រដ្ឋាភិបាលចល័តរថពាសដែករំឭកខួប៧មករា ខណៈអ្នកវិភាគថាជាការគំរាមផ្នែកនយោបាយ

ក្រសួងការពារជាតិបានបញ្ចេញរថពាសដែកនិងរថយន្តយោធាមួយចំនួនពីបន្ទាយមកតាំងពិព័រណ៍នៅ​កោះ​ពេជ្រចាប់ថ្ងៃព្រហស្បតិ៍នេះ ដោយថាដើម្បីរៀបចំតាំងពិព័រណ៍កីឡាកងយោធពលខេមរភូមិន្ទនិង​រំឭក​​​ខួប​ថ្ងៃ​ជ័យ​ជម្នះ​​​​៧​ម​ក​រា ដែលជាថ្ងៃផ្តួលរំលំរបបខ្មែរក្រហម។

លិខិតជូនដំណឹងរបស់សាលារាជធានីភ្នំពេញបានលើកឡើងថា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ គណៈ​កម្មការ​រៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទនឹងចល័តរថពាសដែកចំនួន២គ្រឿងនិងរថយន្ត​យោ​​​ធា​​ចំនួន១៥គ្រឿងពីកងពលតូចអន្តរាគមន៍លេខ៧០ ឆ្ពោះទៅមជ្ឍមណ្ឌល​សន្និបាតនិ​​ងពិព័រ​ណ៍​កោះ​​​ពេជ្រ។

គណៈកម្មការរៀបចំបញ្ជាក់ថា កម្មវិធីតាំងពិព័រណ៍យុធភណ្ឌយោធានៅកោះពេជ្រនោះ ធ្វើឡើង​ចាប់​ពី​ថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ខែមករា ទើបរថពាសដែកនិងរថយន្តយោធាដែលបានចល័តនោះ ត្រូវបញ្ជូនឲ្យវិល​ត្រ​ឡ​ប់​ទៅរក្សាទុក​នៅ​ក្នុ​ង​ប​ន្ទា​​យ​វិញ។

រដ្ឋាភិបាលបញ្ជាក់ថា ការចល័តយុធភណ្ឌកងទ័ពនេះ ដើម្បីរំលឹកខួបអនុ​ស្សាវ​​រី​​​យ៍​​ទិវាបុ​ណ្យ​​​ជាតិ​​​៧មករានិង បង្ហាញឲ្យសាធារណៈជនយល់ដឹងបន្ថែមទៀតពីតួនាទីនិងភា​​រកិច្ច​រប​​​​​ស់​​​ក​​ងទ័​ព​ដែលបាន​ចូ​​​ល​​​​​​រួមថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិ​ និង​​ស្វែងរកមូលនីធិ​ពីសាធារណជនគាំទ្រដល់​​ស​ក​ម្មភា​ព​​​ស​​​​មាគមអតីតយុទ្ធជនកម្ពុជា។

ចំណែ​កអ្នកវិភា​គន​យោបាយវិញអះអាងផ្សេងពីនេះ ដោយថាការចល័តយុធភណ្ឌកងទ័ពពេលនេះ ជាការ​បង្ហាញ​សាច់ដំផ្នែកយោធាគំរាមដល់ដំណើរកបោះឆ្នោតទៅវិញទេ។

អ្នក​ឯកទេ​សវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត ចាន់ វិបុល វិភាគថាការចល័តរថពាសដែកពេលនេះបានធ្វើឡើងចំពេលដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់​នៅសល់តែជាង៥ខែទៀតប៉ុណ្ណោះ។

ហើយ​ការប្រា​រព្វខួបនៃថ្ងៃ៧មករាកន្លងទៅ លោកថារដ្ឋាភិ​បា​ល​មិនដែលបានចល័តរថពាសដែកឬធ្វើ​​ពិធីតាំង​​ពី​​ព័រណ៍យុធភណ្ឌកងទ័ពនៅកណ្តាលក្រុងដូចនេះទេ។

លោក ​​ចាន់ វិបុល រំលឹកថា មេដឹកនាំបក្សកាន់អំណាចធ្លាប់បានគំរាមញឹកញាប់ថា បើ​ចា​​ញ់​​​ឆ្នោ​​តនឹង​មានសង្គ្រាមកើតឡើង ដូចនេះលោកថាចង់មិនចង់ការចល័តរថពាសដែកនៅពេលនេះ អា​ច​ធ្វើឲ្យ​ម​ជ្ឈ​ដ្ឋានមួយចំនួនយល់ថា ជាការបង្ហាញសាច់ដុំផ្នែកយោធាច្រើនជាងការស្វែ​ងរកមូ​លនីធិ​ស​​​ម្រា​​ប់ជួ​​យកង​ទ័ព​ដូចការអះអាង។

លោកថា៖ «៧មករាមានជារៀងរាល់ឆ្នាំ។ អញ្ចឹងបើការរៀបចំ [តាំងពិព័រណ៍យុធភណ្ឌកងទ័ព] តែឆ្នាំនេះ ចង់​មិនចង់​នាំឲ្យមានការសង្ស័យហើយ បើទោះបីរដ្ឋាភិបាលលោកខំព្យាយាមបង្ហាញពីហេតុផលផ្សេង ដូចការ​ធ្វើ​ស​ម​​យុទ្ធដែល​គាត់ជ្រើសរើសយកទី​តាំងនៅជិតស្នាក់​ការគណប​ក្សសង្គ្រោះជា​តិអញ្ចឹង។ អញ្ចឹ​ង​មានន័យថា ​គាត់អាចធ្វើបាន ប៉ុន្តែវាអាចគិតពីពេលវេលា។ អញ្ចឹងបើយើងគិតពីពេ​លវេលា វាអាចប​ង្កើតបានជា​សំណួរ។ហើយសំណួ​រនេះវាអា​ចទាក់​ទងពីការប​ង្ហាញពីសាច់ដុំ ផ្នែកកងកម្លាំងប្រដាប់អាវុធ ដើម្បីឲ្យសាធារណជនហ្នឹងគាត់យល់ច្រឡំឬក៏​ជាការ​ពិត​គាត់​អាចភ័យខ្លាចអញ្ចឹងមែន»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមនិងនយោបាយ លោក គឹម សុខ អះអាងប្រហាក់ប្រហែលដែរថា សម្ភារៈ​យុធភណ្ឌយោធាមានទាំងរថពាសដែកផងទៅដល់ទីណាមានឥទ្ធិពលដល់ទីនោះ។ លោកថាដូច​ជា​ការច​ល័ត​​កម្លាំងទាំងនេះទៅសមរភូមិ មានឥទ្ធិពលទៅលើខ្មាំងសត្រូវនៅព្រំដែន ជាសារគំ​រាម​កុំឲ្យប្រទេ​សជិត​ខាង​រំលោភបូរណភាពទឹកដី។ លោកវិភាគថា ការចល័តរថពាសដែកនិងសម្ភារៈយោ​ធា​នៅ​ក្នុងក្រុ​ងបែប​នេះ​ ជាសាគំរាមដល់លទ្ធផលបោះឆ្នោតនៅពេលខាងមុខបើមានការប្រប្រួលខ្លាំង។

លោកថា៖ «គេយកថ្ងៃ៧មករាដែលមនុស្សមួយក្រុមគេចាត់ទុកថាជាបុណ្យជាតិហ្នឹង យកមកបង្ហា​ញ​ក​ម្លាំ​ងរ​ប​ស់​​ខ្លួន ដើម្បីប្រាប់ទៅពលរដ្ឋថា គេ[បក្សកាន់អំណាច]នៅមានអំណាចសព្វាវុធ អាចធ្វើអ្វីៗ​បានតា​ម​​​​ចិត្ត។ចំនុចទី១​គេច​ង់បង្ហាញថា កម្លាំងដែលគេមានហ្នឹង គេអាចចល័តបាននៅគ្រប់ទីកន្លែង ទោះបីត្រូវកា​ត់​ទី​ក្រុង​ក៏​​ដោ​​យ ក៏អត់មានរាំងស្ទះដល់អំណាចរបស់គេបែបយោធាទេ»។

ទោះជាយ៉ាងណា គណៈកម្មការរៀបចំ​ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទបានបញ្ជាក់ដែរថា ការ​តាំង​ពិ​ព័រណ៍សម្ភារៈយុធភណ្ឌដែលធ្វើឡើងនៅកោះពេជ្រនោះ ក៏មានកម្មវិធីប្រគុំតន្ត្រីកំដផងដែរ។

លោក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ក្នុងពិធី ក្រុងពាលីដើម្បីបើកប្រកួតកីឡាកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៥ ខែមករា នេះថា ការដាក់តាំងពិព័រណ៍សម្ភារៈយោធានេះមិនមែនជាការគំរាមគំហែងអ្វីនោះទេ។

ប៉ុន្តែ​​អ្នកវិភាគថា​ រដ្ឋាភិបាលគួរតែបង្ហាញសាច់ដុំផ្នែកកងទ័ពនេះនៅតាមព្រំដែនវិញ ដើម្បីកុំឲ្យ​ទេសជិតខាង ឈ្លានពានទឹកដីនោះ​ទើបមា​នការគាំ​ទ្រពីមហា​​ជន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ