែត​កូរ៉េ​ខាង​ជើង​ឈ្មោះ រ៉ូដុង បាន​ថ្កោល​ទោស​ចំពោះ​សមយុទ្ធ​យោធា​ដ៏​ធំ​មិន​ធ្លាប់​មាន​មួយ​នេះ។

ក្នុង​អត្ថបទ​វិចារណកថា​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ កាសែត​រ៉ូដុង បាន​ចុះ​ផ្សាយ​ថា សមយុទ្ធ​នេះ គឺ​ជា​សកម្មភាព​បង្ក​ហេតុ​ពេញ​ទី និង​ដោយ​ចំហរ​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង ដែល​អាច​នាំ​ទៅ​រក​សង្គ្រាម​នុយក្លេអ៊ែរ​ភ្លាមៗ។

កាសែត​ដដែល​នេះ បាន​ចុះ​ផ្សាយ​បន្ត​ថា អាមេរិក និង​ប្រទេស​អាយ៉ង​កូរ៉េ​ខាង​ត្បូង នឹង​ចាំ​ថា សមយុទ្ធ​យោធា​ដែល​សំដៅ​លើ​កូរ៉េ​ខាង​ជើង គឺ​ជា​ទង្វើ​ឆ្កួត​លីលា ស្មើ​នឹង​ការ​បំផ្លាញ​ខ្លួន​ឯង។

កាសែត​កូរ៉េ​ខាង​ជើង​មួយ​នេះ បាន​ចុះ​ផ្សាយ​ដូច្នេះ មួយ​ថ្ងៃ​ក្រោយ​ពី​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង បាន​ចោទ​រដ្ឋបាល​ប្រធានាធិបតី ដូណាល់ ត្រាំ ថា «បង្ក​សង្គ្រាម​នុយក្លេអ៊ែរ» តាម​រយៈ​ការ​បង្កើត​នូវ​អ្វី​មួយ​ដែល​កូរ៉េ​ខាង​ជើង​ហៅ​ថា សម​យុទ្ធ​កង​ទ័ព​អាកាស​ដ៏​ឆ្កួត​លីលា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ